កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 13 ឧសភា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 13 ឧសភា 2012

បិទផ្លូវ​១៨ម៉ោង អ្នកតវ៉ា​សម្រេច​បើកផ្លូវ​វិញ​ទាំង​គ្មាន​ដំណោះស្រាយ

ផ្លូវ​ជាតិ​លេខ ៤៨ ដែល​ត្រូវ​កកស្ទះ​ ក្នុងការ​តវ៉ា​បិទផ្លូវ​ប្រឆាំង​នឹង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់
ផ្លូវ​ជាតិ​លេខ ៤៨ ដែល​ត្រូវ​កកស្ទះ​ ក្នុងការ​តវ៉ា​បិទផ្លូវ​ប្រឆាំង​នឹង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់
RFI/Soklim Ky

ដោយ គី សុខលីម

ប្រជាពល​រដ្ឋ​ច្រើន​រយ​នាក់​ដែល​បាន​បិទផ្លូវជាតិ​លេខ​៤៨​ ឆ្ពោះ​ទៅកាន់​ខេត្ត​កោះកុង​ តាំង​ពី​ម៉ោង​១០ព្រឹក​ ​​កាលពីថ្ងៃទី​១២​ រហូត​ដល់ម៉ោង​៤​កន្លះព្រឹក ​ថ្ងៃទី​១៣​ខែ​ឧសភា​នេះ ​ទើប​សម្រេច​បើក​ឡើង​វិញ។ ការ​សម្រេច​បើកឡើង​វិញ​នេះ គឺ​ដោយសារ​រថយន្ត​អ្នកធំ​ និង​អ្នកមាន​អំណាច​មួយ​ចំនួន​នាំគ្នា​លួច​បើកតាម​ផ្លូវ​វាង​ និង​ម៉្យាងទៀត​គឺ​ដោយសារ​អ្នក​តវ៉ា​អាណិត​អាសូរ​ចំពោះ​អ្នកដឹកទំនិញ​រកស៊ី។

សេចក្តី​រាយការណ៍​របស់​ គី សុខលីម ពី​ភ្នំពេញ
 

13/05/2012

បន្ទាប់​ពីឈរ​និង​ដេក​តវ៉ាអស់​រយៈពេល​១៨​ម៉ោង​រួច​មក អ្នកមាន​ជម្លោះ​ដីធ្លីជា​មួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ពី​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​​ នៅ​ក្នុងខេត្ត​កោះកុង​ បាន​សម្រេច​បើក​ផ្លូវ​អោយ​អ្នក​ដំណើរ​ធ្វើ​ចរាចរណ៍​ឡើងវិញ​ហើយ​ កាល​ពី​ម៉ោង៤​កន្លះ​ព្រឹក​ថ្ងៃទី​១៣​​ខែ​ឧសភា​នេះ។
 
ការ​តវ៉ា​បិទផ្លូវ​បាន​ចាប់​ផ្តើម​ឡើងតាំង​ពីម៉ោង​១០ព្រឹក​ នាថ្ងៃទី​១២ខែឧសភា ​រហូត​ដល់​ម៉ោង​៤​កន្លះទៀបភ្លឺ​ នៅថ្ងៃទី​១៣​ខែឧសភា​នេះ​ ទើប​សម្រេច​បើកផ្លូវ​ឡើង​វិញ។
 
លោក ​សេង កៅ តំណាង​សហគមន៍​អ្នក​តវ៉ា​ម្នាក់​បាន​និយាយ​ប្រាប់​តាមទូរស័ព្ទ​ក្រោយ​ការ​បើក​ផ្លូវ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «ការ​សម្រេច​បើក​ផ្លូវ​ឡើងវិញ​នេះ​គឺ​ដោយសារ​​រថយន្ត​អ្នកធំ​និង​អ្នកមាន​អំណាច​មួយ​ចំនួន​នាំគ្នា​លួចបើក​តាម​ផ្លូវ​វាង​ក្នុង​ដី​របស់​លោកឧញ៉ា លី យ៉ុងផាត់​ និង​ម៉្យាងទៀត​គឺ​ដោយសារ​អ្នក​តវ៉ា​អាណិត​អាសូរ​ចំពោះ​អ្នក​ដឹក​ទំនិញ​រក​ស៊ី»។
 
រថយន្ត​រាប់រយ​គ្រឿង​បាន​ជាប់​គាំង​នៅ​លើទ្រូងផ្លូវ​ក្នុង​ស្រុកស្រែ​អំបិល​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ រថយន្ត​ភាគ​ច្រើន​គឺ​ជា​រថយន្ត​អ្នកទេសចរ​និង​រថយន្ត​អ្នក​ដឹក​ទំនិញ​ពី​ក្រុងភ្នំពេញ​ទៅ​កាន់​ខេត្ត​​កោះកុង​ និង​ពី​កោះកុង​មក​ទីក្រុង​ភ្នំពេញ។ ការ​តវ៉ា​កាល​ពី​ម្សិលមិញ​នេះ​ធ្វើ​ឡើង​តាម​ទម្រង់​ស្រាក់ដៃគ្នា​ឈរ​កាត់​ទទឹង​ផ្លូវ​​ក្រោម​ដំណក់​ទឹកភ្លៀង​តាំង​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​រហូតដល់​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១២​ខែ​ឧសភា។
 
លុះ​រាត្រី​កាល​មក​ដល់ អ្នក​តវ៉ា​ប្រមាណ​ជា​២០០​នាក់​បាន​នាំគ្នា​កាប់​ដើមស្វាយ​ចន្ទី​មក​ដាក់​បង្ខាំង​នៅ​កណ្តាល​ផ្លូវ​។ អ្នកខ្លះ​អង្គុយ​លើ​ដើម​ស្វាយចន្ទីមួយ​យប់​ទល់ភ្លឺ​មិន​បាន​សម្រាន្ត​ទេ។ អ្នក​ខ្លះ​ទៀត បាន​នាំគ្នា​ក្រាល​តង់​ដើម្បី​សម្រាក​យក​កម្លាំង​ខ្លះ។ នៅ​ពេល​យប់ មិនមាន​ភ្លៀងធ្លាក់​ដូចកាល​ពីពេល​ថ្ងៃ​ទេ។
 
អ្នកតវ៉ា​បាន​បញ្ជាក់​ប្រាប់​ថា យប់​កាន់​តែ​ជ្រៅ ប្រជាជន​អ្នក​តវ៉ា​មាន​ចំនួន​កាន់​តែ​ច្រើន​ពីព្រោះ​អ្នកដំណើរ​ផ្សេង​ទៀត​បាន​ចូលរួម​បន្ថែម​ទៀត។ បូកទាំង​អ្នកតវ៉ា​ ទាំង​អ្នក​ស្ទះផ្លូវ​ មនុស្ស​អាច​ចំនួន​ដល់​ទៅ​១០០០​នាក់​នៅលើដងផ្លូវ​ត្រង់​ចំណុច​ស្រុក​ស្រែអំបិល ​ខេត្ត​កោះកុង​ កាល​ពីយប់​ម្សិលមិញ។
 
នៅ​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​នោះ​ បាតុករ​មិន​មាន​អ្វី​ហូប​គ្រប់គ្រាន់​ទេ​ ដោយសារជីវភាព​ក្រីក្រ។ លោក ​សេង កៅ តំណាង​សហគមន៍​អ្នកតវ៉ា​បាន​និយាយប្រាប់​ថា ពួកគាត់​បាន​ចំណាយ​អង្ករ​២០០​គីឡូក្រាម​សម្រាប់​ការងារ​តវ៉ាចំនួន​១៨​ម៉ោង​កាល​ពីយប់​ម្សិលមិញ​នេះ។ អង្ករ​ទាំងអស់​នេះ​មិនមែនសម្រាប់​ហូបតែ​អ្នក​តវ៉ាទេ។ ប៉ុន្តែ​អ្នក​កកស្ទះ​ចរាចរ​ក៏​ចូលរួម​ហូប​ដែរ។ ពួកគេ​មាន​បាយ​ហូប​គ្រប់គ្រាន់​ប៉ុន្តែ​គ្មាន​ម្ហូបហូប​ទេ។ ពួកគេ​ហូប​ជាមួយ​ទឹកត្រីម្ទេស​និង​អំបិល។ លោក សេង កៅ បាន​និយាយថា អ្នកតវ៉ា​មាន​ជីវភាពកាន់​តែ​ក្រីក្រ​ឡើងៗ​ ពីព្រោះ​ពួកគាត់​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ។ កូន​មិនបានទៅសាលា​រៀន។
 
ការ​បិទ​ផ្លូវ​នេះ​គឺ​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដាំ​អំពៅ​របស់​​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​។ ប្រជាជន​បានចោទ​ថា ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​របស់​ពួកគាត់​តាម​រយៈ​ដី​សម្បទានសេដ្ឋកិច្ច​នេះ។ ជម្លោះ​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ។
 
បើទោះបី​ជាមិនមាន​លទ្ធផល​ក៏​ដោយ​នៅពេល​នេះ ប៉ុន្តែ​អ្នក​តវ៉ា​សន្យា​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​តទៅ​ទៀត​នៅចុង​ខែ​នេះ។ ការ​តវ៉ា​លើក​ក្រោយ​នេះ អាច​ធ្វើ​ឡើង​តាម​ទម្រង់​បិទផ្លូវ​ដដែល​ ឬ​អាច​​ទៅ​តវ៉ា​នៅ​ពី​មុខ​តុលាការ​ខេត្ត​កោះកុង៕

tags: កម្ពុជា - ជម្លោះដីធ្លី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close