បក្សប្រឆាំងបន្តជំរុញឲ្យបក្សកាន់អំណាចកែទម្រង់ ឝ.ជ.ប

គណបក្សប្រឆាំងសំខាន់២ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅតែបន្តជំរុញឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធានាឲ្យការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្សទាំងពីរនេះបានសរសេរលិខិតទៅក្រសួងមហាផ្ទៃឲ្យផ្លាស់ប្តូរសមាសភាព គ.ជ.ប និងកែប្រែនីតិវិធីមួយចំនួនជាចាំបាច់។ ប៉ុន្តែ សំណើរនេះត្រូវបានរដ្ឋាភិបាល និង គ.ជ.ប ចាត់ទុកជាបទចម្រៀងដដែលៗសម្រាប់អ្នកចាញ់ឆ្នោតតែប៉ុណ្ណោះ និងមិនបានផ្តល់ចម្លើយជាវិជ្ជមានណាមួយទេ។
ទោះបីជាគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើពហិការមិនចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១២ នេះក៏ដោយ ក៏គណបក្សប្រឆាំងទាំងពីរនេះ នៅតែបន្តទទូចឲ្យរដ្ឋាភិបាលកែទម្រង់ គ.ជ.ប ដដែល។ នៅក្នុងលិខិតរួមគ្នាមួយដែលផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីចុងខែសីហា លោកគង់ គាំ និងលោកសឺន ស៊ូប៊ែរ ប្រធានស្តីទីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានសុំឲ្យក្រសួងមហាផ្ទៃកែទម្រង់យន្តការរៀបចំការបោះឆ្នោតនេះជាចាំបាច់។ គណបក្សប្រឆាំងទាំងពីរបានដាក់ជូនក្រសួងមហាផ្ទៃនូវរូបមន្តមួយចំនួនដែលពួកគេជឿថាអាចធានាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) រក្សាបាននូវអព្យាក្រឹតភាពរបស់ខ្លួន។
រូបមន្តដែលបក្សប្រឆាំងចង់បានគឺ សមាសភាពដឹកនាំ គ.ជ.ប ជាមនុស្សមិនមែនជាសមាជិកបក្សនយោបាយ ឬបានលាលែងពីបក្សនយោបាយរយៈពេល ១០ ឆ្នាំមកហើយ។ ចំណែកឯសមាសភាពគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត រាជធានី និងថ្នាក់ឃុំសង្កាត់វិញត្រូវមានសមាសភាពមកពីគណបក្សនយោបាយដែលមានកៅអីក្នុងរដ្ឋសភា។ បក្សប្រឆាំងក៏បានសុំឲ្យបង្កើតគណៈកម្មការមួយសម្រាប់ជ្រើសរើសបេក្ខជនថ្នាក់ដឹកនាំ គ.ជ.ប ដែលមានសមាសភាពចេញពីបក្សនយោបាយនៅក្នុងរដ្ឋសភាផងដែរ។ គណបក្សប្រឆាំងទាំងពីរនេះក៏ធ្លាប់បានព្រមានថា នឹងធ្វើពហិការមិនចូលរួមបោះឆ្នោតប្រសិនបើគ្មានការកែទម្រង់គ.ជ.ប ដូចដែលពួកគេបានទាមទារទេនោះ។
យ៉ាងណាក៏ដោយ សំណើរបស់បក្សប្រឆាំងមិនត្រូវបានគណបក្សកាន់អំណាចយកចិត្តទុកដាក់នោះទេ។ ពួកគេចាត់ទុកថា នេះគ្រាន់តែជាបទចម្រៀងដដែលៗសម្រាប់អ្នកចាញ់ឆ្នោតតែប៉ុណ្ណោះ។ សម្រាប់លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ វាជាទម្លាប់ទូទៅមួយទៅហើយដែលគណបក្សចាញ់ឆ្នោតតែងចោទប្រកាន់ គ.ជ.ប ថា លួចបន្លំសន្លឹកឆ្នោតនោះ។ ចំណែក លោក ឱម យ៉ិនទៀង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្សវិញបានមើលឃើញថា គណបក្សប្រឆាំងកំពុងបើកយុទ្ធនាការបំផ្លាញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មន្ត្រីរដ្ឋាភិបាល ក៏ដូចជាមន្ត្រី គ.ជ.ប ដែរបានអះអាងថា ពហិការរបស់បក្សប្រឆាំងមិនចូលរួមបោះឆ្នោតនឹងមិនរាំងស្ទះដល់ដំណើរការបោះឆ្នោតទេ ពីព្រោះមានគណបក្សនយោបាយជាច្រើននឹងចូលរួមក្នុងការបោះឆ្នោតនៅខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខ។ ប្រតិកម្មទាំងនេះបានបង្ហាញថា ការទាមទាររបស់បក្សប្រឆាំងទំនងជានឹងមិនទទួលបានលទ្ធផលអ្វីឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ