អានតួអត្ថបទ
កម្ពុជា

ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​លោក កឹម សុខា​ផ្តើម​យុទ្ធនាការ​ ឆ្ពោះ​ទៅ​មូលដ្ឋាន​

នៅ​​ថ្ងៃ​​ចន្ទ​ទី​​១៦​​មេសា​​នេះ​ គណបក្ស​​សិទ្ធិ​មនុស្ស​​របស់​​លោក ​កឹម សុខា ​បាន​​ចាប់​ផ្តើម​​អនុវត្ត​​យុទ្ធសាស្ត្រ​ "​ដំណើរ​​ឆ្ពោះ​​ទៅ​មូលដ្ឋាន ​ដើម្បី​​សិទ្ធិ​មនុស្ស​និង​​ការ​ផ្លាស់​ប្តូរ​"​។​ នោះ​​គឺ​​លោក​ កឹម សុខា ​ប្រធាន​​គណបក្ស​​សិទ្ធិ​មនុស្ស​និង​​ជា​​អ្នកតំណាងរាស្ត្រ​​មណ្ឌល​​កំពង់ចាម​ បាន​​ចុះ​​ជួប​​សកម្មជន​ អ្នកគាំទ្រ​​គណបក្ស​​សិទ្ធិ​មនុស្ស​នៅ​តាម​​បណ្តា​ខេត្ត​​ជុំវិញ​​បឹង​​ទន្លេសាប​ និង​​ខេត្ត​​មួយ​ចំនួន​ទៀត​ចាប់ពី​​ថ្ងៃ​​ទី​​១៦​​មេសា ​រហូត​​ដល់​​ថ្ងៃ​​ទី​​៣០​​មេសា​ឆ្នាំ​​២០១២​។​ ផ្តើម​ដំបូង​​នៅ​​ខេត្ត​​កំពង់ឆ្នាំង​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​ លោក​​កឹម​​សុខា ​បាន​​ផ្ញើ​សារ​​នយោបាយ​ទៅ​កាន់​​សកម្មជន​​មូលដ្ឋាន​​ឲ្យ "​ដូរ​​មេឃុំ ​ដែល​​រើសអើង​​បក្ស​ និង​ដាក់​​មេឃុំ​​ដែលបម្រើ​​ខ្មែរ​។​ ដូរ​​មេឃុំ​ ​បម្រើ​​ថៅកែ ​ដាក់​​មេឃុំ​​បម្រើ​​រាស្ត្រ​"​។​

ប្រធានគណបក្ស​សិទ្ធិមនុស្ស លោក កឹម សុខា ផ្តើមយុទ្ថនាការឆ្ពោះទៅមូលដ្ឋានដើម្បីពិនិត្យសិទ្ធិមនុស្ស​
ប្រធានគណបក្ស​សិទ្ធិមនុស្ស លោក កឹម សុខា ផ្តើមយុទ្ថនាការឆ្ពោះទៅមូលដ្ឋានដើម្បីពិនិត្យសិទ្ធិមនុស្ស​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

 

​​គណបក្ស​សិទ្ធិមនុស្ស បាន​បង្ហាញ​ពី​កាលបរិច្ឆេទ នៃ​ដំណើរ​ទៅកាន់​មូលដ្ឋាន​របស់​លោក កឹម​សុខា ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ថ្ងៃ​បន្តបន្ទាប់​នៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ   កំពង់ចាម ព្រៃវែង ស្វាយរៀង រាជធានី​ភ្នំពេញ និង​ចុងក្រោយ គឺ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កណ្តាល​។​

វត្តមាន​របស់​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក កឹម​សុខា តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ខេត្ត​មួយចំនួនទៀត នៅ​មុន​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ នាពេលនេះ ដើម្បី​ឲ្យ​សកម្មជន​អ្នកគាំទ្រ​គណបក្ស​សិទ្ធិមនុស្ស ត្រៀមខ្លួន ទាញ​យក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និង​ដើម្បី​បង្ហាញមុខ​ថ្នាក់ដឹកនាំ​មូលដ្ឋាន មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឃុំ​សង្កាត់ ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​១៨​ឧសភា​។​

​នៅ​ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ផ្តើម​យុទ្ធនាការ ថ្ងៃ​ដំបូង នៅ​ថ្ងៃ​ទី​១៦​មេសា ឆ្នាំ​២០១២ លោក កឹម សុខា   បាន​ជួប​សកម្មជន នៅ​ទីស្នាក់ការ​គណបក្ស​សិទ្ធិមនុស្ស នៅ​ទី​រួម​ខេត្ត ចុះ​ទៅ​ជួប​តាម​ស្រុក និង​តាម​ឃុំ​មួយចំនួន ដែល​គណបក្ស​សិទ្ធិមនុស្ស ត្រៀម ដើម្បី​យកឈ្នះ ជា​មេឃុំ​។​
"​ដំណើរ​ឆ្ពោះ​ទៅ​មូលដ្ឋាន ដើម្បី​សិទ្ធិមនុស្ស និង​ការផ្លាស់ប្តូរ​" ជា​ប្រធានបទ​សំខាន់​របស់​លោក​កឹម​សុខា នៅ​ពេល​ចុះ ទៅកាន់​មូលដ្ឋាន នាពេលនេះ​។

តាម​លោក​កឹម​សុខា អ្នកដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​សម្លឹង​ទៅ​បញ្ហា​មូលដ្ឋាន ពីព្រោះ​គណបក្សប្រឆាំង​មួយ​នេះ ចង់​ប្រាប់​ប្រជាពលរដ្ឋ​ថា ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣​មិថុនា មាន​សារៈសំខាន់​ណាស់​។នោះ​គឺ​ការផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋានទើប​លទ្ធិ​ប្រជា​ធិបតេយ្យ​ មាន​អាយុ​វែង​បាន​។

សារ​នយោបាយ​របស់​លោក​កឹម​សុខាសម្រាប់​សកម្មជន​អ្នកគាំទ្រ​គណបក្ស​​សិទ្ធិមនុស្ស គឺ "​ដូរ​មេឃុំ ដែល​រើសអើង​បក្ស ដាក់​មេឃុំ​បម្រើ​ខ្មែរ ដូរ​មេឃុំ​បម្រើ​ថៅកែ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​"​។ ដូច្នេះ​ឆ្នាំ​២០១២​នេះ ដល់​ពេលវេលា ដែល​ត្រូវ​ផ្លាស់ប្តូរ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការដូរ​​មេឃុំ​។

​ក្នុង​ដំណើរ​ទៅកាន់​ខេត្ត​កំពង់ឆ្នាំងនៅ​ថ្ងៃ​ទី​១៦​មេសា ឆ្នាំ​២០១២ លោក កឹម សុខា មិន​ត្រូវ​បាន​​គេ​រារាំង ឬ​រំខាន​ការជួបជុំ​ជាមួយ​សកម្មជន​ឡើយ​។ ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម​សុខា ស្ថិត​ក្នុងចំណោម​គណបក្ស​នយោបាយ ចំនួន ១០ ដែល​បាន​ចុះឈ្មោះ ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០១២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ