អានតួអត្ថបទ
កម្ពុជា-ថៃ

បញ្ហា​ព្រះវិហារ៖ កម្ពុជា​ត្រជាក់ ថៃ​ឡើង​កម្តៅ

ខណៈ​ដែល​កម្ពុជា​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ចូលរួម​សវនាការ​បកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែ​មេសា​ខាងមុខ​នេះ នយោបាយ​ប្រទេស​ថៃ​បាន​ឡើង​កម្តៅ​ជា​ថ្មី។ ក្រុម​អាវ​លឿង​ថៃ​បាន​ប្រកាស​ព្រមាន​រដ្ឋាភិបាល​ទុក​ជា​មុន​ថា កុំ​ឲ្យ​ទទួល​ស្គាល់​យុត្ថាធិការ​នៃ​តុលាការ​ក្រុង​ឡាអេ​។ ការ​ព្រមាន​បែប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អាវលឿង​ថៃ​ដឹង​ថា ថៃ​នឹង​ចាញ់​ប្រៀប​កម្ពុជា​ក្នុង​សំណុំរឿង​នេះ។

ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨
ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨ ©AFP
ផ្សាយពាណិជ្ជកម្ម

នយោបាយ​ថៃ​បាន​បន្ត​ឡើង​កម្តៅ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​បាន​ប្រកាស​កាលបរិច្ឆេទ​ស្តីពី​ការ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ ទាក់ទង​នឹង​បញ្ហា​ព្រះវិហារ​ទៅ​តាម​ពាក្យបណ្តឹង​របស់​កម្ពុជា។ នៅ​ចុង​សប្តាហ៍​នេះ ក្រុម​អាវ​លឿង​ថៃ​ដែល​គេ​ស្គាល់​ថា ជា​អ្នកគាំទ្រ​រាជានិយម​បាន​ព្រមាន​រដ្ឋាភិបាល​របស់​ខ្លួន​កុំ​ឲ្យ​ទទួល​ស្គាល់​យុត្ថាធិការ​តុលាការ​ក្រុងឡាអេ។ កាសែត​ថៃ​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា មេដឹកនាំ​ក្រុម​អាវ​លឿង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ពួក​គេ​នឹង​ដាក់​ញត្តិ​មួយ​ទៅ​រដ្ឋាភិបាល​នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​សុំ​កុំ​ឲ្យ​ទទួល​ស្គាល់​ការសម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​ទាក់ទង​នឹង​បញ្ហា​ព្រះវិហារ។ ក្រុម​អាវ​លឿង​ថៃ​បាន​ព្រមាន​ទៀត​ថា ខ្លួន​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ចំណាត់ការ​ណា​មួយ​ដែល​អាច​ដាក់​ប្រទេស​ថៃ​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ចាញ់​ប្រៀប​កម្ពុជា។

ការ​ព្រមាន​របស់​ពួក​អាវ​លឿង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆាយ​គុល​បាន​ទទួល​ស្គាល់​ថា ភាគី​ថៃ​គ្មាន​សង្ឃឹម​ថា​ឈ្នះ​កម្ពុជា​បាន​ទេ​ក្នុង​សំណុំរឿង​វិហារ។ ប្រមុខ​ការទូត​ថៃ​បាន​ចោទ​សំណួរ​ថា តើ​អតីត​នាយក​រដ្ឋមន្ត្រី អា​ភី​ស៊ីត វាចា​ជីវ៉ា បាន​ធ្វើ​អ្វី​ខ្លះ​ជាមួយ​កម្ពុជា​រហូត​ដល់​កម្ពុជា​ប្តឹង​ទៅ​តុលាការ​ក្រុងឡាអេ​ឲ្យ​បកស្រាយ​រឿង​នេះ​ជា​ថ្មី។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អាវ​លឿង​ថៃ​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កុំ​ឲ្យ​អនុវត្តន៍​តាម​បញ្ជា​របស់​តុលាការ​ដែល​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​ដក​ពលទាហាន​ចេញពី​តំបន់​គ្មាន​កងទ័ព​នៅ​ក្បែរ​ប្រាសាទព្រះវិហារ។

សូម​បញ្ជាក់​ថា តប​​តាម​បណ្តឹង​របស់​កម្ពុជា​ដែល​ប្តឹង​ទាមទារ​ឲ្យ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​សំណុំរឿង​ព្រះវិហារ​ឡើង​វិញ តុលាការ​ទីក្រុង​ឡាអេ​បាន​កំណត់​ថា នឹង​បើក​សវនាការ​ជំនុំជម្រះ​បណ្តឹង​នេះ ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ នេះ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ភាគី​កម្ពុជា។ លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា កម្ពុជា​បាន​ត្រៀម​រួចរាល់​អស់​ហើយ​ទាំង​អ្នកជំនាញ ទាំង​ឯកសារ​ផ្សេងៗ​ដើម្បី​ទៅ​ចូលរួម​ក្នុង​សវនាការ​នេះ។ ប៉ុន្តែ ភាគី​ថៃ​ដែល​ដឹង​ជា​មុន​ថា​នឹង​ចាញ់​ប្រៀប​កម្ពុជា​ក្នុង​សំណុំរឿង​ព្រះវិហារ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រំជើបរំជួល​ជាថ្មី។ រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ទីក្រុង​ភ្នំពេញ​កំពុង​ទទួល​រង​សម្ពាធ​ជា​ថ្មី​ពី​ក្រុមប្រឆាំង​ទាក់ទង​នឹង​សំណុំរឿង​ព្រះវិហារ​ដ៏​រសើប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ