អានតួអត្ថបទ
កម្ពុជា

ក្រុម​អ្នកការពារ​ព្រៃឈើ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឈុត​ វុទ្ធី​​នៅខេត្ត​កោះកុង​

នៅ​ថ្ងៃសុក្រ​ទី១១​ឧសភា​នេះ ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​ មក​ពី​សហគមន៍​ជា​ច្រើន រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​សរុប​ជិត ៥០០ នាក់​ មាន​ទាំង​ព្រះសង្ឃ​ផង​បាន​ជិះ​ឡាន ​ទួរីស​ ប្រភេទ ១២ ​កៅអី ​ចំនួន ២៨ គ្រឿង​ ចេញ​ពី​ទី​រួម​ខេត្ត​កោះកុង ​ទៅ​កាន់​ចំណុច​វាលបី ​ក្នុង​ស្រុក​មណ្ឌលសីមា​ ដែល​មាន​ចម្ងាយ​ប្រមាណ ៦០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកោះកុង ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ឈុត វុទ្ធី ​សកម្មជន​ការពារ​ព្រៃឈើ ​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ កាលពី​ថ្ងៃ​ទី​២៦​មេសា​។ ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ បាន​កាច់​មែកឈើ ធ្វើ​ជា​រូប​សំណាក សព​លោក ឈុត វុទ្ធី ហើយ​អុច​ធូប និង​ប្តេជ្ញា​ចូលរួម​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​មិន​រួញ​រា​។ ​អ្នកចូលរួម​ពិធី​ជួប​នោះ​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ ចាប់​ជន​ដៃដល់​ពិត​ប្រាកដ មក​ផ្តន្ទាទោស​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​លោក​ឈុត​ វុទ្ធី​ ផងដែរ​។

សកម្មជន​​ការពារ​​ព្រៃឈើបាន​ចេញ​​ពី​ទី​​រួម​ខេត្ត​កោះកុង​ទៅដល់​​ចំណុច​​វាលបី​​ក្នុង​​ស្រុក​​មណ្ឌល​​សីមា​
សកម្មជន​​ការពារ​​ព្រៃឈើបាន​ចេញ​​ពី​ទី​​រួម​ខេត្ត​កោះកុង​ទៅដល់​​ចំណុច​​វាលបី​​ក្នុង​​ស្រុក​​មណ្ឌល​​សីមា​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក្បួន​ឡាន​របស់​សកម្មជន​ការពារ​ព្រៃឈើ បាន​ចេញ​ពី​ទី​រួម​ខេត្តកោះកុង ទៅដល់​ចំណុច​វាលបី ​ក្នុង​ស្រុក​មណ្ឌល​សីមា​ នៅ​ម៉ោង​ជាង ១១ ព្រឹក​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ​២០១២​។​ នៅ​កន្លែង​ដែល​ឃាតក ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី​ ក្រុម​អ្នក​ការពារ​ព្រៃឈើ បាន​កាច់​មែកឈើ ធ្វើ​ជា​រូបសំណាក​សព​លោក ឈុត វុទ្ធី ដោយ​បិទ​រូបថត​នៅមុខ​រូប​សំណាក់​នោះ ហើយ​ពាក់​មួក​ឆាង​ម៉ាង ដែល​លោក​ឈុត​វុទ្ធី ចំណាំ​ពាក់​។ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នាំគ្នា​អុច​ធូប ​ហើយ​ដើរ​ជា​ជួរ ​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ ​ទៅ​កន្លែង​លោក ឈុត វុទ្ធី ត្រូវ​គេ​បាញ់​សម្លាប់ កាលពី​ថ្ងៃ​២៦​មេសា​។ នេះ​បើ​តាម​ការរៀបរាប់​របស់លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង ដែល​បានធ្វើ​ដំណើរ​តាម​ក្បួន​ឡាន​ជាមួយ​នឹង​សកម្មជន​ការពារ​ព្រៃឈើ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក​អ៊ិន​គង់​ជិត បានឲ្យដឹងថា សកម្មជន​ការពារ​ព្រៃឈើ បាន​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ ដោយ​មាន​ព្រះសង្ឃ សូត្រធម៌ ឧទ្ទិស​កុសល​ដល់​សព​លោក​ឈុត​វុទ្ធី ថ្លែង​វិយោក​ថា និង​ចំណាប់អារម្មណ៍​របស់​សង្គម​ស៊ីវិល ព្រមទាំង​តំណាង​សកម្មជន​ការពារ​ព្រៃឈើ​។

សកម្មជន​សិទ្ធិមនុស្ស​បាន​បន្ថែមថា ​សកម្មជន​ការពារ​ព្រៃឈើ ដែល​ធ្លាប់បាន​ចូលរួម​សកម្មភាព​ដើរ​ល្បាត​ការពារ​ព្រៃឈើ ជាមួយនឹង​លោក​ឈុត​វុទ្ធី ក៏​បាន​ថ្លែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចាប់​អ្នកដៃដល់​ពិតប្រាកដ យក​មក​ផ្តន្ទាទោស ហើយ​សកម្មជន​ទាំងនោះ ក៏​បាន​ថ្លែង​ប្តេជ្ញាចិត្ត ចូលរួម​ការពារ​ព្រៃឈើ​បន្តទៀត ដោយ​មិន​រួញរា។

ក្រៅពី​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វុទ្ធី ក្រុម​សកម្មជន​ការពារ​ព្រៃឈើ ដែល​រួម​ទាំង​សកម្មជន​ការពារ​ព្រៃ​ឡង់ បាន​ចូលទៅ​ក្នុង​ការដ្ឋាន​អារ​ឈើរបស់ក្រុមហ៊ុននៅ​ជិត​នោះ ប៉ុន្តែ​មិន​បាន​ចូល​ព្រៃ​ជ្រៅ ដើម្បី​ដើរ​ល្បាត រុករក​បទល្មើស​ព្រៃឈើ ក្នុង​ជួរ​ភ្នំក្រវាញ​នោះទេ។

តាម​សកម្មជន​ការពារ​ព្រៃឈើ ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន នៅ​កន្លែង​លោក​ឈុត​វុទ្ធី ស្លាប់​នោះ គឺ​ក្រុមហ៊ុន​បាន​ដឹក​ជម្លៀស​ម៉ាស៊ីន​អារឈើ គំនរ​ឈើ និង​វល្លិ៍​ម្លៀត ត្រូវបាន​ដឹក​ចេញ​អស់​ថ្មីៗ​នេះ​។ នៅ​ក្រុមហ៊ុន​នោះ មាន​ប៉េអឹម​ច្រើន​នាក់ ឈរ​ការពារ និង​ហាម​មិន​ឲ្យ​ប្រជា​សហគមន៍​ប៉ះពាល់​កម្ទេច​ឈើ ដែល​សេសសល់​ឡើយ​។
នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១២ ក្រុម​ពលរដ្ឋ រួមទាំង​ព្រះសង្ឃ បាន​ជិះ​ឡាន វិល​ត្រឡប់ ទៅ​កាន់​ទី​រួម​ខេត្តកោះកុង​វិញ​។
សកម្មជន​សិទ្ធិមនុស្ស បានឲ្យដឹងថា ពលរដ្ឋ​ជា​សកម្មជន​ការពារ​ព្រៃឈើ នៅ​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​សមត្ថកិច្ច​រារាំង មិន​ឲ្យ​ឡើង​ជិះ​ឡាន​ចេញពី​ភូមិ​កំណើត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ