កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 21 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 21 តុលា 2012

ការ​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេចឳ​កាន់តែមាន​សភាព​ធំធេង​ឡើង

ការ​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេចឳ​កាន់តែមាន​សភាព​ធំធេង​ឡើង
ការ​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេចឳ​កាន់តែមាន​សភាព​ធំធេង​ឡើង

ដោយ ប៉ែន បូណា

ថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ថ្ងៃទី៥​ហើយ​នៃ​ការ​កាន់ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ​សម្តេច​ព្រះនរោត្តម​សីហនុ។ ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​មាន​សភាព​គគ្រឹកគគ្រេង​យ៉ាង​ខ្លាំង ទាំង​នៅ​ក្នុង​ព្រះបរមរាជវាំង ទាំង​នៅ​ខាង​ក្រៅ។ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ព្រះសង្ឃ​ជិត ៧០០០ អង្គ​ដែល​និមន្ត​មក​ពី​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​ជួបជុំ​សូត្រមន្ត​នៅ​ពីមុខ​ព្រះបរមរាជវាំង​ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឳ។ នេះ​ជា​ពិធី​សូត្រធម៌​រួមគ្នា​ដ៏​ធំ​បំផុត​មួយ​ចាប់​តាំង​ពី​សម្តេច​ឳ​បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃទី១៥ តុលា​មក។

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
 

21/10/2012 by ប៉ែន បូណា

ពិធី​សូត្រមន្ត​បង្សុកូល​ដ៏​ធំ​បំផុត​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ពីមុខ​ព្រះ​បរមា​រាជវាំង​ដោយ​មាន​ព្រះសង្ឃ​ជិត ៧០០០ អង្គ​ចូលរួម។ ពិធី​នេះ​រៀបចំឡើង​ដោយ​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ​ដើម្បី​ឧទ្ទិស​មហាកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះមហាវីរក្សត្រ​សម្តេចព្រះ នរោត្តម សីហនុ។ ពិធី​សាសនា​ដ៏​ធំ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​ពុទ្ធបរស័ទ​ចាស់​ក្មេង​យ៉ាង​ច្រើន​កុះករ ដោយ​មាន​ទាំង​ការ​តាំង​សម្មាធិ​ទៀត​ផង។
នេះ​ជា​ពិធី​សូត្រធម៌​ដ៏​ធំ​បំផុត​មួយ​ចាប់​តាំង​ពី​ការ​សោយ​ទិវង្គត​របស់​អង្គ​សម្តេចឳ​កាលពី​ថ្ងៃទី១៥ តុលា​មក។ ក្រៅ​ពី​នោះ ពិធីសូត្រមន្ត​បង្សុកូល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គ្រប់​ទីវត្តអារាម និង​តាម​មន្ទីរ​ស្ថាប័នរដ្ឋ​នានា​នៅ​ក្នុង​ឱកាស​នៃ​ការ​កាន់ទុក្ខ​ថ្នាក់ជាតិ​រយៈពេល​៧ថ្ងៃ ចាប់​ពី​ថ្ងៃទី ១៧ ដល់ ២៣ តុលា។ ថ្ងៃអាទិត្យ​នេះ គឺ​ជា​ថ្ងៃទី៥​ហើយ​នៃ​ការ​កាន់​មរណទុក្ខ​សម្រាប់​ការ​យាង​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ដ៏​មាន​ប្រជាប្រិយភាព​របស់​ពលរ​ដ្ឋ​ខ្មែរ។
 
នៅ​ក្នុង​ព្រះបរមរាជវាំង​ថ្ងៃនេះ មាន​មេដឹកនាំ​បរទេស​ជាច្រើន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ។ មេដឹកនាំ​បរទេស​ទាំង​នោះ​មាន នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លោក លី ស៊ាន​លុង និង​ភរិយា ប្រធានសភា​ហ្វីលីពីន លោក ហ្វេ​លី​ស៊ី​អា​ណូ ប៊ែ​ល​ម៉ុង​តេ និង​លោក យ៉ាង ហៀ​ង ស៊ើប អនុ​ប្រធានសភា​ប្រជាជនជាន់ខ្ពស់​នៃ​ប្រទេស​កូរ៉េខាងត្បូង។ ក្រៅ​ពី​នោះ មន្ត្រីរាជការ​មកពី​ស្ថាប័ន​នានា​នៅ​តែ​បន្ត​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឳ​ជា​បន្តបន្ទាប់​មិន​ដាច់។
 
នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោក ម៉ាក​ទី ណា​តា​ឡេ​ហ្គា​វ៉ា និង​អនុប្រធានាធិបតី​នៃ​សហភាព​មីយ៉ាន់ម៉ារ លោក សៃ ម៉ូក ខាំ ក៏​នឹង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ​ផង​ដែរ។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា។ នេះ​នៅ​មិន​ទាន់​រាប់​សារលិខិត​រម្លែក​ទុក្ខ​ដែល​ផ្ញើ​មកពី​គ្រប់​ជ្រុងជ្រោយ​នៃ​ពិភពលោក​ផង​ទេ។ ព្រះ​បរមសព​របស់​អង្គ​សម្តេច​ឳ​ត្រូវ​គេ​គ្រោង​នឹង​តម្កល់​ក្នុង​ព្រះបរមរាជវាំង​រហូត​ដល់​ទៅ​៣ខែ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ។
 
គួរ​កត់សម្គាល់​ថា ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះ នរោត្តម សីហនុ គឺ​ជា​ព្រឹត្តិការណ៍​ដែល​ទទួល​បាន​ការ​ចូល​រួម​មរណៈទុក្ខ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មេដឹកនាំ​កម្ពុជា​រយៈពេល​៧០ឆ្នាំ​ចុង​ក្រោយនេះ។ ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស រួមទាំង​ព្រះសង្ឃ​គ្រប់​ទីវ​ត្ត​អារាម​ដែលមាន​សរុប​ជាង ៥ម៉ឺន​អង្គ​នៅ​ទូទាំងប្រទេស សុទ្ធ​តែ​បាន​សូត្រធម៌​ឧទ្ទិសកុសល​​ដល់​ព្រះអង្គ។ ពិធី​សូត្រមន្ត​នៅមុខ​ព្រះបរមរាជវាំង​កាល​ពី​ល្ងាច​មិញ គឺ​ជា​ព្រឹត្តិការណ៍​រួម​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់​កម្លាំង​ការពារ​សន្តិសុខ និង​បោសសម្អាត​ទីធ្លា​មុខ​ព្រះបរមរាជវាំង​ជា​ប្រចាំ​ ដើម្បី​ឲ្យ​ស័ក្តិសម​ជាទីគោរព​សក្ការៈ​របស់​ពលរដ្ឋ និង​ព្រះសង្ឃកម្ពុជា៕

tags: កម្ពុជា - សង្គម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close