អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពលរដ្ឋ​​រុស្ស៊ី​នៅ​គ្រីមេ​ទឹកដី​ថ្មី​រុស្ស៊ី​ពិបាក​ទទួល​ទិដ្ឋាការ​ចូល​សហភាព​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលហេតុ​​​មក​​ពី​​សហភាពអឺរ៉ុប មិន​ទទួល​ស្គាល់​គ្រីមេ​ជា​ដែនដី​ឧបសម្ព័ន្ធ​របស់ រុស្ស៊ី​ហើយ​បន្ត​ចាត់ទុក​គ្រីមេ ជា​ដែនដី​អ៊ុយក្រែន​ដដែល។ ដើម្បី​ទទួលទិដ្ឋាការ​ចូល​បណ្តា ប្រទេស សមាជិក​សហភាព​អឺរ៉ុប អ្នកស្រុក​ដែល​រស់​នៅ​គ្រីមេ ត្រូវ​ទៅ​ដាក់​ពាក្យ​សុំ គឺ​នៅ​តាម ស្ថានកុងស៊ុល​នៃ​ប្រទេស​ទាំង​នោះ​ដែល​ស្ថិត​នៅ​ក្រុង​គៀវ រដ្ឋធានី​អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក  Petro Poroshenko
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko NovemREUTERS/Mikhail Palinchak
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់​សម្គាល់​ការ​ដាក់​ពាក្យ​នេះ​មិន​មែន​មាន​ន័យ​ថា ពិត​ជា​នឹង​ទទួល​បាន​ទិដ្ឋាការ ដូច​បំណង​ឡើយ។ ម៉្លោះហើយ​បានជា​តាំងពី​ឥឡូវ​ទៅ​ហើយ ក្នុង​សភា​ឌូម៉ា​រុស្ស៊ី មាន​បន្លឺ​ឡើង នូវ​មតិ​ដែល​ថា​ពលរដ្ឋ​ថ្មី​នៃ​សហព័ន្ធ​រុស្ស៊ី ដែល​រស់​នៅ​គ្រីមេ ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ តែ​ទៅ​កាន់​ប្រទេស​ខាង​លិច​ឡើយ​ដ្បិត​មាន​មិន​ខ្វះ​ទេ​ប្រទេស​ផ្សេង​ទៀត​សម្រាប់​ធ្វើ​ដំណើរទៅ។

មតិ​នេះ​បន្លឺ​ឡើង​ក្រោយពី​អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​នៃ​ស្ថានតំណាង​របស់​សហភាព​អឺរ៉ុប ប្រចាំ​នៅ រុស្ស៊ី​លោក Soren Liborius បាន​ប្រកាស​ថា​ស្ថាន​កុងស៊ុល រាល់​តែ​ប្រទេស​សហភាព​នេះ ដែល​ស្ថិត​ក្នុង​ប្រទេស​រុស្ស៊ី​មិន​ទទួល​ឡើយ​ពាក្យ​សុំ​ទិដ្ឋាការ​ពី​អ្នក​ស្រុក​គ្រីមេ ​ពីព្រោះ គោល​ជំហរ​របស់​សហភាព​អឺរ៉ុប​ចំពោះ​គ្រីមេ​ស្ថិត​នៅ​ឥត​ប្រែប្រួល​ទេ ៖ គ្រីមេ​ជា​ដែនដី​អ៊ុយក្រែន​ដូច្នេះ​បើ​គេ​ចង់​បាន​ទិដ្ឋាការ​ចូល​សហភាព​អឺរ៉ុប​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សុំ នៅ​ឯ​ស្ថានកុងស៊ុល​ទាំង​នោះ​នៅ​លើ​ដែនដី​អ៊ុយក្រែន​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ក្រុងគៀវ។ ឧទាហរណ៍​ស្ថាន​កុងស៊ុល​ប៉ូឡូញ​ស្ថិត​នៅ​ឯ​ក្រុងផែ Odessa របស់​អ៊ុយក្រែន។

តាម​តួលេខ​ស្ថាប័ន​អន្តោប្រវេសន៍​រុស្ស៊ី​ពី​ក្នុង​ចំណោម​អ្នកស្រុក​២​លាន​នាក់​នៅ​គ្រីមេ មាន ១​លាន​៨​សែន​នាក់ បាន​ទទួល​អត្ត​សញ្ញាណបណ្ណ​ជា​ពលរដ្ឋ​សហព័ន្ធ​រុស្ស៊ី។ នៅ​រុស្ស៊ គេ​ហៅ បណ្ណ​សម្គាល់​ខ្លួន​នេះ ថា​ជា passeport ក្នុង​ប្រទេស​ដែល​មាន​១៩​ទំព័រ។ ក្នុង​ការ​អនុវត្តន៍ វា ជា​ក្រដាស​ស្នាម​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ ដ្បិត​វា វ៉ៃ​ទៅ​ដោយ​ត្រា ស្តី​អំពី​អាស័យដ្ឋាន លំនៅ​របស់​សាមីជន​ស្តី​អំពី​អាពាហ៍ពិពាហ៍ ស្តី​អំពី​ការ​លែង​លះ​គ្នា ស្តី​អំពី​ការ​បរិច្ចាគកិច្ច យោធា ជា​កាតព្វកិច្ច​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ល។ យ៉ាងណាមិញ ដើម្បី​បើក​លុយ​នៅ​ធនាគារ លុះណា​តែ​មាន passeport ក្នុង​ប្រទេស​ទើប​បើក​បាន។

ប៉ុន្តែ​ដើម្បី​ធ្វើដំណើរ​ទៅ​បរទេស ពលរដ្ឋ​ត្រូវ​មាន​លិខិត​ឆ្លងដែន​ហៅថា passeport ក្រៅ​ប្រទេស​ដែល​មាន ៣៨​ទំព័រ។ ពិត​ជា passeport នេះ​ឯង​ដែល​កាលពី​ចុង​ខែ​មុន សាខា​របស់​ស្ថាប័ន​អន្តោ​ប្រវេសន៍​រុស្ស៊ី​ប្រចាំ​នៅ​ក្រុង Simferopol ធានី​គ្រីមេ បាន​ចាប់​ផ្តើម​ចេញ​ឲ្យ​អ្នកស្រុក​គ្រីមេ ប៉ុន្តែ​លុះណា​តែ​សាមីជន មាន​នៅ​ក្នុង​ដៃ​ខ្លួន​ទៅ​ហើយ គឺ passeport ក្នុង​ប្រទេស។

ហេតុដូចម្តេច បាន​ជា​អ្នក​ស្រុក​គ្រីមេ ដែល​មាន passeport ក្រៅ​ប្រទេស​ជា​ក្រដាស​ស្នាម ផ្លូវការ​របស់​សហព័ន្ធ​រុស្ស៊ី​បែរ​ទៅ​ជា​ពិបាក​ទទួល​ទិដ្ឋាការ​របស់​ប្រទេស​ខាង​លិច? ពីព្រោះ ពេល​បំពេញ​បែបបទ​ដើម្បី​សុំ​ទិដ្ឋាការ​ស្ថាន​កុងស៊ុល​ប្រទេស​ទាំង​នោះ តម្រូវ​ឲ្យ​ភ្ជាប់​ខាន​មិន​បាន​ទៅ​នឹង​ពាក្យ​សុំ​គឺ​បទ​ចម្លង​នៃ passeport ក្នុង​ប្រទេស​ជាទី​ដែល​មាន​ជ្រងោង ត្រា​ស្តី​អំពី​អាស័យដ្ឋាន​គេ​ហើយ​អស័យដ្ឋាន​នោះ​គឺ​បង្ហាញ​ថា គេ​រស់​នៅ​លើ​ទឹកដី​គ្រីមេ​តែ​ម្តង។

គួរ​និយាយ​ថា​ក្នុង​ចំណោម​អ្នក​ស្រុក​ដែល​រស់​នៅ​គ្រីមេ​ក៏​នៅ​មាន​ដែរ អ្នក​ដែល​បន្ត​កាន់ passeport ជា​ពលរដ្ឋ​អ៊ុយក្រែន ប៉ុន្តែ​សម្រាប់​គេ​ទាំង​នោះ​ក៏​មាន​បញ្ហា​ដែរ ពីព្រោះ​គេ​រស់​នៅ លើ​ទឹកដី​គ្រីមេ​ទឹកដី​ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​គណៈកម្មការ​អឺរ៉ុប ដើម្បី​ទទួល​ទិដ្ឋាការ ចូល​សហភាព​អឺរ៉ុប។

គ្រីមេ ប្រៀប​បាន​ជា​ឆ្អឹង​ស្លាក់​បំពង់​ក​រុស្ស៊ី ធ្វើឲ្យ​រុស្ស៊ី​ជាប់​ក្នុង​ទណ្ឌកម្ម​រ៉ាំរ៉ៃ​របស់​បស្ចិមលោក ដែល​តាម​យោបល់​ពួក​នយោបាយ​វិទូ​រុស្ស៊ី គឺ​មិន​ងាយ​លុប​ទៅ​វិញ​ឡើយ។ ទោះយ៉ាងណាក្តី ក៏​លោក​ប្រធានាធិបតី​ពូទីន ចាត់​ទុក​ជា” ការស្តារ​ឡើង​វិញ​នូវ​យុត្តិធម៌​ប្រវត្តិសាស្ត្រ​“​ការ​ដែល​រុស្ស៊ី​ភ្ជាប់​ទឹកដី​នេះ​មក​នឹង​មាតុប្រទេស​រុស្ស៊ី​វិញ។ លោក​ពូទីន បាន​លើក​យក​ទឡ្ហីករណ៍​មក​បង្ហាញ​ថា​ពេល​ដែល​មេ​ដឹកនាំ​សូវៀត ឈ្មោះ Khroutchev មាន​ឈាម​ជ័រ​ជាជាតិ​អ៊ុយក្រែន ស្រាប់​ក្នុង​ឆ្នាំ​១៩៥៤ បាន​ផ្តាច់​ទឹកដី​នេះ ចេញ​ពី​រុស្ស៊ី ហើយ​ប្រគល់​វា​ទៅ​ឲ្យ​អ៊ុយក្រែន​គឺ​មិន​បាន​គោរព​តាម​ច្បាប់​សូវៀត​ឡើយ។ ដ្បិត ការ​សម្រេចចិត្ត​នោះ​ឯង ត្រូវ​បាន​អនុម័ត​តែ​ដោយ​គណៈ​ប្រធាន​រដ្ឋសភា​ប៉ុណ្ណោះ មិនមែន​ដោយ​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ឡើយ។

ចំណែក​នាយក​ខុទ្ទកាល័យ​វិមាន​ក្រេមឡាំង​លោក ស៊ែរហ្គៃ អ៊ីវ៉ាណូវ បាន​ថ្លែង​ថា ៖ ទោះ​គេ ចាក់​យើង​កាប់​យើង​សម្លាប់​យើង​ក្តី​ក៏​យើង​មិន​ប្រគល់​ទឹកដី​គ្រីមេ ទៅ​ឲ្យ​អ៊ុយក្រែន វិញ​ឡើយ។

រី​ឯ​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆេនកូ ក្នុង​កម្មវិធី​នយោបាយ​របស់​គាត់ លើក​ឡើង​ថា
“ទៅ​ទល់​ឆ្នាំ ២០២០ បង្វែរ​ទឹកដី​គ្រីមេ​មក​អ៊ុយក្រែន​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ