អានតួអត្ថបទ
បារាំង-ម៉ាលី

ក្រុមឧទ្ទាម​អាហ្វ្រិក​ប្រកាស​ថា​ ចំណាប់ខ្មាំង​បារាំង​ Rodrigues​ Leal ​ស្លាប់​បាត់បង់​ជីវិត​

នៅថ្ងៃ​អង្គារ​ម្សិលមិញ ក្រុមឧទ្ទាម​​អាហ្វ្រិក​ខាងកើត ឈ្មោះថា​ ​មូចាវ Mujao បានប្រកាស​ថា ចំណាប់​ខ្មាំង​បារាំង​ Gilberto Rodrigues Leal ហ្ស៊ីលប៊ែរតូ រ៉ូឌ្រីហ្កេ ឡេអាល បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ។ ក្រុម​ឧទ្ទាម​អាហ្វ្រិក​ លើកឡើង​ថា​ ចំណាប់ខ្មាំង​រូបនេះស្លាប់​ គឺ​ដោយសារ​តែ​បារាំង​ជា​​សត្រូវ​របស់​ក្រុមឧទ្ទាម​នេះឯង។ ​ប្រធានាធិបតីបារាំង​​​​បាន​ប្រកាស​តបត​ទៅវិញ​ថា ​បារាំង​មិន​ទុក​អោយ​ទង្វើ​នេះ​រួចផុត​ពី​សំណាញ់​ច្បាប់​នោះទេ។

រូបភាព​លោក ​Gilberto Rodrigues Leal ក្នុង​កណ្តាប់ដៃ​ក្រុមឧទ្ទាម
រូបភាព​លោក ​Gilberto Rodrigues Leal ក្នុង​កណ្តាប់ដៃ​ក្រុមឧទ្ទាម "AFP PHOTO / ALAKHBAR"
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​ម្សិលមិញ​ ​ក្រុមឧទ្ទាម​​អាហ្វ្រិក​ ឈ្មោះថា ​ចលនា​ដើម្បី​ជីហាដ​អាហ្វ្រិក​ខាងកើត ហៅកាត់ថា ​​មូចាវ Mujao បាន​​ឆ្លើយឆ្លង​ទូរសព្ទ​ជាមួយ​សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ ដើម្បីប្រាប់​ថា ចំណាប់ខ្មាំង​បារាំង​ លោក Gilberto Rodrigues Leal អាយុ​៦២ឆ្នាំ​ បាន​ស្លាប់បាត់បង់​ជីវិត​ហើយ។ មូលហេតុ​គឺ​ដោយសារ​តែ​បារាំង​ជាសត្រូវ​របស់​ក្រុម​ឧទ្ទាម​អាហ្វ្រិក​ខាងកើត​មួយ​នេះឯង។ ប៉ុន្តែ​ ក្រុមឧទ្ទាម​មិនបាន​ប្រាប់ថា ​តើ​​ចំណាប់ខ្មាំង​បារាំង​បាន​ស្លាប់ពេលណា នៅ​ឯណា និង​ក្នុង​​ស្ថានភាពដូចម្តេច​នោះទេ។ ក្រុម​ឧទ្ទាម​អាហ្វ្រិក​ក៏​មិនបាន​​បង្ហាញពី​រូបថត​ រឺ​រូបភាពវីដេអូ ​​ជាភស្តុតាង​បញ្ជាក់​ពី​ការស្លាប់​នេះដែរ។ ទោះ​យ៉ាងនេះក្តី ក្រសួងការបរទេស​បារាំងគិតថា លោកហ្ស៊ីលប៊ែរតូ​ ប្រហែល​ជា​ស្លាប់​បាត់បង់​ជីវិត​មែនហើយ។

លោក Gilberto Rodrigues Leal ហ្ស៊ីលប៊ែរតូ រ៉ូឌ្រីហ្កេ ឡេអាល ត្រូវបាន​​ក្រុមប្រដាប់​អាវុធ​ចាប់​​ចំណាប់ខ្មាំង​ កាលពី​​ថ្ងៃ​២០វិច្ឆិកា ឆ្នាំ​២០១២ នៅ​ភាគខាងលិច​ប្រទេស​ម៉ាលី ខណៈ​ដែល​លោកកំពុង​ធ្វើដំណើរ​​ក្នុង​រថយន្ត​មួយគ្រឿង ចេញ​មក​ពី​ប្រទេស​ម៉ូរីតានី។ ​លោក​ហ្ស៊ីលប៊ែរតូ ស្ថិត​ចំណោម​ចំណាប់ខ្មាំងបារាំង ដែល​នៅ​សេសសល់​ចុងក្រោយ​គេ​ ២នាក់ នៅតំបន់​សាហែល​អាហ្វ្រិក និង​នៅ​ក្នុង​ពិភពលោក។ ប្រធានាធិបតីបារាំង​ហ្វ្រង់ស៊័រ ហូឡង់ បាន ប្រកាសនៅល្ងាច​ម្សិលមិញ​​ថា បារាំង​នឹង​ធ្វើគ្រប់បែបយ៉ាង ដើម្បី​ដឹង​ពី​ការពិត​​នូវ​អ្វីដែល​បាន​កើតឡើង​ចំពោះ​ចំណាប់ខ្មាំង​​ហ្ស៊ីលប៊ែរតូ ហើយ​ទង្វើ​នេះ​មិនអាច​រួចផុត​ពី​សំណាញ់ច្បាប់​នោះទេ។​

ប្រសិន​បើ​លោក​ហ្ស៊ីលប៊ែរតូ ស្លាប់​ពិតមែន ​បច្ចុប្បន្ន បារាំង​នៅសល់​ចំណាប់ខ្មាំងតែ​​ម្នាក់​ប៉ុណ្ណោះ គឺ​លោក​ Serge Lazarevic ស៊ែរហ្សឹ ឡាសារ៉ឺវិច ដែល​ត្រូវ​បាន​គេចាប់​ជា​ចំណាប់ខ្មាំង​ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១១ នៅ​ភាគខាងជើងម៉ាលី។ ​លោក​ស៊ែរហ្សឹ ប្រហែល​នៅ​មាន​ជីវិត​នៅឡើយ​ទេ។

ដោយឡែក​ ក្រុម​ឧទ្ទាម​​ប្រកាស​ពី​ការស្លាប់​របស់​ចំណាប់ខ្មាំង​បារាំង​ហ្ស៊ីលប៊ែរតូ ម្សិលមិញ​នេះ ធ្វើឡើង​តែ​៥ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​​ពេល​អ្នក​សារព័ត៌មាន​​​បារាំង​៤រូប ដែល​ត្រូវបាន​ក្រុមឧទ្ទាម​ជ្រុលនិយម​មួយក្រុម​នៅស៊ីរី ​​ចាប់ជាចំណាប់ខ្មាំង​​​អស់​១០ខែ​នោះ ត្រូវបាន​ដោះលែង។ គេ​មិនដឹង​ថា តើ​ការ​​ប្រកាស​ពី​ការ​ស្លាប់​របស់​ចំណាប់ខ្មាំង​ហ្ស៊ីលប៊េរតូ​​ ​មានជាប់​ទាក់ទង​នឹង​ការដោះលែង​​អ្នកសារព័ត៌មាន​បារាំង​ទាំង​៤រូបនេះ​ រឺក៏យ៉ាង​ណា​​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ