អានតួអត្ថបទ
លីបង់-ស៊ីរី

លី​បង់ ​បិទ​ព្រំដែន​ មិន​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរី ចូល​តទៅ​ទៀត

ប្រទេស​លីបង់ ​សម្រេច​បិទ​ព្រំដែន​នៅ​ថ្ងៃ​នេះ ​មិន​អនុញ្ញាត​ឲ្យ​ជនភៀស​ខ្លួន​ស៊ីរី​ ចូល​ទៀត​ទេ។ លោក​រដ្ឋមន្ត្រី​កិច្ចការ​សង្គម​លីបង់​ បាន​សម្រេច​យ៉ាង​ដូច្នេះ ​គឺ​បន្ទាប់​ពី​មាន​ជនភៀស​ខ្លួន​ស៊ីរី ​កាន់​តែ​ច្រើន​ឡើង​ៗ​ទៅ​កាន់​ទឹក​ដី​លីបង់។ ​នៅ​ពេល​នេះ​ មាន​រហូត​ដល់​១​លាន​២​សែន​នាក់​ហើយ។ លីបង់​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដោយ​សារ​ជួយ​ជនភៀស​ខ្លួន​ស៊ីរី ​ខណៈ​ដែល​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​ ដែល​បាន​សន្យា​ផ្តល់​ជំនួយ​ តែ​មិន​បាន​អនុវត្ត​តាម​សម្តី​របស់​ខ្លួន។

ជន​ភៀស​ខ្លួន​​ស៊ីរី​ កំពុង​​ចម្អិន​អាហារ​ ​នៅ​​ជ្រលង​​ភ្នំ​ បេកា​ ទឹក​​ដី​​លីបង់​។
ជន​ភៀស​ខ្លួន​​ស៊ីរី​ កំពុង​​ចម្អិន​អាហារ​ ​នៅ​​ជ្រលង​​ភ្នំ​ បេកា​ ទឹក​​ដី​​លីបង់​។ @RFI
ផ្សាយពាណិជ្ជកម្ម

ក្នុងមួយថ្ងៃៗ មាន​ប្រជាជន​ស៊ី​រី​ជាង៩ពាន់​នាក់ បាន​រត់ចោល​ផ្ទះសម្បែង​ដោយសារ គេច​ចេញពី​សង្គ្រាម​រប​ស់​សហព័ន្ធ​អន្តរជាតិ​ប្រឆាំងនឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់។

លី​បង់ ជា​ប្រទេស​ដែល​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ច្រើនជាងគេ​នៅលើ​ពិភពលោក។ ដង់ស៊ីតេ​ប្រជាជន បានកើត​ឡើងដល់៥៤០នាក់ ក្នុង១គីឡូម៉ែត្រ​ការ៉េ។ ចំនួន​ជនភៀសខ្លួន​នៅពេល​នេះ គឺ​ស្មើនឹង១ភាគ៣នៃ​ប្រជាជន​សរុប ដែលជា​ការប្រឈមមុខ​នឹង​បញ្ហា និង​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​រដ្ឋាភិបាល​លី​បង់។

សាលា​ធា​រណៈ​របស់​រដ្ឋ បានទទួល​កូនសិស្ស​ស៊ី​រី​ជាង១០ម៉ឺន​នាក់ ឲ្យ​ចូលរៀន​ដោយ​ឥតគិត​ថ្លៃ និង​ទទួល​ទំនុកបម្រុង​ដូច​កូនសិស្ស​លី​បង់​ដែរ។ វត្តមាន​ជនភៀសខ្លួន​ស៊ី​រី​កាន់ច្រើនឡើង​ៗ បានធ្វើ​ឲ្យ​លី​បង់​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច ព្រោះ​ប្រទេស​អន្តរជាតិ​ជាច្រើន​ទៀត ដែល​បាន​សន្យាថា​នឹង​ផ្តល់ជំនួយ តែ​បែរជា​មិនបាន​អនុវត្ត​កាតព្វកិច្ច​ខ្លួន​ទៅវិញ។

នៅក្នុង​នោះ មាន​ប្រទេស​បារាំង ដែល​បាន​សន្យា​កាលពី​ខែកក្កដា​ថា នឹង​ទទួល​ជនភៀស​ខ្លួន​ស៊ី​រី៥០០នាក់។ រហូតមកដល់​ពេលនេះ មនុស្ស៥០០នាក់​ដែល​បាន​ចុះឈ្មោះ​ទាំងនោះ កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​នៅក្នុង​ជំរុំ​នៃ​ប្រទេសជិតខាង​ស៊ី​រី ដែល​ស្ថិតក្នុង​ស្ថានភាព​ជីវិត​យ៉ាង​លំបាក​វេទនា។ អង្គការ Amnesty International ក៏បាន​ស្នើសុំ​ឲ្យ​បារាំង​អនុវត្ត​កិច្ចសន្យា​របស់ខ្លួន​ផងដែរ។

តាមរយៈ​កិច្ចប្រជុំ២សប្តាហ៍ កន្លងទៅនេះ នៅ​ក្រុង Berlin ស្តីពី​បញ្ហា​ជនភៀសខ្លួន​ស៊ី​រី គេ​សម្គាល់​ឃើញថា ប្រទេស​ភាគច្រើន​នៅ​សហភាព​អឺរ៉ុប មិនសូវ​បាន​សាមគ្គី​កៀក​ស្មា​គ្នា​ជួយ​ជនភៀសខ្លួន​នោះទេ។ មាន​ជនភៀសខ្លួន​ស៊ី​រី​តែ៤ភាគរយ​ប៉ុណ្ណោះ ដែល​បានទទួល​សិទ្ធ​ស្នាក់នៅ​ជា​ជន​ភៀស​ស្របច្បាប់​នៅ​អឺរ៉ុប។ ក្នុងនោះ ជាង​ពាក់កណ្តាល បាន​ទៅ​ស្នាក់នៅ​ប្រទេស​ស៊ុយអែត និង​អាល្លឺម៉ង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ