អានតួអត្ថបទ
កម្ពុជា

អ្នក​តវ៉ារឿងដីធ្លី​បិទ​ផ្លូវជាតិ​៤៨ទៅ​កាន់​កោះកុង​ ក្រោម​តំណក់​ទឹកភ្លៀង​ច្រើន​ម៉ោង

ប្រជាពលរដ្ឋ​ច្រើន​រយនាក់​បាន​បិទផ្លូវជាតិ​លេខ​៤៨​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង តាំង​ពី​ម៉ោង​ជាង​១០ព្រឹក​​​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។ រថយន្ត​រាប់រយគ្រឿង​បាន​ជាប់គាំង​នៅ​លើ​ទ្រូង​ផ្លូវ​ក្នុង​ស្រុកស្រែ​អំបិល​ខេត្ត​កោះកុង​។ មូលហេតុ​គឺ​ដោយសារ​ ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន លោក ឧកញ៉ា លី យ៉ុងផាត់ ពី​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​។

ផ្សាយពាណិជ្ជកម្ម

 

មួយ​ថ្ងៃ​ក្រោយ​ការ​បញ្ចប់​ទស្សនកិច្ច​របស់​លោក ​សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​អំបិលខេត្ត​កោះកុង​ច្រើនរយនាក់បាន​នាំគ្នា​តវ៉ា​បិទផ្លូវជាតិ​លេខ​៤៨​​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង​ក្រោម​តំណក់​ទឹកភ្លៀង​ជា​ច្រើនម៉ោង។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់​នៅ​ថ្ងៃទី​១២​ខែ​ឧសភានេះ​គឺ​ធ្វើឡើង​តាម​របៀប​ស្រាក់​ដៃគ្នា​ឈរ​កាត់​ទទឹង​ផ្លូវ​តែម្តង​។ ការតវ៉ា​បាន​ចាប់​ផ្តើម​ឡើង​នៅ​ម៉ោង​ជាង​១០​កាល​ពីព្រឹក​មិញ ​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ រថយន្ត​រាប់រយ​​គ្រឿង​បាន​កក​ស្ទះ​ទាំង​សងខាង​ផ្លូវ ​ពី​ភ្នំពេញ​ទៅ​កោះ​កុង​និង​ពី​កោះកុង​មក​ភ្នំពេញ។ រថយន្ត​ភាគ​ច្រើន​គឺ​ជា​រថយន្ត​ទេសចរណ៍។ នេះ​បើយោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ប្រាប់​កាល​ពី​ព្រឹកមិញ។

ការ​បិទ​ផ្លូវ​នេះ​គឺ​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដាំ​អំពៅ​របស់​​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​។ ប្រជាជន​បានចោទ​ថា ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​របស់​ពួកគាត់​តាម​រយៈ​ដី​សម្បទានសេដ្ឋកិច្ច​នេះ។ ជម្លោះ​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ដែល​មាន​វត្តមាន​នៅ​កន្លែងកើត​ហេតុ​ ហើយ​បាន​តាម​ដាន​ការ​តវ៉ា​របស់​ប្រជាជន​នៅ​ក្នុង​ស្រុកស្រែ អំបិល​ខេត្ត​កោះកុង​យ៉ាង​យក​ចិត្ត​ទុកដាក់​នោះ​ បាន​និយាយ​ប្រាប់​តាមទូរស័ព្ទ​មក​ថា៖«ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​នេះ​គឺ​ដោយសារ​ពួកគេ​គ្មាន​ជម្រើស​អ្វីផ្សេង​ទៀត។ ការ​បិទផ្លូវ​នេះ​វា​ប៉ះពាល់​អ្នក​ធ្វើ​ដំណើរ​ខ្លះ​ហើយ ប៉ុន្តែ​ពួកគាត់​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​នេះ​ទេ»។

ក្នុង​រយៈ​ពេលចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​​បាន​ជ្រើសរើស​យក​មធ្យោបាយ​បិទផ្លូវ​ជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ។ ការ​បិទផ្លូវ​គឺ​ជា​វិធានការ​មួយរបស់​ប្រជាពលរដ្ឋ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​អោយ​រក​ដំណោះស្រាយ​ជូន​ពួកគេ​ប៉ុន្តែ​ទង្វើ​នេះ​ទទួល​បាន​ការ​រិះគន់​ពី​សំណាក់​អ្នកជំនាញ​សង្គម​មួយ​ចំនួន​ផង​ដែរ។ រង​ការ​រិះគន់​ពីព្រោះសកម្មភាព​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​មនុស្ស​ផ្សេង​ទៀត​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​ជម្លោះ។

លោក ​សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​និយាយ​កាល​ពី​ម្សិលមិញ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រភេទ​នៃ​ការ​តវ៉ា​មាន​ច្រើន​បែប ជាឧទាហរណ៍ ដូចជា ការ​បិទផ្លូវ​របស់​សហគមន៍​ជា​ដើម តែ​ទង្វើ​នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ដទៃ​ដែល​មិន​ពាក់ព័ន្ធ​នឹង​វិវាទ។

របាយការណ៍​របស់​អង្គការ អាដហុក បាន​បង្ហាញ​កាល​ពី​ពេលថ្មី​កន្លងមកនេះ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង​២​លាន​ហិកតា​ដល់​ក្រុមហ៊ុន​ឯកជន។ រឿង​ដីសម្បទាន​នេះ​គឺ​ជា​ប្រធានបទ​ចម្បង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ។

លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ក្នុង​សប្តាហ៍​នេះ​បាន​ប្រកាស​ថា រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន។ រីឯ​កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយសារ​មាន​ជម្លោះ​ដីធ្លី​កើត​ឡើង​ច្រើន​តាម​រយៈ​ការផ្តល់​ដី​សម្បទាន​នោះ លោក​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន ​បាន​ព្រមានដក​យកដី​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​ម្ចាស់ដី​មិនបាន​ដោះស្រាយ​ជា​មួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​អោយ​បាន​ជ្រះ​ស្រឡះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ