រដ្ឋាភិបាលប្រើយុវជនស្ម័គ្រចិត្ត ១.១០០ នាក់វាស់វែងដីធ្លីឲ្យប្រជាជន
ក្រុមយុវជនស្ម័គ្រចិត្តចំនួន ១.១០០ នាក់ បានចូលរួមជាមួយមន្ត្រីជំនាញ ក្នុងប្រតិបត្តិការផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាជន។ ក្រុមយុវជនទាំងនោះ ស្លៀកខោអាវទាហានប៉ារ៉ា មួកមានសញ្ញាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រុមយុវជនទាំងនោះ នឹងចេញដំណើរទៅបំពេញបេសកកម្ម ជាមួយមន្ត្រីជំនាញតាមភូមិឃុំទូទាំងប្រទេស នាថ្ងៃទី២៨មិថុនាខាងមុខ។ ក្នុងពិធីនៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក ម៉ម សំណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលរងការចោទប្រកាន់ថា បានបំផុសប្រជាជនឲ្យចាប់ដី បង្កើតតំបន់អបគមន៍ក្នុងជម្លោះដីធ្លីនៅខេត្តក្រចេះ។
ក្រុមយុវជនស្ម័គ្រចិត្ត ១.១០០ នាក់ បានជួបសំណេះសំណាលជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃ២៦មិថុនាឆ្នាំ២០១២ នៅសាលសន្និសីទ កោះពេជ្រ ក្នុងទីក្រុងភ្នំពេញ។ ក្រុមយុវជន ដែលដឹកនាំដោយលោក ហ៊ុន ម៉ានិត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការឧត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមយុវជនទាំងនោះ នឹងត្រូវចេញដំណើរចុះទៅចូលរួមក្នុងប្រតិបត្តិការផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាជន នៅទូទាំងប្រទេសជាមួយនឹងមន្ត្រីជំនាញ នាថ្ងៃទី២៨មិថុនាខាងមុខ។
ដំណើរទៅកាន់មូលដ្ឋាននោះ មិនកំណត់រយៈពេលទេ តែក្រុមដំបូង ត្រូវចុះទៅរយៈពេល ១ ខែ គិតចាប់ពីថ្ងៃ២៨មិថុនា។
ក្នុងពិធីជួបជុំនៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសផ្តល់ឲ្យនូវយុវជនស្ម័គ្រចិត្តទាំងនោះ នូវទឹកប្រាក់ ១០០ ដុល្លារ ម្នាក់ព្រមទាំងប្រាក់ចំណាយម្នាក់ៗ ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ។
ប្រតិបត្តិការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាជន ពេលនេះ ធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤មិថុនា បានប្រកាសនូវនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ដែលជាការដោះស្រាយជម្លោះសម្បទានដីសង្គមកិច្ច ដើម្បីកាត់ចែកឲ្យប្រជាជនទូទាំងប្រទេស ពិសេសអ្នកកំពុងមានបញ្ហាទំនាស់ដី ជាមួយក្រុមហ៊ុនសម្បទាន។
ក្នុងពិធី នៅព្រឹកមិញ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសដាក់ចេញនូវវិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ពាក់ព័ន្ធនឹងការបំផុសចលនាឲ្យមានការចាប់ដីខុសច្បាប់ និងបង្កើតជាតំបន់អបគមន៍ ពិសេសក្នុងករណីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ដោយសម្តីខ្លាំងៗថា រដ្ឋាភិបាលបន្តចាត់វិធានតាមផ្លូវច្បាប់ ជាមួយមេខ្លោង ដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ មេខ្លោង នោះ កំពុងរស់នៅក្រៅប្រទេសជាមួយលោក សួន សេរីរដ្ឋា ហើយចង់ផ្តួលរំលំរដ្ឋាភិបាល តាមរយៈបង្កើតឲ្យមានអំពើហិង្សា។ លោកនាយករដ្ឋមន្ត្រី ក៏ព្រមានដល់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីដោយខុសច្បាប់។
ជាមួយនឹងប្រសាសន៍ដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់ មេខ្លោង ក្នុងសមាគមអ្នកប្រជាធិបតេយ្យ ដែលមានឈ្មោះនៅក្នុងដីកា តាមចាប់ខ្លួន ពាក់ព័ន្ធនឹងការចាប់ដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យចេញមកសារភាព។ បុរសទាំង ៥ នាក់នោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី អះអាងថា មានម្នាក់ បានចេញមកសារភាព កាលពីថ្ងៃទី១៦មិថុនា គឺមួយខែក្រោយពីកម្លាំងចម្រុះរបស់រដ្ឋាភិបាល បណ្តេញក្រុមប្រជាជន ដែលអាជ្ញាធរ ហៅថា ក្រុមអនាធិបតេយ្យ ចេញពីដីជម្លោះ នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៦ឧសភា បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ