អានតួអត្ថបទ
កម្ពុជា

រឿង​​បក្ស​​ពួក​​និយម​៖ លិខិត​​លោក​​សុន ​ឆ័យ​​បាន​​ចូល​​ដល់​ដៃ​​អគ្គ​​លេខា​​ធិការ​​ដ្ឋាន​​សភា​

លោក​សុន ឆ័យ​អនុ​ប្រធាន​គណៈ​កម្មការ​ហិរញ្ញ​វត្ថុ​សភា កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​លាត​ត្រដាង​អំពី​អំពើ​បក្ស​ពួក​និយម​ខ្សែ​សា​ឡាយ​ក្នុង​រដ្ឋ​សភា​ជាតិ។ ជា​លិខិត​ផ្ញើ​ជូន​ទៅ​អគ្គ​លេខា​រដ្ឋ​សភា និង​ចោទ​ត្រង់​ៗ​តែ​ម្តង​ទៅ​លើ​លោក មិត្ត​ការ៉េន​ថា​បាន​ប្រើ​ប្រាស់​ឥទ្ធិ​ពល​តែង​តាំង​បក្ស​ពួក​ក្រុម​គ្រួសារ​ឱ្យ​កាន់​តំណែង​ទាក់​ទង​នឹង​បញ្ហា​ថវិការ​រដ្ឋ​សភា។ ប៉ុន្តែ​លោក មិត្ត​ការ៉េន បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​។

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លិខិត​ទាមទារ​ការ​ស៊ើប​អង្កេត​រឿង​បក្សពួក​និយមនៃ​គ្រួសារ​របស់​អគ្គ​លេខា​ធិការ​រង​រដ្ឋ​សភា​លោក​មិត្ត ការ៉េន បាន​ទៅ​ដល់​ដៃ​អគ្គ​លេខា​ធិការ​នៃ​រដ្ឋ​សភា​ជាតិ​ហើយ។ តាម​រយៈ​ផ្ញើរ​ជូន​លោក​ឡេង ប៉េង​ឡុង អគ្គ​លេខា​ធិការ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​២១​តុលា លោក​សុន ឆ័យ អនុប្រធាន​គណៈ​កម្មការ​ហិរញ្ញ​វត្ថុ​របស់​រដ្ឋ​សភា​កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា​លោក មិត្ត​ការ​រ៉េន​គឺ​ប្រើ​ប្រាស់​អំណាច​ផ្ទាល់​ខ្លួន​តែង​តាំង​គ្រួសារ​ខ្លួន​ឯង​ចូល​កាន់​តំណែង​ក្នុង​សភា​ជា​ច្រើន​នាក់​។

 
គ្រួសារ​ដែល​លោក​សុន ឆ័យ​បាន​លើក​ឡើង​ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​៧​រូប​ដែរ ដែល​សុទ្ធ​សឹង​តែ​ជា​កូន​បង្កើត កូន​ប្រសារ ប្អូន​បង្កើត ប្អូន​ថ្លៃ និង​ក្មូយ​ជាដើម​ហើយ​អ្នក​ទាំង​នេះ ជា​អ្នកកាន់​កាប់​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ​សភា នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​សភា និង​ជា​អ្នក​កាន់​កាប់​ការ​ប្រាក់​បៀ​វត្ស​តំណាង​រាស្ត្រ​ក្នុង​សភា​ជាដើម។

ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក​មិត្ត​ការ៉េន​ផ្ទាល់​ទាត់​ចោទ ហើយ​ថា​ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​នោះ​ទេ។ លោក​មិត្ត​ការ៉េន៖ “ការ​ចោទ​ប្រកាន់​នេះ​អត់​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ថា​ការ​តែង​តាំង​មន្ត្រី​រាជ​ការ​នៅ​ទី​នេះ​គឺ​មាន​ការ​វាយ​តំលៃ ហើយ​មិន​មែន​ជា​បក្សពួក​និយម​និង​គ្រួសារ​អី​នោះ​ទេ។ ហើយ​អ្នក​ទាំង​នោះ គឺ​ត្រូវ​បាន​តែង​តាំង​តាំង​ពី​សម័យ​សម្តេចក្រុម​ព្រះ​មក​។ ចឹង​រឿង​នេះ​មិន​ដឹង​ថា​គេ​យល់​យ៉ាង​ម៉េច​ដែរ ហើយ​ឯក​សារ​ដែល​ដាក់​មកនេះ​សុទ្ធតែ​មិន​ពិត។

យ៉ាង​ណា​ក៏​ដោយ លិខិត​ដែល​មាន​ចម្លង​ជូន​ប្រធាន​រដ្ឋ​សភា អនុ​ប្រធាន និង​គណៈ​កម្មការ​ទាំង​៩​នោះ បាន​ហៅ​ការ​តែង​តាំង​នៃ​គ្រួសារ​អគ្គ​លេខា​ធិការ​រង​នេះ​ថា អាច​នាំ​ឱ្យ​បាត់​បង់​ថវិកា​រដ្ឋសភា​ជាច្រើន និង​អាចជា​អំពើ​ពុក​រលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទ្រង់​ទ្រាយ​ធំ។ ដូច​នេះ​លោក​សុន ឆ័យ​បាន​ស្នើ​ឱ្យ​រដ្ឋ​សភា​បើក​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​ដើម្បី​ចាត់​វិធាន​ការ​បញ្ឈប់​ជា​បន្ទាន់ និង​ស្នើ​ឱ្យ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​លើ​ករណី​បក្ស​ពួក​និយម​របស់​គ្រួសារ​លោក​មិត្ត​ការ៉េន​នេះ​ផង​ដែរ​។

អគ្គ​លេខាធិការ​រដ្ឋសភា លោក​ឡេង​ប៉េង​ឡុង មិន​អាច​ទំនាក់​ទំនង​ដើម្បី​ឆ្លើយ​បំភ្លឺ​ចំពោះ​លិខិត​របស់​លោក​សុន ឆ័យ​ស្តី​ពី​បញ្ហា​បក្ស​ពួក​និយម​ក្នុង​សភា​បាន​នោះ​ទេ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ