អានតួអត្ថបទ
កម្ពុជា

របាយការណ៍​បង្ហាញ​ថា ប្រជាជន​កម្ពុជា​នៅ​ជនបទ ៥០% មក​រក​ការងារ​ធ្វើ នៅ​ភ្នំពេញ

ក្រសួង​ផែនការ​របស់​ប្រទេស​កម្ពុជា សហការ​នឹង​អង្គការ​មូលនិធិ​សហប្រជាជាតិ សំរាប់​ប្រជាជន ប្រចាំ​ប្រទេស​កម្ពុជា UNFPA បាន​រកឃើញថា ប្រជាជន​កម្ពុជា​ប្រមាណ ៥០% បាន​ផ្លាស់​ទីលំនៅ ពី​ជនបទ ចូល​មក​រក​ការងារ​ធ្វើ នៅ​ភ្នំពេញ​។ របាយការណ៍ ដែល​បាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​៣​កញ្ញា​នេះ បង្ហាញថា ក្នុង​ចំណោម​អ្នក​ធ្វើ​ចំណាកស្រុក ភាគច្រើន គឺ​ជា​ប្រជាជន​វ័យក្មេង អាយុ​ពី ១៥ ទៅ ២៩ ឆ្នាំ​។ ការផ្លាស់ប្តូរ​ទីលំនៅ ចេញពី​ស្រុក​ភូមិ​របស់​ខ្លួន ក្នុង​គោលបំណង ស្វែងរក​ការងារ​ធ្វើ ដើម្បី​រក​ប្រាក់ចំណូល មក​ជួយ​ផ្គត់ផ្គង់ ដល់​គ្រួសារ ដែល​កំពុង​រស់នៅ​ស្រុក​កំណើត​។​

របាយការណ៍​បង្ហាញ​ថា ប្រជាជន​កម្ពុជា​នៅ​ជនបទ ៥០% មក​រក​ការងារ​ធ្វើ នៅ​ភ្នំពេញ
របាយការណ៍​បង្ហាញ​ថា ប្រជាជន​កម្ពុជា​នៅ​ជនបទ ៥០% មក​រក​ការងារ​ធ្វើ នៅ​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ស្រាវជ្រាវ ស្តីពី ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ប្រជាជន​កម្ពុជា ពី​តំបន់​ជនបទ ទៅ​តំបន់​ទីប្រជុំជន ឆ្នាំ​២០១១ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រសួង​ផែនការ និង​អង្គការ​មូលនិធិ​សហប្រជាជាតិ សំរាប់​ប្រជាជន​ប្រចាំ​ប្រទេស​កម្ពុជា UNFPA​។ របាយការណ៍​នោះ ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ របាយការណ៍​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ប្រមាណ ៥០ ភាគរយ បាន​ចាកចេញ​ពី​ស្រុក​ភូមិ​នៅ​ជនបទ ចូលមក​រស់នៅ​ទីក្រុង​ភ្នំពេញ​។ របាយការណ៍​ក៏​បាន​បង្ហាញថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ សព្វថ្ងៃ បាន​កើនឡើង​ដល់​ទ្វេដង បើ​ធៀប​នឹង​ជំរឿន កាលពី​ឆ្នាំ​១៩៩៨​។ ពោល​គឺ​ក្នុងចំណោម​ប្រជាជន​កម្ពុជា ១០​នាក់ មាន​ម្នាក់ រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

ការ​សិក្សា​ស្រាវជ្រាវ​នោះ បាន​ធ្វើឡើង ក្នុង​សំណាក​ភូមិ​គំរូ នៅ​តំបន់​ជនបទ ចំនួន ៣៧៥ ភូមិ​។ លទ្ធផល​នៃ​ការសិក្សា​ស្រា​ជ្រាវ ក៏​បាន​បង្ហាញថា ក្នុងចំណោម​ជន ដែល​បាន​ធ្វើ​ចំណាកស្រុក​ភាគច្រើន គឺ​ជា​ប្រជាជន​វ័យក្មេង នៅក្នុង​ក្រុម​អាយុ​ពី ១៥ ទៅ ២៩ ឆ្នាំ​។ នេះ​ជា​មូលហេតុ​មួយ ដែល​ធ្វើឲ្យ​អត្រា​មនុស្សចាស់ នៅក្នុង​ភូមិ កាន់តែ​មាន​កម្រិត​ខ្ពស់​។ ចំពោះ​ទិដ្ឋភាព​យ៉េនឌ័​រ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា គម្លាត​យ៉េនឌ័​រ បាន​កើតមានឡើង នៅ​ក្នុង​ការផ្លាស់ប្តូរ​ទីលំនៅ​នៅ​កម្ពុជា ដោយ​ស្តែងឡើង​តាម​រូបភាព​ជា​ច្រើន​។ ក៏​ប៉ុន្តែ​ស្ត្រី ដែល​បាន​ធ្វើ​ការផ្លាស់ប្តូរ​ទីលំនៅ ហើយ​រក​ចំណូល បាន​តិច​ជាង​បុរស បែរ​ជា​ស្ត្រី​នោះ បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត ច្រើន​ជាង​បុរស​។

ចំពោះ​គោលបំណង នៃ​ការផ្លាស់ប្តូរ​ទីលំនៅ ឬ​ចំណាកស្រុក​ពី​ជនបទ ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ត្រូវបាន​របាយការណ៍ លើកឡើងថា ភាគច្រើន មក​ស្វែងរក​ការងារ​ធ្វើ ដើម្បី​រក​ប្រាក់ចំណូល ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ ដែល​កំពុង​រស់នៅ​ស្រុក​កំណើត​។ តាមរយៈ​ការអង្កេត​ជាមួយនឹង​មេភូមិ បានបង្ហាញ​ថា ការបាត់បង់​កម្លាំង​ពលកម្ម​ក្នុង​ភូមិ គឺជា​ផលប៉ះពាល់​អវិជ្ជមាន​មួយ ដែល​បណ្តាល​មក​ពី​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន នៅតាម​មូលដ្ឋាន​ទាំង​នោះ​។​

លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​លើក​ឡើង​ថា អត្ថប្រយោជន៍​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​ការធ្វើឲ្យ​មាន​ប្រភពព័​ត៌មាន ដែល​ផ្អែកលើ​ភស្តុតាង សម្រាប់​ការរៀបចំ​គោលនយោបាយ ការធ្វើផែនការ និង​ការរៀបចំ​កម្មវិធី​វិនិយោគ សំដៅ​ដោះស្រាយ​នូវ​ផលវិបាក​ទាំងឡាយ​របស់​បាតុភូត​សង្គម ឬ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​កម្ពុជា​។ ចំណែក​ប្រធាន​មូលនិធិ​សហប្រជាជាតិ សំរាប់​ប្រជាជន ប្រចាំ​នៅ​កម្ពុជា UNFPA បាន​លើកឡើង​ថា របាយការណ៍​ថ្មី​នេះ អាច​ជួយ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា អ្នក​តាក់តែង​ច្បាប់ ម្ចាស់ជំនួយ និង​អ្នក​រួម​ចំណែក​ដទៃ​ទៀត សម្រាប់​ធ្វើ​ផែនការ​អភិវឌ្ឍ និង​ស្វែងរក​ដោះស្រាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ