អត្តពលិកកម្ពុជា៥នាក់ចាញ់ក្នុងការប្រកួតនៅទីក្រុងឡុងដ្រឹ៍

ក្នុងចំណោមអត្តពលិក៦នាក់ដែលត្រូវចូលរួមប្រកួតនៅក្នុងកីឡាអូឡាំពិកនៅទីក្រុងឡុងដ្រឹ៍ប្រទេសអង់គ្លេសនោះ ៥រូបបញ្ចប់ការប្រកួតដោយមិនអាចទទួលបានមេដាយអ្វីឡើយ។ នៅសល់កីឡាការិនីមួយរូបទៀត គឺស៊ន ដាវីន ដែលត្រូវប្រកួតនៅថ្ងៃទី១១សីហា ជាមួយនឹងកីឡាការិនីម៉ិកស៊ិកកូដែលជាម្ចាស់មេដាយមាសនៅអូឡាំពិកឆ្នាំ២០០៨នៅប្រទេសចិន។
ក្នុងការប្រកួតវិញ្ញាសារយូដូ បន្ទាប់មក វិញ្ញាសារហែលទឹក៥០ម៉ែត្រ និងថ្ងៃចន្ទម្សិលមិញ គឺវិញ្ញាសាររត់ប្រណាំង៨០០ម៉ែត្របុរស និង២០០ម៉ែត្រស្ត្រី កីឡាករ កីឡាការិនីកម្ពុជាសុទ្ធតែមិនទទួលបានជ័យជំនះឡើយ។ ក៏ប៉ុន្តែ បើទោះជានៅក្នុងលទ្ធផលបរាជ័យនេះក៏ដោយ ក្នុងចំណោមអត្តពលិកជំរើសជាតិទាំង៥រូបនេះ មានតែកីឡាករ កីឡាការិនីហែលទឹកទេ ដែលអាចបំបែកឯកទគ្គកម្មចាស់របស់ពួកគេបាន។
ហែម ថុន ពន្លឺ កីឡាករជំរើសជាតិហែលទឹកបានយកឈ្នះកីឡាករ១០ប្រទេសដែរក្នុងចំណោមកីឡាករ៥៨ប្រទេស។ រីឯកីឡាការិនីហែលទឹក ហែម ថុន វិទីនីវិញ កីឡាការិនីវ័យ១៩ឆ្នាំនេះ បានទទួលចំណាត់លេខ២ក្នុងក្រុមប្រកួតរបស់ខ្លួន។ ហើយក្នុងចំណោមកីឡាការិនី៧២ប្រទេសដែលបានចូលរួមប្រកួតនោះ វិទីនីបានឈ្នះគូរប្រកួតចំនួន១៦ប្រទេសដែរ។
ផ្ទុយទៅវិញ អត្តពលិករត់ប្រណាំងគៀង សាម៉ន ដែលបានប្រកួតរត់ប្រណាំងចំងាយ៨០០ម៉ែត្រ និងកញ្ញាចាន់ សីហា ដែលបានរត់ក្នុងចំងាយ២០០ម៉ែត្រកាលពីថ្ងៃចន្ទម្សិលមិញនោះ ពួកគេសុទ្ធតែបានជាប់ចំណាត់ក្រោយគេនៅក្នុងក្រុមប្រកួតរបស់ខ្លួន។ ជាការគួរអោយសោកស្តាយទៅទៀតនោះ គឺពួកគេមិនអាចបំបែកឯកទគ្គកម្មចាស់របស់ពួកគេបានឡើយ។
នៅសល់កីឡារិនីតៃក្វាន់ដូ ស៊ន ដាវីនម្នាក់ទៀត ដែលត្រូវប្រកួតនៅល្ងាចថ្ងៃទី១១សីហា។ ប្រតិភូកម្ពុជាក៏ទំនងជាមិនមានសង្ឃឹមច្រើនដែរចំពោះការប្រកួតចុងក្រោយរបស់ខ្លួននេះ ដោយសារតែ ជំរើសជាតិតៃក្វាន់ដូរបស់កម្ពុជារូបនេះនឹងជួបជាមួយម្ចាស់មេដាយមាសជនជាតិម៉ិកស៊ិកនៅក្នុងការប្រកួតជុំទីមួយតែម្តង។
ទោះយ៉ាងណាក៏ដោយ ជម្រើសជាតិរបស់កម្ពុជានៅមានទឹកចិត្តបង្កើនការហ្វឹកហាត់ដើម្បីដណ្តើមមេដាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០១៣ក្រោយនេះនៅប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសឡាវកន្លងមក កម្ពុជាទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធយ៉ាងច្រើន៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ