លីប៊ីចង់មានអន្តរាគមន៍កងកម្លាំងអន្តរជាតិក្នុងស្រុក ជួយរៀបចំស្ថិរភាពសន្តិសុខឡើងវិញ
លីប៊ីកំពុងធ្លាក់ក្នុងអំពើហិង្សាបង្កឡើងដោយក្រុមប្រយុទ្ធអ៊ីស្លាម ដែលបានបាញ់រុកកែតជាង១០ដើម វាយប្រហារអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីទ្រីប៉ូលី នៅយប់ថ្ងៃចន្ទម្សិលមិញ ធ្វើអោយស្លាប់មនុស្សម្នាក់ និង៦នាក់ទៀតរងរបួស។ ក្រុមអ៊ីស្លាមបានវាយប្រហារអាកាសយានដ្ឋានក្រុងទ្រីប៉ូលី ម្តងហើយ កាលពីថ្ងៃអាទិត្យ សំលាប់មនុស្សយ៉ាងហោច៦នាក់។ យន្តហោះ៩០ភាគរយ ក្នុងនោះមានយន្តហោះក្រុមហ៊ុនរដ្ឋជាង១០គ្រឿង បានរងការខូចខាត។ រដ្ឋាភិបាលលីប៊ីកំពុងពិនិត្យពីលទ្ធភាពដែលអាចអោយលីប៊ីអំពាវនាវកងកម្លាំងអន្តរជាតិ អោយចុះជួយរៀបចំស្ថិរភាពសន្តិសុខក្នុងស្រុកឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
រដ្ឋាភិបាលលីប៊ីកំពុងបារម្ភពីការធ្លាក់ចុះនៃសុវត្ថិភាពសន្តិសុខក្នុងស្រុក។ តាំងពីថ្ងៃអាទិត្យមក ក្រុមប្រយុទ្ធអ៊ីស្លាម បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិក្រុងទ្រីប៉ូលី ធ្វើអោយមានមនុស្សស្លាប់ និងបង្កការខូចខាតដល់យន្តហោះ៩០ភាគរយ។ ក្រោយមានការវាយប្រហារម្តង នៅថ្ងៃអាទិត្យ អាជ្ញាធរបានសម្រេចបិទដំណើរការអាកាសយានដ្ឋានក្រុងទ្រីប៉ូលី ៣ថ្ងៃ។ យប់ថ្ងៃចន្ទម្សិលមិញ ក្រុមអ៊ីស្លាមបានវាយប្រហារអាកាសយានដ្ឋាននេះជាថ្មីទៀត។ ក្រុមអ៊ីស្លាមទាំងនេះ ប្រយុទ្ធប្រឆាំងនឹងអតីតក្រុមឧទ្ទាមក្រុងហ្សិនតិន ដណ្តើមគ្នាកាន់កាប់អាកាសយានដ្ឋានក្រុងទ្រីប៉ូលី។
ដោយសារតែផ្នែកបញ្ជាហោះហើរយន្តហោះស្ថិតមានតែនៅអាកាសយានដ្ឋានក្រុងទ្រីប៉ូលី អាកាសយានដ្ឋានអន្តរជាតិមីស្រាតា នៅភាគខាងលិច ក៏ត្រូវផ្អាកការហោះហើរ ផងដែរ នៅថ្ងៃចន្ទម្សិលមិញ។ ក្រុងបិនហ្កាស៊ី ជាក្រុងសំខាន់ទី២ ក៏រងការវាយប្រហារពីក្រុមអ៊ីស្លាមដែរ នៅថ្ងៃចន្ទ។ ដោយសារហិង្សា និងការរាំងស្ទះដំណើរការយន្តហោះ លីប៊ីកំពុងស្ថិតនៅឯកា ពីពិភពលោក។ រដ្ឋាភិបាលលីប៊ីចង់អោយកងកម្លាំងអន្តរជាតិ ចុះជួយលីប៊ីរៀបចំស្ថិរភាពសន្តិសុខ ឡើងវិញ។ ក្រុងទ្រីប៉ូលីចង់រៀបចំផ្នែកប៉ូលិស និងទាហានឡើងវិញ ពេលមានវត្តមានកងកម្លាំងអន្តរជាតិនៅលីប៊ី។
ក្រោយការវាយប្រហាររបស់ក្រុមអ៊ីស្លាម នៅជុំវិញអាកាសយានដ្ឋានក្រុងទ្រីប៉ូលី កាលពីថ្ងៃអាទិត្យ ផ្អែកលើហេតុផលសុវត្ថិភាពសន្តិសុខ អង្គការសហប្រជាជាតិ បានជម្លៀសបុគ្គលិកខ្លួន ចេញពីប្រទេសលីប៊ី ក្នុងរយៈពេលបណ្តោះអាសន្នមួយ។ គួររំលឹកថា ក្រោយលីប៊ីរួចផុតពីសង្គ្រាមស៊ីវិល អង្គការសហប្រជាជាតិបានដាក់បេសកកម្មជួយក្រុមប្រឹក្សាជាតិអន្តរកាលលីប៊ី រៀបចំនីតិរដ្ឋឡើងវិញ។
តាំងពីរបបប្រធានាធិបតីខាដាហ្វ៊ីដួលរលំ នៅឆ្នាំ២០១១មក ក្រុមប្រយុទ្ធនានា បានធ្វើសកម្មភាពអនាធិបតេយ្យក្នុងស្រុក។ ការវាយប្រហាររវាងក្រុមអ៊ីស្លាម និងបណ្តាជនអតីតក្រុមឧទ្ទាមក្រុងហ្សិនតិន ភាគខាងលិច គឺដោយសារតែក្រុមនយោបាយអ៊ីស្លាមនិងក្រុមនយោបាយសេរីនិយមប្រជែងគ្នាក្នុងស្រុកពិសេសក្រោយពេលលីប៊ីរៀបចំការបោះឆ្នោតសភា ថ្ងៃ២៥មិថុនាមក។
លទ្ធផលបោះឆ្នោតនឹងចេញផ្សាយមួយសប្តាហ៍ទៀត។ គេគិតថាក្រុមសេរីនិយមនឹងទទួលជោគជ័យ។ ពេលនេះ បារាំងកំពុងខ្លាចជម្លោះលីប៊ីរាលដាលក្នុងតំបន់។ ប្រទេសជិតខាងលីប៊ីបានអំពាវនាវអោយលីប៊ីបើកការចរចាថ្នាក់ជាតិ។ ប្រទេសជិតខាងទាំងនោះបានប្រកាសបង្កើតគណៈកម្មការសន្តិសុខនិងនយោបាយ ដើម្បីជួយលីប៊ីចេញពីភាពអាណាធិបតេយ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ