អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនកិច្ច​នៅក្រៅ​ប្រទេស​លើកទីមួយ​របស់​លោកស្រី​អ៊ុងសាន​ស៊ូជី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​អ៊ុងសាន​ស៊ូជី​ដែលជា​អ្នកតំណាង​រាស្ត្រ​និងជា​ប្រមុខ​បក្សប្រឆាំង​ភូមា​នឹង​អញ្ជើញ​ទៅ​ទីក្រុង​បាងកក​នៅ​សប្តាហ៍​ក្រោយ។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​ជាលើកទី​មួយ​ហើយ​របស់​លោក​ស្រី​សម្រាប់​រយៈកាល​២៤ឆ្នាំ​ចុងក្រោយនេះ ​ ​មុននឹង​លោកស្រី​អញ្ជើញ​ទៅ​ទ្វីប​អឺរ៉ុប។

ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ លោកស្រី​អ៊ុងសាន​ស៊ូជី
ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ លោកស្រី​អ៊ុងសាន​ស៊ូជី REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ លោកស្រី​អ៊ុងសាន​ស៊ូជី​មាន​អាយុ​៦៦ឆ្នាំ​ ​ ហើយបាន​ជាប់​ឃុំឃាំង​អស់រយៈពេល​១៥ឆ្នាំ​ ​ នឹង​អញ្ជើញ​ទៅ​ចូល​រួម​ “ជំនួប​ហ្វ័ររូម​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​អាស៊ី​បូព៌ា”​ ​នៅ​ប្រទេស​ថៃ។​ នេះ​ជា​ការប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដោយ​លោក​ Nyan Win ​អ្នកនាំពាក្យ​នៃ​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​( LND )។

នេះ​ជាដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​លើក​ទីមួយ​ហើយ​របស់​លោកស្រី​អ៊ុងសាន​ស៊ូជី​ តាំងពី​លោកស្រី​បាន​អញ្ជើញ​ចូល​មក​ប្រទេស​ភូមា​នៅ​ឆ្នាំ១៩៨៨មក។

គួរបញ្ជាក់ថា​ សន្និសីទ​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី៣០​ឧសភា​ដល់ថ្ងៃ​ទី១​ខែមិថុនា​ឆ្នាំ២០១២។​ អ្នកនាំពាក្យ​បាន​ថ្លែង​ឲ្យដឹងថា​ ​ លោកស្រី​អ៊ុងសាន​ស៊ូជី​នឹង​អញ្ជើញ​ទៅដល់​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​២៨​ឧសភា​ខាងមុខនេះ។​ ប៉ុន្តែ​អាជ្ញាធរ​ថៃ​នៅ​ពុំទាន់​បាន​បញ្ជាក់​ប្រាប់​ពី​វត្តមាន​របស់​លោក​ស្រី​នេះ​នៅឡើយ។

ចំណែកឯ​លោក​ប្រធានាធិបតី​ភូមា​ ថេន​ សេន​ ដែលបាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ពី​កំណែ​ទម្រង់​នយោបាយ​កាលពី​ឆ្នាំទៅ​ ​ នឹងត្រូវ​ចាកចេញ​ពី​ទីក្រុង​ណៃភីដ័រ​​នៅ​ថ្ងៃទី២៩​ឧសភា​ខាងមុខ​ ​ ហើយត្រូវ​ឋិតនៅ​ទីក្រុង​បាងកក​ចំនួន​បីថ្ងៃ​ដើម្បី​ចូលរួម​“ជំនួប​ហ្វ័ររូម​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​អាស៊ី​បូព៌ា”​ ​នៅ​ប្រទេស​ថៃ។​ នេះ​បើយោងតាម​អ្នកទទួល​ខុសត្រូវ​ភូមា​ម្នាក់​ដែល​ពុំ​បញ្ចេញ​ឈ្មោះ។

គួរកត់​សម្គាល់ថា​ ​ លោកស្រី​អ៊ុងសាន​ស៊ូជី​បាន​ត្រូវ​អាជ្ញាធរ​ភូមា​ឃុំឃាំង​ជាលើក​ទី១​នៅ​ឆ្នាំ១៩៨៩។​ លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ ប្រមុខ​បក្សប្រឆាំង​ភូមា​បាន​បាត់បង់​សេរីភាព​អស់រយៈ​ពេល​១៥ឆ្នាំ​ ​ មុននឹង​ត្រូវ​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ខែវិច្ឆិកា​ឆ្នាំ២០១០។​ លោក​ស្រី​ស៊ូជី​ពុំ​ដែលហ៊ាន​ចាកចេញ​ពី​ប្រទេស​ភូមា​ឡើយ​ ​ ដោយខ្លាង​ក្រែង​របបសឹក​ភូមា​ពុំ​អនុញ្ញាត​ឲ្យ​លោកស្រី​វិល​ត្រឡប់​ចូល​ប្រទេស​ភូមា​វិញ។​ ទោះបីជា​នៅពេល​ដែល​ស្វាមី​របស់​លោកស្រី​ដែល​ឈឺ​ធ្ងន់​ដោយ​ជំងឺ​មហារីក​រហូត​ដល់​ស្លាប់​នៅ​ប្រទេស​អង់គ្លេស​ ​ក៏​លោកស្រី​អ៊ុងសាន​ស៊ូជី​នៅ​តែ​ឋិត​នៅ​ទីក្រុង​រ៉ង់ហ្គូន​នៅ​ឆ្នាំ​១៩៩៩។

ក៏​ប៉ុន្តែ​អតីត​ឧត្តមសេនីយ៍​ ថេន​សេន​ ដែលបាន​ធ្វើឲ្យ​គេ​កើតមាន​ការ​ភ្ញាក់ផ្អើល​ដោយ​ហេតុតែ​កំណែ​ទម្រង់​នយោបាយ​របស់​លោក​កាលពី​ឆ្នាំទៅ​ ​ បាន​រំលាយ​របបគ្រប់គ្រង​យោធា​ភូមា​ដោយ​ខ្លួនឯង​នៅ​ខែមីនា​ឆ្នាំ២០១១​ ​ ហើយ​លោកស្រី​អ៊ុងសាន​ស៊ូជី​ក៏​ទទួល​បាន​នូវ​លិខិត​ឆ្លងដែន​ជាលើក​ទីមួយ​របស់​លោកស្រី​នៅ​ដើមខែ​ឧសភា​ឆ្នាំ២០១២។​ លិខិត​ឆ្លងដែន​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោកស្រី​អ៊ុងសាន​ស៊ូជី​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​ឡើងវិញ។

លោកស្រី​អ៊ុងសាន​ស៊ូជី​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​ទី១៤​មិថុនា​ឆ្នាំ២០១២​នៅ​ទីក្រុង​ហ្សឺណែវ​នៅ​មុខ​អង្គការ​អន្តរជាតិ​ខាងការងារ​ (OIT) ​ ​ បន្ទាប់​មក​ទៀត​ លោកស្រី​អ៊ុងសាន​ស៊ូជី​ត្រូវ​អញ្ជើញ​ទៅ​ទីក្រុង​អូសឡូ​ដែល​លោក​ស្រី​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​មួយ​ដែល​លោកស្រី​ត្រូវថ្លែង​កាលពី​២១ឆ្នាំមុន​ ​ ដែលកាលណោះ​ លោកស្រី​អ៊ុងសាន​ស៊ូជី​បាន​ត្រូវ​គេ​ជ្រើស​តែងតាំង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ១៩៩១។

បន្ទាប់​មកទៀត​ ​ លោកស្រី​អ៊ុងសាន​ស៊ូជី​ត្រូវ​អញ្ជើញ​ទៅ​ទីក្រុង​ឡុងដ្រឹ៍​នៃ​ប្រទេស​អង់គ្លេស​ ​ ជាទី​កន្លែង​ដែល​លោកស្រី​ធ្លាប់បាន​ធ្វើការ​សិក្សា​និង​ជាទី​កន្លែង​ដែល​លោកស្រី​ធ្លាប់បាន​រស់នៅ​ជាមួយ​ស្វាមី​និង​បុត្រ​របស់​លោកស្រី។

រីឯ​សភា​អង់គ្លេស​វិញ​បាន​ថ្លែង​ឲ្យដឹងនៅ​ថ្ងៃពុធ​កន្លងទៅ​ថា​ ​ លោកស្រី​អ៊ុងសាន​ស៊ូជី​បាន​យល់ព្រម​ទទួល​ការអញ្ជើញ​ឡើងថ្លែង​សុន្ទរកថា​មួយ​នៅមុខ​សមាជិក​សភា​អង់គ្លេស​ទាំងពីរ​នៅ​ថ្ងៃ​ទី២១​ខែមិថុនា​ឆ្នាំ២០១២​ខាងមុខនេះ។

ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​បាន​ត្រូវ​ស្វាគម​ដោយ​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ David Cameron ​ដែលបាន​ជួប​លោកស្រី​អ៊ុងសាន​ស៊ូជី​នៅទីក្រុង​រ៉ង់ហ្គូន​កាលពី​ខែ​មេសា​កន្លងទៅ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​លោកនាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្លែងថា​ “ការដែល​លោកស្រី​អ៊ុងសាន​ស៊ូជី​អាច​ធ្វើដំណើរ​ដោយសេរី​និង​អាច​ឡើងមក​ថ្លែង​សុន្ទរកថា​នៅ​មុខ​សភា​អង់គ្លេស​បែបនេះ​ ​ បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញថា​មានការ​ប្តូរ​ប្រែប្រួល​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ប្រទេស​ភូមា”។

ដូច្នេះ​ លោកស្រី​អ៊ុងសាន​ស៊ូជី​នឹង​ឆ្លៀត​ឱកាស​នេះ​ថ្លែង​ពន្យល់​ឲ្យ​គេ​យល់ដឹង​ពី​យុទ្ធសាស្ត្រ​និង​សារៈសំខាន់​នៃ​ទណ្ឌកម្ម​អន្តរជាតិ​ដែលបាន​ដាក់​ទៅលើ​របបគ្រប់គ្រង​ភូមា​។

លោកស្រី​អ៊ុងសាន​ស៊ូជី​ស្នើឲ្យ​គេ​ដកចេញ​បន្តិចម្តងៗ​ នូវ​ទណ្ឌកម្ម​អន្តរជាតិ​ ​ ដើម្បី​រក្សាទុក​ឲ្យមាន​ “មធ្យោបាយ”​ និង​ “សម្ពាធ”​ សម្រាប់​ដាក់ទៅលើ​របប​គ្រប់គ្រង​ភូមា​ដែល​ក្រុមយោធា​នៅ​អាច​ងាក​មក​ធ្វើការ​ខាឃាំង​កំណែ​ទម្រង់​នយោបាយ​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ