អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺតម្រងនោម សំងំវិវឌ្ឍ យ៉ាងស្ងាត់ៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តម្រង​នោម​មាន​តួនាទី​ ​រំលាយ ​​ជាតិ​ពុល​ដែល​ជា​​កាក​សំណល់ផលិត​ជា​ធម្មតា​ដោយ​សរីរាង្គ​កាយ និង​ដែល​ពាំនាំ​ដោយ​ឈាម។ សារធាតុ​នេះ​គ្មាន​ប្រយោជន៍ និង​ថែម​ទាំង​អាច​បំពុល​ខ្លួន​ប្រាណ​មនុស្ស​យើង​ផង ប្រសិន​គ្មាន​បញ្ចូន​ចេញ​ពី​ខ្លួន​។ ជា​រៀង​រាល់​ថ្ងៃ​ តម្រង​នោម​ច្រោះ​ឈាម​ប្រមាណ​១៨០​លីត្រ ​និង​បញ្ចេញ​ជា​​ទឹក​នោម​មក​ក្រៅ​ប្រមាណ​ពី​១​លីត្រ​កន្លះ​ទៅ ពីរ​លីត្រ។ មាន​ជំងឺ​ច្រើន​ណាស់​អាច​បង្ក​ និង​បំផ្លាញ​តម្រង​នោម​ ជួន​ដោយ​មាន​ការ​បង្ក​រោគ ជួន​ដោយ​មាន​ដំណើរ​មិន​ប្រក្រតី​លើ​ប្រព័ន្ធ​ការពារ​ខ្លួន​ ជួន​ដោយ​ហេតុ​តែ​បាន​ស្រូប​សារធាតុ​ពុល​ នៃ​ថ្នាំ​ពេទ្យ​។ល។ និង​។ល។ ជំងឺ​សរសៃ​ឈាម​បេះ​ដូង លើស​ឈាម ​ឬ​ទឹក​នោម​ផ្អែម​ ក៏​អាច​ធ្វើ​ខូច​តម្រង​នោម ... គេ​ប៉ាន់​ប្រមាណ​ថា​មាន​ប្រជាជន​ ៥រយ​លាន​នាក់​កើត​ជំងឺ​តម្រង​នោម នៅលើ​ពិភពលោក​បច្ចុប្បន្ន​នេះ​។ 

សារ​អប់រំ "ពិសារ​ទឹក​មួយ​កែវ​ពេល​ភ្ញាក់​ពី​ដំណេក" ដើម្បី​សុខភាព​តម្រងនោម
សារ​អប់រំ "ពិសារ​ទឹក​មួយ​កែវ​ពេល​ភ្ញាក់​ពី​ដំណេក" ដើម្បី​សុខភាព​តម្រងនោម fondation du rein
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​ដោយ​ សាស្រ្តាចារ្យ​ Bruno Moulin ប្រធាន​ផ្នែក​ជំងឺ​តម្រង​នោម​នៅ​មន្ទីរពេទ្យ​ Strasbourg

 
ជា​ជំងឺ​ដែល​មិន​ផ្តល់​រោគ​សញ្ញា​ អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ មុន​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ខ្លាំង​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រូ​ពេទ្យ និង​អ្នក​ជំងឺ​ផ្ទាល់ ទទួល​ព្យាបាល និង​ទៅ​ព្យាបាល​ជំងឺ​ដ៏​ស្ងាត់​ស្ងៀម​មួយ​ក្រុម​នេះ ច្រើន​តែ​ចង់​ហួស​ពេល​បន្តិច​ទៅ​ហើយ។ តាម​ការពិត​ទៅ ប្រសិន​បើ​គេ​អាច​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ជំងឺ​នេះ តាំង​ពី​ដំបូង​ឬភ្លាមៗ ពិនិត្យ​ព្យាបាល​ឱ្យ​ចំ​ទិស​ដៅ និង​ប្រភេទ​ជំងឺ នោះ​គេ​នឹងអាច​បន្ថយ​ល្បឿន​ ឬ​បញ្ឈប់​បាន​ទាំង​ស្រុង​ការ​វិវឌ្ឃន៍​នៃ​ជំងឺ​តែ​ម្តង។

ស្រី​ប្រុស ក្មេងចាស់ ... ជន​ណា​ក៏​អាច​រងគ្រោះ​កើត​ជំងឺ​តម្រង​នោម​ដែរ !

មាន​ជំងឺ​ច្រើន​ណាស់​ដែល​កើត​ឡើង​នៅ​នឹង​តម្រងនោម ឬ​ធ្វើ​ឱ្យ​តម្រង​នោម​ខូច។ ជំងឺ​ទាំង​នោះ​ខ្លះ​បង្ក​មក​ពី​មាន​បង្ក​រោគ មាន​មីក្រុប។ ជំងឺ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​ខ្លួន​​ មាន​ដំណើរ​ការ​ខុស​ពី​ប្រក្រតី​ ដោយ​ប្រការ​ណា​មួយ​ភ្លាម ​​ជា​ហេតុ​ធ្វើ​ឱ្យ​តម្រង​នោម​រង​គ្រោះ ជួន​កាល​តៀត​គឺបណ្តាល​មក​ពី​តម្រង​នោម​បាន​ស្រូប​សារធាតុ​ពុល​​ មាន​អាទិ៍​សារធាតុ​ពុល​ក្នុង​ថ្នាំ។

ជំងឺដែល​ប៉ះពាល់​​ដល់​​​សរសៃ​ឈាម មាន​ជាអាទិ៍​ ឡើង​ឈាម ទឹកនោម​ផ្អែម ក៏​អាច​បំផ្លាញ​តម្រង​នោម​ដែរ។ ការ​បំផ្លាញ​តម្រង​នោម ​គឺ​តា​ម​រយៈ​ការ​បង្ក​ផល​ប៉ះពាល់​បន្តិច​ម្តងៗ ទៅ​លើ​ចំណែក​ណា​មួយ​​នៃ​តម្រង​នោម​​ ដែល​ជា​អ្នក​ចោះ​ឈាម។ តម្រងនោម​ ក៏​លែង​បំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ មិន​អាច​ដំណើរ​ការ​បាន​ដោយ​ពេញ​លេញ។ នៅប្រទេស​បារាំង ករណី​តម្រង​នោម​ធ្លាក់​ក្នុងសភាព​ធ្ងន់​ធ្ងរ​ ព្រោះ​មាន​ដើម​ហេតុ​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​ឡើង​ឈាម បាន​ក្លាយ​ជា​បុព្វហេតុ​ចម្បង ដែល​ជំរុញ​ឱ្យ​មាន​ការ​ព្យាបាល​លាង​ឈាម។​

ជា​ចុងក្រោយ គ្រប់​តម្រង​នោម របស់​គ្រប់​មនុស្ស​ មិន​ថា​ស្បែក​ស ស្បែកខ្មៅ​ ស្បែក​លឿង ស្រី​ ឬ​ប្រុស​ទេ តែង​ចាស់​ទ្រុឌទ្រោម ទៅ​តាម​វ័យ​។​ ចាប់​ពី​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ សមត្ថភាព​តម្រង​នោម​ធ្លាក់​ចុះ ១០% ជា​រៀង​រាល់​១០​ឆ្នាំ។

-វេជ្ជបណ្ឌិត ៖ ជំងឺ​តម្រង​នោម ជា​ឃាតករ​ស្ងាត់ៗ ! ខុស​ពី​ជំងឺ​ផ្សេងៗ​ទៀត តម្រងនោម អាច​សំងំ​វិវឌ្ឍ​ជាជំងឺ​ធ្ងន់​ទៅៗ​ ស្ងៀម​យ៉ាង​យូរ​ វិភាគ​រក​មិន​ឃើញ​ និង​គ្មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ច្បាស់​លាស់ សម្រាប់​គ្រូពេទ្យ ឬ​អ្នក​ជំងឺ​ផ្ទាល់​ជា​មុន​ទេ។ តម្រង​នោម​មាន​ពីរ និង​ជា​សរីរាង្គដ៏​ចាំ​បាច់​បំផុត​របស់​មនុស្ស។ ដោយសារ​តម្រងនោម​នេះ​ហើយ​ទើប​យើង​អាច​រស់​រាន​មាន​ជីវិត​នៅលើ​ដី​បាន។ ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ មក​ពី​ខ្ញុំ​ចង់​ប្រៀប​ធៀប​ អំពី​តួនាទី​ដ៏​សំខាន់​របស់​តម្រង​នោម។ យើង​មើល​ត្រី​ ដែល​​​តម្រងនោម​​មាន​តួនាទី​បឋម​បំផុត ត្រូវ​តែខំស្រូបផឹក​ទឹក​ជាប់​ជា​ប្រចាំ ហើយ​បញ្ចេញ​ចោល​ក៏​ជាប់​ជា​ប្រចាំ​ដែរ។ តែ​មនុស្ស​យើង​វិញ មួយ​ថ្ងៃៗ​ច្រោះ​ទឹកច្រោះ​ឈាម​ជាង​១៨០​លីត្រ តែ​ក៏​ស្រូប​យក​មក​វិញ​ដល់​៩៩,៥%​ ដោយ​បញ្ចេញ​ចោល​តែ​មួ​យ​លីត្រ​កន្លះ​ទៅ​ពីរ​លីត្រ មាន​ន័យ​ថា​យើង​អាច​បំផ្លាញ​សារធាតុ​ពុល​​ចេញ​ពី​ខ្លួន​ដោយ​ចំណាយ​ទឹក​តិច​ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​អាច​រស់​លើ​ដី​ បាន​ មិន​ត្រូវ​ការ​រស់​ក្នុង​ទឹក​ដូច​ត្រី។
 
ចុះ​នៅ​ពេលដែល​តម្រង​នោម​លែង​ដើរ តើ​មនុស្ស​យើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ?
 
- វេជ្ជបណ្ឌិត ៖ បើ​តម្រង​នោម​លែង​ដំណើរ​ការ​ បន្តិច​ម្តងៗ យើង​នឹង​មាន​ស្តុក​សារធាតុ​អំបិល ទឹក​​កាន់​តែ​ច្រើន​ឡើងៗ យើង​នឹង​មាន​សភាព​តាន​តឹង​ជា​លំដាប់​ យើង​នឹង​មិន​អាច​កម្ចាត់​សារធាតុ​ មួយ​ចំនួន ដូច​ជា​សារធាតុ​ប៉ូតាស្យូម​ ... ដោយ​ហេតុ​ថា​តម្រង​នោម​ក៏​មាន​តួនាទី​ផលិត​វីតាមីន​ដេ​សកម្ម​ អ៊ីចឹង​យើង​នឹង​មាន​សុខភាព​ឆ្អឹង​ចុះ​ខ្សោយ​ប្រសិន​បើ​មាន​ជំងឺ​តម្រង​នោម​ ឬ​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម ព្រោះ​ថា​តម្រង​នោម​ក៏​មាន​ចំណែក​ចូល​រួម​ផលិត​អរមូន​។
 
តម្រង​នោម​ជា​ជំងឺ​ស្ងាត់​ៗ អាច​សំងំ​លាក់​ខ្លួន​​យូរ​ខែ​យូរ​ឆ្នាំ​ទម្រាំ​ធ្វើ​ទុក្ខ តើ​មាន​រោគ អាការៈ​សញ្ញា​ណា​មួយ ដែល​អាច​ពញ្ញា្កក់​អារម្មណ៍​​អ្នក​ជំងឺ​ឱ្យ​គិត​គូរ​ពិនិត្យ​សុខភាព​តម្រងនោម ?
 
- វេជ្ជបណ្ឌិត ៖ មូលហេតុ​ដែល​ជំរុញ​ឱ្យ​អ្នក​ជំងឺ​ម្នាក់​ គិត​គូរ​ស្វែង​រក​ពិនិត្យ​តម្រង​នោម​ គឺ​ក្នុង​ករណី​អ្នក​ជំងឺ​មាន​រោគ​ឡើង​ឈាម​ ទឹក​នោម​ផ្អែម​ជាប់​នឹង​ខ្លួន​។ អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ខ្សោយ​តម្រងនោម​ធ្ងន់ធ្ងរ ៥០% មាន​ជំងឺ​ទឹក​នោម​ផ្អៃម​។ អ្នក​មាន​ឪពុក​ម្តាយ​កើត​ជំងឹ​ខ្សោយ​តម្រងនោម និង​អ្នក​មាន​ជំងឺ​មួយ​ចំនួន​ផ្សេងទៀត ដូចយ៉ាង​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារ​ខ្លួន ជំងឺ​បង្ក​រោគ​ រលាក​តម្រងនោម​ញយៗសុទ្ធ​តែងាយ​ផ្តល់​គ្រោះថ្នាក់​ដល់​តម្រង​នោម​ទាំង​អស់​ ព្រមទាំង​មេតាបូលិក​ទៀត។ ជា​ចុង​ក្រោយ​គឺ​អាយុ ! ព្រោះ​តម្រងនោម​ចុះខ្សោយ​ និង​ចាស់​ទ្រុឌទ្រោម​ទៅ​តាម​វ័យ​របស់​មនុស្ស។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ វា​គឺ​ជា​ចាំ​បាច់​ដែល​ត្រូវ​គិត​គូរ​ធ្វើ​តេស្ត វិភាគ​ទឹក​នោម និង​វិភាគ​ឈាម ដើម្បី​បាន​ដឹង​អំពី​ស្ថានភាព​​​​តម្រង​នោម បើ​ទោះ​បី​ជា​គ្មាន​រោគ​សញ្ញា​អ្វី​ក៏​ដោយ ដោយ​មិន​ភ្លេច​ឡើយ​ការ​វាស់​ឈាម។ ​

ជំងឺ​តម្រង​នោម​ដែល​ល្បី​ល្បាញ និង​គួរ​ឱ្យ​ភ័យ​ខ្លាច​ជាង​គេ​ គឺ​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ។ ជំងឺ​នេះ គឺ​ជា​ផល​វិបាក​បន្សល់​ទុក​ពី​​ការ​វិវឌ្ឍ​នៃ​ជំងឺ​ផ្សេង​នៅ​/លើ​តម្រងនោម។ នៅ​ពេល​តម្រង​នោម​​ទាំង​​សង​ខាង លែង​ដំណើរ​ការ​ត្រឹម​ត្រូវ សរីរាង្គ​យើង​ ចាប់​បំពុល​បន្តិច​ម្តងៗ​​ដោយ​កាក​សំណល់​ដែល​លាង​បញ្ចេញ​មិន​អស់។ គេ​អាច​ហៅ​ជំងឺ​ខ្សោយ​តម្រង​នោម​ ថា​រ៉ាំរ៉ៃ ដរាប​ណា​តម្រង​នោម​​បាតបង់​សមត្ថភាព​លែង​បំពេញ​ការងារ​បាន​ជា​លំដាប់ និង​មាន​ដំបៅ​លើ​ ក្នុង​លក្ខណៈមិន​អាច​បក​ក្រោយ (មិន​អាច​ព្យាបាល​ជា)។

ក្នុង​ករណី​ទូទៅ ជំងឺ​នេះ​វិវឌ្ឍ​បន្តិច​ម្តងៗ ធ្ងន់ទៅ​ៗ​ អូស​បន្លាយ​រាប់​ឆ្នាំ។ មនុស្ស​មាន​ផ្ទុក​ជំងឺ​តម្រង​នោម​ អាច​រស់​រាន មាន​សុខភាព​ល្អ​ ដូច​មនុស្ស​ធម្មតា គ្មាន​អ្វី​គួ​រ​ឱ្យ​ចាប់​អារម្មណ៍​ឡើយ បើ​ទោះ​បី​ជា​តម្រង​នោម​នោះ​បាន​ខូច មាន​ជំងឺ មាន​ដំណើរការ​ត្រឹម​តែ​១០​ទៅ​២០% ក៏​ដោយ​ក្តី ទាល់​តែ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ខ្លាំង​ ​គាំង​ស្ទើរលែង​​​ដើរ​តែ​ម្តង ទើប​មាន​លេច​ចេញ​រោគ​សញ្ញា​ខ្លះមក​ក្រៅ​ឱយ​ដឹង។

ជា​លក្ខណៈ​ទូទៅ នៅ​ពេល​តម្រង​នោម​មាន​ដំណើរការ​មិន​ស្រួល​ សរីរាង្គកាយ​មនុស្ស​យើង​អាចទទួល​រង​ផល​វិបាក​មួយ​ចំនួន​ដូច​ជា ៖
-          សំណល់​ជាតិ​ពុល ទៅ​ផ្តុំនៅ​ក្នុង​ឈាម។ អារម្មណ៍​ថា​មាន​ការ​ឈឺ​ចុក​ចាប់​បាន​លេច​ឡើង ចង់​ក្អួត ចង្ហោរ លែង​ឆា្ងញ់​បាយ ពិបាក​ដំណេក
-          អាស៊ីដូស មេតាលិក​ក៏​ស្ថាបនា​ខ្លួន​ឡើង ព្រោះ​តម្រងនោម​លែង​មាន​សមត្ថភាព​រំលាយ​ជាតិ​អាស៊ីតឱ្យ​អស់​ពី​ខ្លួន
-          ខួរ​ឆ្អឹង​ លែង​ផលិត​គ្រាប់​ឈាមក្រហម សំរាប់​ដឹកនាំ​ខ្សល់​អ៊ុកស៊ីសែន​ទៅ​ឱ្យ​ឈាម ព្រោះ​តម្រងនោម​លែង​ដំណើរការ លែង​ផលិត​ប្រូតេអ៊ីន​សម្រាប់​ទៅ​រំញោចខួរ​ឆ្អឹង។ ខ្វះ​ឈាម យើង​នឹង​មាន​អាការៈ​នឿយ​ហត់​ខ្លាំង​ និង​ជាប់​ជា​ប្រចាំ
-          យន្តការ​បែងចែក​ជាតិ​កាល់ស្យូម ហ្វូស្វ័រ​ លែង​ប្រក្រតី បន្ត​ធ្វើ​ឱ្យ​យន្តការ​ផលិត​ជាតិ​អ័រមូន​មាន​ដំណើរ​ការ​លែងស្រួល​ដែរ ប្រឹង​តែទៅ​បឺត​យក​កាល់ស្យូម​ពី​ឆ្អឹ​ង​មក​ចិញ្ចឹមឈាម តែ​ទីបំផុត​ធ្វើ​ឆ្អឹង​ចាប់​ពុក
-          តម្រង​នោម​បញ្ចេញ​ទឹក​នោម​តិច ដែល​ជា​ហេតុ​ងាយ​បង្ក​ឱ្យ​មាន​ការ​ហើម ហើម​ដៃ ជើង ឬ​ហើម​សួតផង សម្រាប់​អ្នក​​មាន​ជំងឺ​បេះដូង​ជាប់​ខ្លួន។
-          បើ​ការ​ខ្សោយ​តម្រង​នោម​ឈាន​ដល់​កំរិត​​ចុងក្រោយ លែង​ដំណើរការ​សោះ នោះ​ជាតិ​ប៉ូតាស្យូម​នឹង​កើនឡើង​ខ្លាំង​ រហូត​បង្ក​ជា​ការ​ស្ពឹក​ស្រពន់ ឬ​គាំង​បេះដូង​តែង​ម្តង

មនុស្ស​ដែល​មាន​តម្រង​នោម​ ដំណើរ​ការ​មិន​ពេល​លេញ​ អាច​មាន​អារម្មណ៍ដឹង​ថា​មាន​អាការៈ​សញ្ញា មួយ​ចំនួន ៖ បត់​ជើ​ង​តូច​ញឹកញាប់​ពេលយប់ មានក្លិន​មិន​ល្អ​ក្នុ​មាត់ បាយ​លែង​ឆ្ងាញ់ ហត់ រងាក់រងើ​ចង់​ក្អួត រមាស់ ស្ពឹក​ស្រពន់​ពេល​យប់ ប៉ោង​ត្របក​ភ្នែក ឬ​ហើម​ជើង...

អនុសាសន៍នៃ​ការ​ការពារ​តម្រង​នោម

នៅ​ពេល​មាន​សុខភាព​ល្អ រឹងម៉ាំ ការ​អនុវត្តន៍​និង​មាន​វិន័យ​ល្អ ក្នុង​ការ​រស់​នៅ អាច​ជួយ​រក្សា​សុខភាព​តម្រង​នោម ក្រលៀន ឱ្យ​នៅ​ល្អ​បាន​យូរ។ ការ​អនុវត្តន៍​និង​គោរព​វិន័យ​អនាម័យ​ជីវិត ដែល​ថែម​ទាំង​អាច​ជួយ​រួម​ចំណែក​ការពារ​ប្រឆាំង​ទប់​ទល់នឹងជំងឺ​សរសៃ​ឈាម​បេះដូង និង​មេតាបូលិក​ផ្សេងៗ។ អ​នាម័យ​ជីវិត​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​គ្មាន​អ្វី​ក្រៅពី ៖
-          បរិភោគ​ទឹក​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​សរីរាង្គ​ (យ៉ាង​ហោច​មួយ​១ លីត្រ​ក្នុង​មួយ​ថ្ងៃ​ មិន​មែន​ម្ត​ង​មួយ​លីត្រ ឱ្យ​តម្រង​នោម​ប្រឹង​ធ្វើការ​នោះ​ទេ
-          បរិភោគ​មាន​លំនឹង​ ចំណី​អាហារ​បន្លែ​សាច់​គ្រប់​មុខ​លាយ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ឡើង​ទម្ងន់​ជ្រុល
-          មិន​ទទួល​ទាន​អាហារ​ប្រៃ​ពេក ព្រោះ​នាំ​ឱ្យ​កើត​ជំងឺ​ឡើង​ឈាម
-          មិន​ជក់
-          ធ្វើ​កីឡា ធ្វើ​ពលកម្ម​ ជា​ប្រចាំ
-          មួយ​វិញ​ទៀត ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​សារធាតុ​មួយ​ចំនួន​ដែល​អា​ច​បំពុល​ក្រលៀន​ ដោយ​ត្រូវ​ចៀស​វាងឱ្យ​បាន​ជា​ដាច់​ខាត ការ​ប្រើ​ថ្នាំ​​អង់ទី​អាំផ្លាម៉ាទ័រ ដោយ​ខ្លួន (ពពួក​អាស្ពីរីន ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​យ៉ាង​ប៉ារ៉ាសេតាម៉ុល ដែល​អាច​បំពុល​តម្រង​នោម ប្រសិន​បើ​ប្រើ​ច្រើន​និង​យូរ​ពេល)
-          ចៀង​វាង​ការ​ប្រើ​ថ្នាំ​លាយ​ទឹក ថ្នាំ​បូរាណ ដែល​ជា​ល្បាយ​ឬ​ស ឈើ​ ស្មៅៗ​ផ្សេងៗ ដែល​គ្មាន​ប្រភព​និង​អត្តសញ្ញាណច្បាស់​លាស់
-          សូម​ប្រុង​ប្រយ័ត្ន នឹង​របប​ចំណី​អាហារ​ដែល​ប្រកប​ដោយ​ជាតិ​ប្រូតេអ៊ីន ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​តម្រង​នោម​នឿយ​ហត់​ណាស់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ