គណបក្សប្រឆាំងនិងសកម្មជនរិះគន់ព្រំដែនមិនអស់ចិត្តនឹងការបំភ្លឺរបស់នាយករដ្ឋមន្ត្រីរឿងព្រំដែន

លោកសុនឆ័យ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង សមរង្ស៊ី និងលោក រ៉ុងឈុន សកម្មជនរិះគន់ព្រំដែន នៅតែមិនអស់ចិត្ត ចំពោះការពន្យល់បំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងរដ្ឋសភា អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ក៏ប៉ុន្តែអ្នកតំណាងរាស្ត្រ និងសកម្មជនរិះគន់ព្រំដែន បានកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រី ពិតជាបានទទួលស្គាល់ថា ដំណើរការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម គឺពិតជាបានបោះចូលទឹកដីកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអាននូវចម្លើយ ដែលបានព្រាងទុក អមដោយអត្ថាធិប្បាយ និងបញ្ចាំងឯកសារផែនទីផងដែរ។ ដោយចំណាយពេលជាង ៥ ម៉ោង ដើម្បីពន្យល់បំភ្លឺដល់រដ្ឋសភា នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា អ្វីដែលរដ្ឋាភិបាលរបស់លោក បានបោះបង្គោលព្រំដែនជាមួយវៀតណាម គឺផ្អែកទៅលើផ្លូវច្បាប់ និងអ្វីដែលសម្តេចឪ នរោត្តម សីហនុ បានបន្សល់ទុកឲ្យប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសធានាចំពោះមុខរដ្ឋសភា និងប្រជាជនកម្ពុជាថា កម្ពុជាមិនមានបាត់បង់ទឹកដី ទាំងដែនគោក និងទាំងដែនសមុទ្រឡើយ។
ក៏ប៉ុន្តែលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលជាសកម្មជនរិះគន់ព្រំដែន បានតាមដានបទអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ក្នុងរដ្ឋសភាជាង ៥ ម៉ោង តាំងពីដើមដល់ចប់ លោករ៉ុងឈុន ក៏បានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសារភាព និងទទួលស្គាល់ការពិតថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានបោះចូលទឹកដីកម្ពុជា។ វៀតណាម បានបោះបង្គោល ចូលទឹកដីកម្ពុជាប្រមាណជាង ២១៦០ ហិកតា។ រីឯខាងកម្ពុជា បោះចូលទឹកដីវៀតណាមជាង ៩០០ ហិកតា ហើយទូទាត់ទៅ មានជាង ១០០០ ហិកតា ដែលវៀតណាម ត្រូវសងដល់កម្ពុជា តែមិនមានការបំភ្លឺពីនីតិវិធីឲ្យបានច្បាស់លាស់។
លោករ៉ុងឈុន ក៏បានរិះគន់លើលោកនាយករដ្ឋមន្ត្រី ថា មិនគួរប្រកាសចងខ្លួនឯង លើករណីថា កម្ពុជាបាត់បង់សិទ្ធិ ក្នុងការទាមទារទឹកដីកម្ពុជាក្រោម និងដែនកោះមួយចំនួនទៀត ចាប់តាំងពីឆ្នាំ១៩៦៤។ រដ្ឋាភិបាលគួរបើកចំហទុកលទ្ធភាពឲ្យកូនខ្មែរជំនាន់ក្រោយទាមទារ។
ចំណែកតំណាងគណបក្សប្រឆាំងសមរង្ស៊ី បានសំដែងការរីករាយនឹងវត្តមានលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ដែលបានចូលឆ្លើយបំភ្លឺរដ្ឋសភា ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងជាម្ចាស់សំណួរ ហើយបានអង្គុយតាមដានបទអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំរដ្ឋសភា ក៏បានថ្លែងប្រាប់អ្នកកាសែតដោយសំដែងការសោកស្តាយដោយសារតែនាយករដ្ឋមន្ត្រី បានយកវេទិកាសភា ដោយប្រើប្រាស់វិទ្យុ និងទូរទស្សន៍ បន្ទោសបង្អាប់ និងបង្ខុសការពិតលើគណបក្សប្រឆាំងក្នុងបញ្ហាព្រំដែន។
លោកសុនឆ័យ បានបដិសេធថា គណបក្សប្រឆាំងមិនបានប្រើសំណួររឿងព្រំដែន ដើម្បីបន្ទោសបង្អាប់រដ្ឋាភិបាល ឬក៏លើកពីព្រំដែនខាងកើត រវាងកម្ពុជា និងវៀតណាម ដោយបំភ្លេចបញ្ហាព្រំដែនខាងលិច រវាងកម្ពុជា និងថៃនោះទេ។ តំណាងគណបក្សសមរង្ស៊ី ក៏បានបដិសេធដាច់អហង្ការថា គណបក្សប្រឆាំងរបស់លោក មិនមានផែនការប្រើប្រាស់ប្រធានបទព្រំដែន ដើម្បីផ្តួលរំលំរដ្ឋាភិបាលឡើយ។
យ៉ាងណាក៏ដោយ លោកសុនឆ័យ មិនទាន់ហ៊ានទាញការសន្និដ្ឋានភ្លាមថា ការពន្យល់បំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន រឿងព្រំដែននៅថ្ងៃនេះ ត្រឹមត្រូវ ឬយ៉ាងណាទេ ព្រោះថាគណបក្សប្រឆាំង ត្រូវការពិនិត្យឲ្យម៉ត់ចត់លើបញ្ហាបច្ចេកទេសជាច្រើនទៀត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ (3)
ការប្រជែងគ្មា
ការប្រជែងគ្មាដោយមិនឈរលើភាពត្រឹមត្រូវបានត្រឹមតែជាមេរៀនផុយរលួយប៉ុណ្ណោះសម្រាប់កូនខ្មែរគ្រប់ជំនាន់។ មិនថាកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែមិនអាចស្វែងរកខ្លួនឯងមកវិញបាន។ ភាពអាម៉ាស់ដែលបានបន្សល់ទុកដោយដូនតានៅតែបន្តជាឧបសគ្គនៅក្នុងការអភិវឌ្ឍមាតុភូមិដ៏ដូចមួយនេះ។ តើខ្មែរអាចដណ្តើមយកភាពអៀនខ្មាស់របស់ខ្លួនមកវិញបានទេ? ការលះបង់ភាពអាត្មានិយម និងអញគំនិតគឺជាមាគ៌ានាំទៅរកសុភមង្គលដ៏ពិតប្រាកដសម្រាប់ជនជាតិមួយនេះមិនខាន។ ចាំបាច់ត្រូវមានការចូលរួម និងដោយការយល់ដឹងច្បាស់លាស់។
សភាជាតិខ្មែរ
លោកហ៊ុនសែន បានឆ្លៀតយកវេទិការសភា ដើម្បីរើកកាយយកអតីតកាលរបស់លោកសុនឆៃមកលាតត្រដាង ក្នុងគោលបំណងចាក់ចុច បំបែកបំបាក់គណបក្សប្រឆាំងទៀតហើយ។
ការអានរបាយការណ៎ របស់លោកនាយករដ្ឋមន្ត្រីនោះ មិនមានលក្ខណៈប្រជាធិប្បតេយ្យទេ ហើយមិនអាចយកជាការបានផង ព្រោះពុំមាន ការសួរដេញដោលផ្ទាល់។
khmer tha dak jam
ber VN song dai khmer vin, VN ning lop 1000+++
ប្រតិកម្មជុំវិញអត្ថបទនេះ