សៅរ៍ 09 មិថុនា 2012
ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិថ្មី​នឹងក្លាយជា​ទីលាន​ជម្លោះ​នយោបាយ?​
លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​លោក​សមរង្ស៊ី​
លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​លោក​សមរង្ស៊ី​
RFI/Ly Meng Hour
ដោយ ប៉ែន បូណា

ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៣​ដែល​កើតចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី៣មិថុនា​ទំនងជា​នឹង​ជួប​បញ្ហា​ច្រើន​នៅក្នុង​ដំណើរការ​របស់ខ្លួន។ ​បញ្ហា​នៅត្រង់ថា សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​កាន់​អំណាច​នឹង​ត្រូវ​ប្រឈមមុខ​ខ្លាំង​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​បក្សប្រឆាំង​ពីរ​គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ប្រសិនបើ​គណបក្ស​ទាំងពីរ​នេះ​សហការគ្នា​ដូច​ការអំពាវនាវ​របស់​គណបក្ស​សមរង្ស៊ី​មែន​នោះ។ ​ដូច្នេះ ​ស្ថានការណ៍​អាច​នឹង​វិល​ទៅរក​សភាព​ដើម​កាលពី​ឆ្នាំ២០០២វិញ​ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ក៏​ថា​បាន។ ​តើ​ហេតុអ្វី​បានជា​ដូច្នោះ?

ការមិនចុះ​សម្រុង​គ្នា​ខាង​នយោបាយ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​កាលពី​ការកកើត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដំបូង​ក្នុង​ឆ្នាំ២០០២។​ កាលណោះ​ឃុំ​សង្កាត់​នីមួយៗ​ត្រូវបាន​រំខាន​ដោយ​ការមិន​ស៊ី​សង្វាក់​គ្នា​រវាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សមរង្ស៊ី។​ ប៉ុន្តែ ១០ឆ្នាំ​ក្រោយមក​ ស្ថានការណ៍​មាន​ភាពប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។​ ការរើសអើង​នយោបាយ​លែង​ជា​បច្ចុប្បន្នភាព​ក្តៅ​ដូច​មុន​ទៀតហើយ។

 
ប៉ុន្តែ ​ក្រុមអ្នកវិភាគ​និង​តាន​ដាន​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​បាន​សម្តែង​ក្តីបារម្ភ​ថា​ សម្រាប់​អាណត្តិ​ទី៣នេះ​ អធិករណ៍​ទំនងជា​ផ្ទុះ​ឡើងវិញ​ជាថ្មី​នៅក្នុង​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន ​ហើយ​និង​អាច​ធ្ងន់ធ្ងរ​ជាង​មុន​ផង​ក៏​ថា​បាន។ ​ធ្ងន់ធ្ងរ​ដោយហេតុថា កាលពី​ឆ្នាំ២០០២ ដែល​មានតែ​គណបក្ស​សម រង្ស៊ី​មួយ​ប្រឈម​ជាមួយ​គណបក្ស​ប្រជាជន​ក៏​គង់​មាន​បញ្ហា​មិន​ចុះ​សម្រុង​យ៉ាងខ្លាំង​រួចទៅហើយ។​ ចុះ​ទម្រាំ​ឥឡូវនេះ ​គណបក្សប្រឆាំង​មាន​ដល់​ទៅ​ពីរ ​ហើយ​ម្យ៉ាងទៀត​ គណបក្ស​ដែលជា​សម្ព័ន្ធមិត្ត​របស់​បក្ស​កាន់​អំណាច​បាន​បាត់បង់​សំឡេង​ស្ទើរតែ​អស់រលីង​ទៅហើយ។ ​ដូច្នេះ​ បក្សប្រឆាំង​ទាំងពីរ​ច្បាស់​ជា​នឹង​សហការគ្នា​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ក្រុមប្រឹក្សា​មកពី​គណបក្ស​កាន់​អំណាច​ជាមិនខាន។ ​គណបក្ស​សម រង្ស៊ី​បាន​សម្លឹង​ឃើញ​ផ្លូវ​នេះ​រួចជាស្រេច​តាមរយៈ​ការអំពាវនាវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សិទ្ធិមនុស្ស​រួមជាមួយ​ខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​សមាជិក​មកពី​គណបក្ស​ប្រជាជន។
 
ជាការ​ពិតណាស់ បើទោះបីជា​គេ​នៅ​មើល​មិនទាន់​មើលឃើញ​ពី​លទ្ធភាព​នៃ​ការរួមបញ្ចូល​គ្នា​រវាង​គណបក្សប្រឆាំង​ទាំងពីរ​ក៏ដោយ ក៏ប៉ុន្តែ ត្រឹម​កិច្ច​សហការគ្នា​រវាង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គឺជា​រឿង​ដែល​អាច​ធ្វើបាន​ពីព្រោះ​វា​មិន​ស្មុគស្មាញ​ដូចជា​ការរំលាយ​ចូលគ្នា​នោះឡើយ ហើយ​បើទោះជា​ចង់​ឬ​មិន​ចង់​ក៏​សមាជិក​ក្រុមប្រឹក្សា​របស់​បក្សប្រឆាំង​ទាំងពីរ​មាន​គោលដៅ​តែមួយ​ដូចគ្នា​ដែរ​គឺ​ការ​ទប់ទល់​ជាមួយ​គណបក្សកាន់អំណាច​នេះឯង។
 
ពិត​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​កាន់កាប់​តំណែង​មេឃុំ​ចៅសង្កាត់​ដល់​ទៅ​ជាង ៩០% និង​កាន់កាប់​អាសនៈ​ឃុំ​សង្កាត់​ដល់​ទៅ​ជាង៧០% ប៉ុន្តែ គណបក្សប្រឆាំង​ពីរ​ទៀត​ក៏​ទទួលបាន​តំណែង​លំដាប់​លេខ​ពីរ​ច្រើន​គួរសម​ដែរ​នៅក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាច្រើន។ ដូច្នេះ​បើ​ទោះ​តិច​ឬក៏​ច្រើនក្តី កិច្ចការ​មួយចំនួន​នឹងត្រូវ​រាំងស្ទះ​ឬក៏​ដំណើរការ​ដោយ​ភាព​ប្រទាំង​ប្រទើស​ដោយសារតែ​ការមិនចុះសម្រុង​គ្នា​ក្រោម​សម្ពាធ​នយោបាយ។ ភាព​ប្រទាំង​ប្រទើស​នេះ​អាច​នឹង​ផ្តល់​ផល​ល្អ​ប្រសិនបើ​គណបក្សនីមួយៗប្រើប្រាស់​សម្ពាធ​ដាក់គ្នា​ក្នុងទិសដៅ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ជាង​មុន និង​មាន​តម្លាភាព​ជាង​មុន ប៉ុន្តែ ប្រសិនបើ​ការ​ខ្ទាស់​គ្នា​ទៅវិញទៅមក​គ្រាន់តែ​ដើម្បី​យកឈ្នះ​ចាញ់​ឬក៏​ដើម្បី​ប៉ែង​ជើង​គ្នា​នោះ ប្រាកដ​ណាស់​ថា វា​នឹង​ផ្តល់​ផល​អាក្រក់​ច្រើនជាង។
 
ជាទូទៅ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​មិនសូវ​ជា​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ឡើយ។ គឺ​ទឡ្ហីករណ៍​សត្យានុម័ត​នេះហើយ​ដែល​បង្កើតបានជា​ក្តីបារម្ភ​សម្រាប់​ក្រុមអ្នកវិភាគ​ជាច្រើន​ចំពោះ​ដំណើរការ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ថ្មី​ខាងមុខ ជាពិសេស​នៅក្នុង​បរិបទ​ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​កម្ពុជា​នៅ​ចំណុះ​យ៉ាងខ្លាំង​ក្រោម​ឥទ្ធិពល​របស់​បក្សនយោបាយ​នៅឡើយ។ ប្រសិនបើ​ដូច្នោះ​មែន សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ថ្មី​នេះ ប្រហែលជា​មិនសូវមាន​ពេល​បម្រើប្រជាជន​ម្ចាស់ឆ្នោត​ដូច​ការសន្យា​ប៉ុន្មាន​ទេ តែ​ពួកគេ​ប្រហែលជា​នឹងត្រូវ​ចំណាយពេល​ជាច្រើន​ដើម្បី​សម្តែង​ឬ​ទ្ធិ​ខាង​នយោបាយ​អួត​ដាក់គ្នា​ទៅវិញទៅមក។
ស្ថានភាព​បែបនេះ​មិនមែនជា​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ឡើយ។ នេះ​ជា​អ្វីដែល​គណបក្សនយោបាយនីមួយៗ ជាពិសេស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំងអស់​ត្រូវ​ពិចារណា៕

ពាក្យគន្លឹះ : កម្ពុជា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close