បក្សប្រឆាំងមិនសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយទេ

នៅក្នុងឱកាសចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគណបក្សប្រជាជនកម្ពុជាប្រចាំរាជធានីភ្នំពេញ លោកឱម យិនទៀងបានអំពាវនាវអោយគណបក្សប្រឆាំងធ្វើដូចគ្នាដើម្បីចូលរួមលុបបំបាត់អំពើពុករលួយនៅថ្នាក់ឃុំ-សង្កាត់។ គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ីបានអះអាងថា ពួកគេនឹងមិនធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដែលគណបក្សប្រឆាំងទាំងពីរអត្ថាធិប្បាយថា ជាស្ថានប័នមិនឯករាជ្យ។
កាលពីល្ងាចថ្ងៃអង្គារទី១៥ឧសភា អង្គភាពប្រឆាំងអំពើពុករលួយបានចុះហត្ថលេខាជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដើម្បីរួមគ្នាធ្វើការងារលុបបំបាត់អំពើពុករលួយនៅក្នុងថ្នាក់សង្កាត់។ នេះគឺជាការសហការទីមួយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសកាលពីដើមសប្តាហ៍មុនអំពីយុទ្ធនាការលុបបំបាត់អំពើពុករលួយនៅថ្នាក់ឃុំសង្កាត់។ អង្គភាពនេះបានប្រកាសស្វែងរកការសហការជាមួយគណបក្សនយោបាយផង និងអង្គការក្រៅរដ្ឋាភិបាលផង។
ក្រោយពិធីចុះហត្ថលេខាជាមួយគណបក្សប្រជាជនកម្ពុជា លោកឱម យ៉ិនទៀងបាននិយាយជាមួយអ្នកសារព័ត៌មានដោយអំពាវនាវរកកិច្ចសហការពីគណបក្សផ្សេងទៀត រាប់ទាំងគណបក្សប្រឆាំងផងដែរនៅក្នុងកិច្ចការប្រឆាំងអំពើពុករលួយនេះ។ លោកមានប្រសាន៍ថា គណបក្សនយោបាយមិនគួរបាត់បង់ឱកាសទេ ពីព្រោះកន្លងទៅ ពួកគេតែងរិះគន់អំពើពុករលួយ។ លោកកឹម សុខាប្រធានគណបក្សសិទ្ធិមនុស្ស និងលោកគង់ គាំប្រធានស្តីទីគណបក្សសម រង្ស៊ីមិនបានមើលឃើញផលប្រយោជន៍សម្រាប់ខ្លួនឯង នៅពេលដែលពួកគេត្រូវចូលរួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
នៅពេលអង្គភាពប្រឆាំងអំពើពុករលួយប្រកាសស្វែងរកការសហការដើម្បីលុបបំបាត់ថ្លៃសេវាមិនស្របច្បាប់នៅតាមឃុំសង្កាត់នៅពេលនេះ លោកកឹម សុខាអត្ថាធិប្បាយថា នេះគឺជាល្បិចរបស់គណបក្សកាន់អំណាចទៅវិញ។ ហើយលោកថា គណបក្សលោកនឹងប្រឹងយកជ័យជំនះក្នុងការបោះឆ្នោតខាងមុខ ដើម្បីដឹកនាំឃុំសង្កាត់ ហើយអនុវត្តនយោបាយប្រឆាំងអំពើពុករលួយដោយខ្លួនឯងវិញ។ ស្រដៀងគ្នាដែរសម្រាប់គណបក្សសម រង្ស៊ី។ ប្រធានស្តីទីរបស់គណបក្សនេះ គឺលោកគង់ គាំបានប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សសម រង្ស៊ីមិនបានជឿជាក់ទៅលើឯករាជភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ ដូច្នេះគណបក្សលោកក៏មិនត្រូវការសហការជាមួយអង្គភាពដែលលោកអះអាងថា កំពុងធ្វើការអោយគណបក្សកាន់អំណាចនោះដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ