ការផ្អាកឈប់បាញ់គ្នាដ៏ផុយស្រួយនៅស៊ីរីដើម្បីប្រារព្ធពិធីបុណ្យសាសនាអ៊ីស្លាម Aïd al-Adha
នៅព្រឹកថ្ងៃសុក្រ ទី២៦ តុលានេះ ប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនបានផ្តើមប្រារព្ធពិធីបុណ្យសាសនា Aïd al-Adha របស់ខ្លួន។ នាឱកាសនេះ នៅក្នុងប្រទេសស៊ីរី ភាគីរដ្ឋាភិបាល និងក្រុមអ្នកប្រឆំាងបានព្រមព្រៀងផ្អាកឈប់បាញ់គ្នារហូតដល់ថ្ងៃចន្ទ ទី២៩ តុលា។ ទោះបីជាការផ្អាកឈប់បាញ់គ្នានេះមានលក្ខណៈផុយស្រួយក៏ដោយ ក៏យ៉ាងហោចណាស់អនុញ្ញាតឲ្យប្រជាជនស៊ីរីអាចចូលរួមប្រារព្ធពិធីបុណ្យសាសនាអ៊ីស្លាម Aïd al-Adha ប្រកបដោយស្ងប់ស្ងាត់ដែរ។
ទោះបីជាភាគីជម្លោះទំាងពីរបានយល់ព្រមផ្អាកឈប់បាញ់គ្នាជាបណ្តោះអាសន្នក៏ដោយ ក៏ស្ថានការណ៍ហាក់ជានៅបន្តផុយស្រួយខ្លំាងណាស់។ ផុយស្រួយដោយសារតែភាគីជម្លោះនីមួយៗបានព្រមានទុកជាមុនរួចជាស្រេចថា ពួកគេមានសិទ្ធិការពារខ្លួនគ្រប់ពេលវេលា។ យ៉ាងណាក៏ដោយ នៅពេលបិទបញ្ចប់ពិធីសូត្រធម៌ Aïd al-Adha កាលពីព្រឹកមិញ មានកើតឡើងនូវក្បួនបាតុកម្មប្រឆំាងរដ្ឋាភិបាលសឹងតែគ្រប់ទីកន្លែងនៅទូទំាងប្រទេសស៊ីរី ពិសេសបាតុកម្មនៅស្រុក Raqa ស្ថិតប៉ែកឦសានប្រទេសដែលត្រូវបានកម្លំាងរដ្ឋាភិបាលបាញ់កំាភ្លើងវាយបង្រ្កាប។ មិនមែនជាការបាញ់គ្រាប់ភ្លើងពិតទេ តែជាការបាញ់បង្រ្កាបដោយប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។
ជាមួយនឹងព្រឹត្តិការណ៍នេះ គេពិតជានៅមិនទាន់អាចនិយាយបានទេថា ភាគីជម្លោះបានរំលោភបំពានលើកិច្ចសន្យាផ្អាកឈប់បាញ់គ្នានោះ។ តែគេត្រូវតែហ៊ាននិយាយការពិតថា ស្ថានការណ៍ទូទៅនៅតែផុយស្រួយដដែល ព្រោះភាគីនីមួយៗបានលើកឡើងពីសិទ្ធិការពារខ្លួន។ មានបាតុករ ៣នាក់បានរងរបួសដោយគ្រាប់កំាភ្លើងនៅក្នុងស្រុក Deraa តែនេះជាព័ត៌មានដែលត្រូវផ្ទៀងផ្ទាត់បញ្ជាក់ឲ្យបានច្បាស់លាស់។
សូមជម្រាបជូនថា សំណូមពរឲ្យមានការផ្អាកឈប់បាញ់គ្នាជាបណ្តោះអាសន្នដើម្បីប្រារព្ធពិធីបុណ្យសាសនាអ៊ីស្លាម Aïd al-Adha នេះត្រូវបានផ្តួចផ្តើមឡើងដោយលោក Lakhdar Brahimi បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ទទួលបន្ទុកដោះស្រាយសំណុំរឿងប្រទេសស៊ីរី។
ជាទូទៅគេសង្កេតឃើញថា ស្ថានការណ៍នៅទូទំាងប្រទេសស៊ីរីហាក់ដូចជានៅបន្តមានសភាពតានតឹងដដែល។ ការផ្អាកឈប់បាញ់គ្នាជាលើកទីពីរក្នុងរយៈពេល ២០ខែនៃវិបត្តិស៊ីរីនឹងអាចភាគីពាក់ព័ន្ធឈប់គោរពនៅម៉ោងណាក៏បានដែរ។ ជាក់ស្តែងនៅក្នុងការផ្អាកឈប់បាញ់គ្នាលើកទីមួយកាលពីខែមេសា ឆ្នំា ២០១២ ក្រោមសំណូមពររបស់លោក Kofi Anan អតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ទទួលបន្ទុកដោះស្រាយសំណុំរឿងប្រទេសស៊ីរី ត្រូវបានភាគីជម្លោះគោរពតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ