អ៊ីរ៉ង់ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 31 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 31 សីហា 2012

ទោះជា​មាន​​ទណ្ឌកម្ម​​អន្តរជាតិ​​ក៏ដោយ ​​ក៏អ៊ីរ៉ង់​នៅតែ​​ពង្រឹង​​សកម្មភាព​​នុយក្លេអ៊ែរ​​​

លោក​ Yukiya Amano ​អគ្គ​នាយក​​នៃ​ទីភ្នាក់ងារ​​អន្តរជាតិ​​ខាង​ថាមពល​​នុយក្លេអ៊ែរ​​ AIEA​
លោក​ Yukiya Amano ​អគ្គ​នាយក​​នៃ​ទីភ្នាក់ងារ​​អន្តរជាតិ​​ខាង​ថាមពល​​នុយក្លេអ៊ែរ​​ AIEA​
DIETER NAGL / AFP

ដោយ សៀក សារិន

ទោះបីជា​សហគមន៍​អន្តរជាតិ​បាន​ដាក់​ទណ្ឌកម្ម​យ៉ាងណា​ក៏​ដោយ​ ​ ក៏​ប្រទេស​អ៊ីរ៉ង់​នៅតែ​បន្ត​ពង្រឹង​ពង្រីក​ទ្វេ​សកម្មភាព​ចម្រើន​ធាតុ​ uranium ​នៅ​មជ្ឈមណ្ឌល​ ហ្វ័រដូ។​ ហើយបើ​យោងតាម​របាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​នុយក្លេអ៊ែរ​ AIEA ​ដែលបាន​ចោទ​យ៉ាងធ្ងន់ៗ​ទៅលើ​ទីក្រុង​តេហេរ៉ង់​ថា​ បាន​បង្ក​ឧបសគ្គ​ខាឃាំង​ដល់​ការ​ត្រួត​ពិនិត្យ​មើល​របស់​ AIEA ​ នៅ​មជ្ឈមណ្ឌល​ Parchin ​។

សេចក្តីរាយការណ៍របស់សៀក សារិន
 

31/08/2012 by សៀក សារិន

សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ធ្លាប់បាន​រៀបចំ​ឲ្យមាន​ឧបករណ៍​ centrifugeuses ប្រមាណ​២ ០០០​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ហ្វ័រដូ​នៅ​ថ្ងៃទី​១៨សីហា​កន្លងទៅ​ ​ ទល់នឹង​ប្រមាណ​ជា​១ ០០០​នៅខែ​ឧសភា​ ​ នេះ​បើយោងតាម​ឯកសារ​របស់​ ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​នុយក្លេអ៊ែរ​ AIEA ។​ ក្នុង​ចំណោមនេះ​ មាន​ប្រមាណជា​៧០០​កំពុង​មាន​សកម្មភាព​ ​ នេះ​ជាការ​គូស​បញ្ជាក់​បន្ថែម​របស់​ AIEA។

 
សហរដ្ឋ​អាមេរិក​ឯណោះ​បាន​ព្រមាន​ប្រទេស​អ៊ីរ៉ង់ថា​ ​“ពេលវេលា​សម្រាប់​ការរិះរក​ដំណោះស្រាយ​តាម​ផ្លូវទូត​ មាន​កម្រិត”​ ​ នេះជា​សេចក្តី​ប្រកាស​របស់​លោក​ Jay Carney ​អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា។
 
គួរ​កត់​សម្គាល់​ថា​ ​ uranium ​ចម្រើនធាតុ​អាច​ត្រូវ​គេ​យកមក​ប្រើ​សម្រាប់​ផលិត​អគ្គិសនី​ឬ​យកមក​ប្រើ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​សម្រាប់​ព្យាបាល​ជម្ងឺ​មហារីក។​ ក៏​ប៉ុន្តែ​បើគេ​ចម្រើន​ធាតុ​រហូត​ដល់ទៅ​៩០%​ ​ នោះ​គេ​អាច​យកមក​ប្រើ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ។
 
រីឯ​ប្រទេស​លោកខាងលិច​និង​ប្រទេស​អ៊ីស្រាអែល​សង្ស័យ​ទីក្រុង​តេហេរ៉ង់​ថា​ ​កំពុង​បន្ត​សកម្មភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ​ ដោយយក​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មក​ធ្វើ​ជា​រនាំង​សម្រាប់​បិទបាំង។
 
ទីក្រុង​តេហេរ៉ង់​បាន​ឆ្លើយ​បដិសេធ​ការចោទ​ប្រកាន់​ខាងលើនេះ​ជា​ផ្លូវការ។​ សូមបញ្ជាក់ថា​ ​ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ចេញ​សេចក្តី​សម្រេចចិត្ត​៦លើក​រួចហើយ​ប្រឆាំង​នឹង​សកម្មភាព​​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ​ ដែលក្នុង​នោះ​មាន​សេចក្តី​សម្រេចចិត្ត​៤​ដែលមាន​ភ្ជាប់​មក​ជាមួយ​នូវ​ទណ្ឌកម្ម​ ​ ដោយហេតុ​តែ​សកម្មភាព​ចម្រើន​ធាតុ​ uranium ​របស់​ប្រទេសអ៊ីរ៉ង់៕

tags: ទំនាក់ទំនងអន្តរជាតិ - នុយក្លេអ៊ែរ - រុស្ស៊ី - សហភាពអឺរ៉ុប - សហរដ្ឋអាមេរិក - អាមេរិក - អ៊ីរ៉ង់ - អ៊ីស្រាអែល
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close