អានតួអត្ថបទ
កម្ពុជា

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​មាន​ចំនួន៦៧%

នៅពេល​ដែល​កាល​បរិចេ្ឆទ​នៃ​ការ​បោះឆ្នោត​កាន់តែ​ខិត​ចូលមក​ជិត​បន្តិច​ម្តង​ៗ​នោះ នៅ​ថ្ងៃ​ទី​៥​ខែ​ឧសភា​នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ប្រកាស​ថា យោងតាម​ការ​ស្ទង់​មតិ​មួយ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​មានចំនួន​៦៧%។ ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​​បាន​ប្រតិកម្ម​ថា ពួកគេមិនមាន​ជំនឿ​ពិតប្រាកដ​លើ​ការ​ស្ទង់មតិ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

«ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦៧​%​ក្នុង​ចំណោម​អ្នក​ផ្តល់​បទ​សម្ភាសន៍​២​ពាន់​នាក់​បាន​​សម្តែង​មតិ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ៨៧%​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ១៣%​មិនមាន​ជំនឿ​ទេ។ ប្រជាពល​រដ្ឋ​៨១%​យល់​ថា រដ្ឋាភិបាល​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ»។ នេះ​បើយោង​តាម​ការ​អោយ​ដឹងរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​ទី​៥​ខែ​ឧសភា​នេះ​ពី​ខេត្ត​ស្ទឹងត្រែង​ទី​ដែល​លោក​បើក​សម្ពោធ​ការដ្ឋាន​ផ្លូវ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ថា តួលេខ​នេះ​ត្រូវ​បាន​គេ​បង្ហាញនៅក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​ធ្វើ​ដោយ​ជន​បរទេស​ពោល​គឺ​មិនមែន​ជនជាតិខ្មែរ​ជា​អ្នក​ធ្វើ​ទេ។ ប៉ុន្តែ​លោក​នាយករដ្ឋ​មន្ត្រី​មិន​បាន​បញ្ជាក់​ប្រាប់​ថា ស្ថាប័ន​ឬ​ជន​បរទេស​ណា​ជា​អ្នក​ធ្វើ​នោះ​ទេ។ ការ​បង្ហើប​អោយ​ដឹង​របស់​លោក ហ៊ុន សែន​នៅ​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង មុន​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅខែ​មិថុនា​២០១២​ខាង​មុខ​នេះ​​និង​ការ​បោះឆ្នោតតំណាង​រាស្រ្ត​នៅ​ឆ្នាំ​២០១៣។

លោក ហ៊ុន សែន បាន​បន្ត​ទៀត​ថា ការ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ​២០០៨​បាន​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​៥៨​%​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ តែគណបក្ស​ទទួល​បាន​កៅអី​រដ្ឋសភា​រហូត​ដល់​ទៅ​៩០​ ចុះ​ដល់​ពេល​នេះ ​អ្នកគាំទ្រ​មាន​ដល់​៦៧%....តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​កៅអីចំនួន​ប៉ុន្មាន​បន្ថែម​ទៀត។ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា ប្រសិនបើ​អត្រា​នៃ​អ្នកមាន​ជំនឿ​លើ​រូប​លោក​ធ្លាក់​ចុះ​នៅ​ក្រោម​៦០%​ លោក​នឹង​ចាក​ចេញ​ពីតំណែង​ជា​នាយក​រដ្ឋមន្ត្រី។ បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្រ្តី​ប្រកាស​អះអាង​បែប​នេះ​ក៏​ដោយក្តី ក៏សមាជិក​គណបក្ស​ប្រជាជន​ទាំងមូល​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើនសា​​ហើយ​ថា ពួកគេ​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​អាណត្តិ​ជា​បន្ត​បន្ទាប់​ខាង​មុខ​ទៀត​នេះ។

ឆ្លើយតប​ទៅ​នឹង​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ថ្លែង​ដោយ​លោក នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​លោក យឹម សុវណ្ណ តំណាងរាស្ត្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ពន្យល់​ថា លោក​ពិបាក​នឹង​ជឿ​លើ​លទ្ធផល​នេះ​ទាំង​ស្រុងណាស់​ពីព្រោះ​ការស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​ដែល​ការ​បញ្ចេញ​មតិ​នៅមាន​កំណត់​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មាន​ការ​ភ័យខ្លាច។ លោក យឹម សុវណ្ណ បាន​បន្ត​ទៀត​ថា អ្វី​ដែល​ជាការពិត គេ​ត្រូវរង់​ចាំមើល​លទ្ធផល​បោះឆ្នោតជាក់ស្តែង។

នៅ​ក្នុង​ប្រធាន​បទ​នយោបាយ​ដដែល លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​សាធារណជន​ថា កាល​ពី​យប់​ម្សិលមិញ​នេះ លោក​បាន​និយាយ​ទូរស័ព្ទជាមួយ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ម្នាក់​ជាង​២០​នាទី​ពី​ការ​វិវឌ្ឍន៍​នយោបាយចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​អត្ត​សញ្ញាណតំណាងរាស្ត្រ​រូប​នោះ​ទេ​ដោយ​លោក​គ្រាន់​តែ​និយាយ​បញ្ឆិតបញ្ឆៀង​ថា តំណាងរាស្រ្ត​បក្ស​ប្រឆាំង​រូបនោះ​រស់​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ