អានតួអត្ថបទ
បារាំង

តុលាការ​យុត្តិធម៌​បារាំង​ចោទប្រកាន់​ប្រធាន​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ ជា​ផ្លូវការ​

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ ថ្ងៃ​ពុធ​នេះ តុលាការ​យុត្តិធម៌​បារាំង​បាន​ចោទប្រកាន់ជា​ផ្លូវការ​លើ​លោកស្រី ​Christine Lagarde ជា​​ប្រធាន​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​ FMI ​​ពីបទ​​ធ្វេស​ប្រហែស​​​ក្នុង​សំណុំរឿង​​ជម្លោះ​រវាង​មហាសេដ្ឋី​ប៊ែរណា តាពី និង​ធនាគារ​រដ្ឋ​ Credit Lyonnais ធ្វើអោយ​ធនាគារ​រដ្ឋ​បារាំង​ខាតបង់​លុយកាក់​ច្រើន។ ក្នុង​សំណុំរឿង​នេះ លោកស្រី​ធ្លាប់បាន​សម្រេចចិត្ត​​ជ្រើសរើស​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោយខ្លួនឯង ដើម្បី​ដោះស្រាយ​ជម្លោះ ដោយ​មិន​បាន​សុំយោបល់​ពី​រដ្ឋាភិបាល។

លោកស្រី Christine Lagarde ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធ្លាប់​ជា​រដ្ឋមន្ត្រីសេដ្ឋកិច្ច​ក្នុង​​អាណត្តិ​​លោក​សាកូហ្ស៊ី។
លោកស្រី Christine Lagarde ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធ្លាប់​ជា​រដ្ឋមន្ត្រីសេដ្ឋកិច្ច​ក្នុង​​អាណត្តិ​​លោក​សាកូហ្ស៊ី។ REUTERS/Gary Cameron/Files
ផ្សាយពាណិជ្ជកម្ម

តុលាការ​យុត្តិធម៌បារាំង​​បាន​សម្រេច​​ចោទប្រកាន់​ជាផ្លូវការ​លើប្រធាន​លោកស្រី ​Christine Lagarde ​ប្រធាន​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​ FMI ​​​​ពីបទ​​ធ្វេស​ប្រហែស​​​ក្នុង​សំណុំរឿង​​ជម្លោះ​រវាង​មហា​សេដ្ឋី​ប៊ែរណា តាពី និង​ធនាគារ​រដ្ឋ​ Credit Lyonnais ។ គួរបញ្ជាក់ថា ​​ សេដ្ឋី​បារាំង ប៊ែរណា​ តាពី បាន​ប្តឹង​ទាមទារ​ជំងឺ​ចិត្ត​ពី​ធនាគារ​​រដ្ឋ ពីបទ​ទិញ​ក្រុមហ៊ុន​ ​Adidas របស់​លោក​ក្នុង​តម្លៃ​បោក​ប្រាស់។ បណ្តឹង​ក្តីក្តាំ​នេះ​មាន​រាប់ឆ្នាំ ពិបាកដោះស្រាយ​រហូត​ឡើងដល់​សាលា​ឧទ្ធរណ៍។

​រឿងរ៉ាវ​ក្តីក្តាំ​បាន​ពាក់ព័ន្ធទៅ​ដល់​​​​លោកស្រី គ្រីស្ទីន ​ឡាហ្កាដ ​​​ក្នុង​ឆ្នាំ​២០០៨ ក្នុង​​របប​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី។ ក្នុង​រដ្ឋាភិបាល​លោក​សាកូហ្ស៊ី លោកស្រី​ឡាហ្កាដ ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពីឆ្នាំ​២០០៧ ដល់ឆ្នាំ​២០១១។ ​លោកស្រី​បាន​សម្រេច​ចិត្ត​រើស​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាលដោះស្រាយ​ជម្លោះរវាង​សេដ្ឋី តាពី និង​ធនាគារ​រដ្ឋ ក្រេដីត លីយោណេ។ អ្វីដែល​ធ្វេស​ប្រហែស​​តាមការ​ចោទប្រកាន់​របស់តុលាការ​យុត្តិធម៌​បារាំង​នោះ គឺ​ថា​លោកស្រី​ឡាហ្កាដ ដោះស្រាយ​​ជម្លោះ​ដោយ​​ជ្រើសរើស​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​ខ្លួនឯង មិន​សួរ​យោបាល់​ពី​រដ្ឋាភិបាល ខណៈ​ក្នុង​​ជម្លោះ មាន​ស្ថាប័ន​ធនាគារ​របស់​រដ្ឋ ដែលត្រូវ​សងជំងឺ​ចិត្ត​សេដ្ឋី​តាពី រងការ​​​ខាតបង់ប្រាក់​ធ្ងន់ធ្ងរ​រហូត​ដល់​៤០០លាន​អឺរ៉ូ​ឯណោះ។ ​​​​​ក្នុង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ ​គេ​ឃើញ​​មានតំណាងគូភាគី​ជម្លោះ​តែ​ប៉ុណ្ណោះ។​ អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង ធ្លាប់បាន​ប្រាប់ថា លោកស្រី​ធ្វើដូច្នេះ គឺ​ដើម្បី​បិទបញ្ចប់​ជម្លោះ​វែងឆ្ងាយ​រវាង​លោក​ប៊ែរណា តាពី​ និង​ធនាគារ​រដ្ឋ។ ប៉ុន្តែ ដោយសារ​តែ​លោក​ប៊ែរណា តាពី ជា​អ្នកជិតដិត​នឹង​អតីត​ប្រធានាធិបតី សាកូហ្ស៊ី ​​នាំ​អោយ​គេ​គិត​ថា លោកស្រី ឡាហ្កាដ ​អាចដោះស្រាយ​ជម្លោះ​នេះ លំអៀង​ផ្តល់ប្រយោជន៍​​ទៅរកលោក​តាពី។

គួរបញ្ជាក់ថា តុលាការ​យុត្តិធម៌​បារាំង​ មានទីតាំង​នៅ​ក្រុង​ប៉ារីស​​ ជាតុលាការ​ពិសេស​បង្កើត​ឡើង​ក្នុង​ឆ្នាំ​​១៩៩៣ ដើម្បី​កាត់ទោស​សមាជិក​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​បទល្មើស៕ ​​  ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ