អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​ឯកសារ​ជា​ភាសាខ្មែរ​​កម្រិត​ព្រំ​ដែន​ចំណេះ​ដឹង​របស់​យុវជន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមស៊ីវិល៣ទស្សវត្សរ៍​បាន​បំផ្លាញ​ប្រទេស​កម្ពុជា​ស្ទើរ​ស្មើ​សូន្យ។ របប​ខ្មែរក្រហម​ត្រូវបាន​គេ​បន្ទោស​ថា ជា​អ្នក​បំផ្លាញ​ធនធានមនុស្ស និង​ឯកសារ​ជាច្រើន​ដែល​ផ្ទុក​ចំណេះដឹង​ពី​មនុស្ស​ចាស់​ជំនាន់​មុន។ ក្នុង​រយៈពេល៣០ឆ្នាំ​ចុង​ក្រោយនេះ​ទៀត កម្ពុជា​ក៏​នៅ​មិនទាន់បាន​ចងក្រង​ឯកសារ​គ្រប់គ្រាន់​ល្មម សម្រាប់​ការស្រាវជ្រាវ​របស់​សិស្ស និង​និស្សិត​នៅឡើយ។ ភាគច្រើន​ឯកសារ​ដែល​និយាយ​អំពី​ប្រទេស​កម្ពុជា​ខ្លួនឯង ក៏ត្រូវ​បាន​សរសេរ​ដោយ​បរទេស​ទៅវិញ។ ដូច្នេះ និស្សិត​ខ្មែរ​ត្រូវ​បង្ខំចិត្ត​រៀន​ភាសាបរទេស​អោយបាន​ច្រើន ដើម្បី​អាច​ស្រាវជ្រាវ និង​ពង្រីក​ចំណេះដឹង​ពួកគេ​បាន។

RFI-Monika
ផ្សាយពាណិជ្ជកម្ម

មាន​សំណួរ​មួយ​ដែល​ត្រូវបាន​ចោទសួរ​ឡើង ក្នុង​វិស័យ​អំណាន​ ខណៈដែល​មតិ​មួយចំនួន​បាន​កត់សំគាល់ថា ពលរដ្ឋ​កម្ពុជា​អាន​តិច ឬ​មិន​ចូលចិត្ត​អាន។ សំណួរ​សួរ​តើ ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​ពិតជា​មិន​ចូលចិត្ត​អំ​នា​ន ឬក៏​ដោយសារ គ្មានអ្វី​អាន?

តាមពិតទៅ អ្នកតាមដាន​ការវិវត្ត​សង្គម​កម្ពុជា​មួយចំនួន​បាន​អត្ថាធិប្បាយ​ថា ក្នុងអំឡុង​១០ឆ្នាំមុន​ វា​ពិត​ជាមាន​គំលាត​ដ៏​ធំ រវាង​បាតុភូត​ទាំងពីរ​មែន។ ទី១​គឺ កង្វះ​សៀវភៅ និង​ឯកសារ​ដើម្បី​អាន និង​ទី២គឺ​ការមិន​ចូលចិត្ត​អាន​របស់​មនុស្ស​មួយចំនួនធំ​នៅពេលនោះ។ ក្រោយមក និង​រហូតដល់​ពេលនេះ ការសរសេរ និង​បោះពុម្ព​សៀវភៅ​មានការ​រីកចម្រើន​ច្រើន ហើយ​យុវជន​សម័យថ្មី​ដែលជា​និស្សិត​ក៏មាន​ចំនួន​កាន់​ច្រើន ដែល​ចូលចិត្ត​អំ​ណាន​ដែរ។ ការណ៍​នេះ​បាន​កំពុង​ធ្វើអោយ​គំលាត​រវាង​ការផលិត​សៀវភៅ និង​ការ​អំ​នា​ន​បាន​ខិតជិត​ចូល​រកគ្នា​ច្រើន។

និយាយ​អំពី​សៀវភៅ និង​ឯកសារ គេ​គួរ​មានការ​បែងចែក​រវាង​សៀវភៅ ឬ​ឯកសារ​បែប​កំសាន្ត និង​សៀវភៅ ឬ​ឯកសារ​ជំនាញ។ តាមពិត អ្វីដែល​ជាការ​រីកចំរើន​ខ្លាំង​រហូតដល់​ពេលនេះ គឺ​ការសរសេរ និង​ផលិត​សៀវភៅ​ចំណេះដឹង​ទូទៅ សម្រាប់​កុមារ ការសរសេរ​រឿង​ប្រលោមលោក​តែប៉ុណ្ណោះ។ ចំណែកឯ ឯកសារ និង​សៀវភៅ​ជំនាញ​សម្រាប់​និស្សិត​នៅតាម​មហាវិទ្យាល័យ ឬ​ឯកសារ​ដែល​ទាក់ទង​នឹង​ជំនាញ​វិជ្ជាជីវៈ​នោះ គឺមាន​បរិមាណ​តិចតួច​នៅឡើយ។ ត្រង់​នេះហើយ​ដែល​វា​ជា​ឧបសគ្គ​ដល់​ការស្រាវជ្រាវ​របស់​និស្សិត​ខ្មែរ។

មាន​បញ្ហា​ច្រើន​ដែល​គេ​គួរស្វែងយល់​នៅទីនេះ។ ទីមួយ បើ​និយាយថា គ្មាន​សៀវភៅ​ដែល​និយាយ​អំពី​ជំនាញ​ណាមួយ​ជា​ភាសា​ខ្មែរ​នោះ ក៏​វា​មិនត្រូវ។ ប៉ុន្តែ​សៀវភៅ និង​ឯកសារ​ទាំងនោះ នៅ​មិនទាន់​សម្បូរ​ណ៍​បែប​នៅឡើយ​ទេ។ ជាការ​ពិត សាស្ត្រាចារ្យ​មហាវិទ្យាល័យ​មួយចំនួន​បាន​សរសេរ​ចងក្រង​សៀវភៅ​ដើម្បី​ដាក់លក់ និង​ថា នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​ការ​ចងក្រង​ឯកសារ ដែលជា​សកម្មភាព​ដ៏​គួរអោយ​លើកទឹកចិត្ត​បំផុត។ ប៉ុន្តែ តម្រូវការ វា​មាន​លើស​នេះ។ រហូតដល់​ពេលនេះ ជាមួយ​ការវិវត្ត​យ៉ាង​លឿន​នៃ​សង្គម និង​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ផង​នោះ ការសរសេរ​សៀវភៅ​របស់​សាស្ត្រាចារ្យ​មួយចំនួន​ដែល​មានតែ​មួយដង ហើយ​មិនមាន​ការសរសេរ​បន្ត​នោះ វា​នៅតែ​ធ្វើអោយ​ការបង្ហាត់បង្រៀន និង​ការ​សាប​ព្រួស​ចំណេះដឹង​នៅមានកម្រិត និង​មិន​ទាន់សម័យ​ដដែល។

ទីពីរ ក្នុងករណី​ខ្វះខាត​ឯកសារ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះហើយ សាស្ត្រាចារ្យ​មានតែ​ណែនាំ​និស្សិត​របស់ខ្លួន​ឆ្ពោះទៅរក​ឯកសារ​ជា​ភាសាបរទេស។ បញ្ហា​វា​ត្រូវ​កើត​បន្ថែមទៀត​នៅទីនេះ។ តើ​និស្សិត​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​អាចមាន​សមត្ថភាព​អាន​ឯកសារ​បរទេស​ដោយ​ប្រសិទ្ធភាព​នោះ? រហូតដល់​ពេលនេះ ជំនាញ​មួយចំនួន​ដូចជា វេជ្ជសាស្ត្រ ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម​នោះ ជំនាញ​ទាំងនេះ​នៅ​មិនទាន់មាន​សៀវភៅ​ជា​ភាសា​ខ្មែរ​គ្រប់គ្រាន់​នៅឡើយ។ និស្សិត​នៅក្នុង​ជំនាញ​ទាំងនេះ​ត្រូវតែមាន​ចំណេះដឹង​ជា​ភាសាបរទេស បារាំង ឬ​អង់គ្លេស​ច្រើន​ល្មម​គួរសម​ទើប​អាច​បង្កើន​ចំណេះដឹង​របស់​ពួកគេ​បាន។ ប្រសិនបើ គេ​ពិចារណា​អោយ​ជ្រៅ​នោះ វា​ពិតជា​ប្រការ​ត្រឹមត្រូវ​ហើយ ដែល​និស្សិត​មួយរូប​ត្រូវ​ចេះ​ភាសាបរទេស។ ប៉ុន្តែ​គេ​មិន​ដាក់​កំហុស​ទៅ​និស្សិត​មុនពេល​ស្តីបន្ទោស​ទៅលើ​កង្វះខាត​ឯកសារ​ជា​ភាសារ​ខ្មែរ ដែល​គួរតែមាន​អ្នកទទួលខុសត្រូវ​មួយ​ដែរ​ឡើយ។ ចំណេះដឹង​ភាសាបរទេស ដែល​និស្សិត​គួរ​មាន ប៉ុន្តែ​និស្សិត​ក៏មាន​សិទ្ធិ​ក្រេប​ចំណេះដឹង​ជា​ភាសា​ខ្មែរ ដែល​ច្បាស់លាស់​និង​ត្រឹមត្រូវ ងាយស្រួល​ក្រេបជញ្ជក់​ដែរ។

ដូច្នេះ ចាប់ពីពេលនេះ​ទៅ វា​គួរតែ​ដល់​ពេលដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​គ្រឹះស្ថានសិក្សា បើទោះជា​មិនទាន់​អាច​ចងក្រង​សរសេរ​ឯកសារ​សម្រាប់​ការស្រាវជ្រាវ​របស់​យុវជន​ជំនាន់​ក្រោយ​នោះ ក៏​គួរ​ចាប់ផ្តើម​បកប្រែ​ឯកសារ​បរទេស​មកជា​ភាសា​ខ្មែរ​ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​និស្សិត​ខ្មែរ​ហើយ។ គេ​ក៏​បញ្ឈប់​អារម្មណ៍​មោទនៈ​ដែល​គ្រាន់តែ​បាន​មាន​សៀវភៅ​ជា​ភាសាបរទេស ដោយ​គ្មាន​សៀវភៅ​ជា​ភាសា​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ