ចន្ទ 20 សីហា 2012
ការ​បំពង​សំឡេង​ខ្លាំង គឺ​ជា​ការ​បំពុល​បរិស្ថាន!
ការ​បំពង​សំឡេង​ខ្លាំង គឺ​ជា​ការ​បំពុល​បរិស្ថាន!
ការ​បំពង​សំឡេង​ខ្លាំង គឺ​ជា​ការ​បំពុល​បរិស្ថាន!
© Reuters
ដោយ គី សុខលីម

ស្រប​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ការ​រីក​ចម្រើន​ខ្លាំង​នោះ បញ្ហា​បំពុល​បរិស្ថាន​បាន​ក្លាយ​ទៅ​ជា​ក្តី​កង្វល់​របស់​សហគមន៍​ និង​សង្គម​ជាតិ​ដែរ។ តើ​ការ​បំពុល​បរិស្ថាន​នៅ​កម្ពុជា​ស្ថិត​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ​ឬ​នៅ?

កាល​ពី​ក្នុង​ទសវត្សរ៍​៨០ ប្រជាជន​ខ្មែរ​មិនសូវ​បាន​ឮ​ទេ​ពាក្យ​ថា ការ​បំពុល​បរិស្ថាន​ឬ​ការការពារ​បរិស្ថាននោះ ប៉ុន្តែ​ចាប់​តាំង​ពីដើមឆ្នាំ​៩០​មក ពាក្យថាបរិស្ថាន​ត្រូវ​បាន​គេ​​យក​មក​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​ថែម​ទាំង​សម្រេច​បង្កើត​ក្រសួង​​បរិស្ថាន​ដាច់​ដោយឡែក​ទៀត​ផង។ ចាប់​តាំង​ពី​ការ​បង្កើត​ក្រសួង​បរិស្ថាន​មក ចំណេះដឹង​ទាក់ទង​ទៅ​នឹង​បិរស្ថាន​ត្រូវ​បាន​គេ​បញ្ជ្រាប​ទៅ​ដល់​សហគមន៍​និង​ទៅ​ដល់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ។ ការ​បង្កើត​ក្រសួង​បរិស្ថាន​​នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ​តាមពិត​ ការ​បង្កើត​ក្រសួង​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​និន្នាការ​ពិភពលោក​និង​និន្នាការ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។
 
ក្នុង​ទសវត្សរ៍​៩០ ប្រទេស​កម្ពុជា​បាន​សម្រេច​អនុវត្ត​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ គឺ​ចាប់តាំង​ពី​ពេល​នោះ​ហើយ​ដែល​បណ្តា​រោងចក្រ​សហគ្រាស​តូច​ធំ​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្តបន្ទាប់។ ការ​បង្កើត​រោងចក្រ​សហគ្រាស​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​របស់​ជាតិ​និង​ល្អ​សម្រាប់​ការ​បង្កើត​ការងារ​ថ្មីៗ​។ ប៉ុន្តែ​សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​មាន​វត្តមាន​រោងចក្រ​សហគ្រាស​កាន់តែ​ច្រើន ការ​បំពុល​បរិស្ថាន​បាន​ក្លាយ​ទៅ​ជា​កង្វល់​ធំ​មួយ​របស់​រដ្ឋាភិបាល។ រហូត​មក​ដល់​ពេល​នេះ គេ​ពុំទាន់​មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​បំពុល​បរិស្ថាន​ពី​សំណាក់​រោងចក្រ​ឧស្សាហកម្ម​ធំ​ៗ​នៅ​ឡើយ​ទេ​នៅ​ក្នុងក្របខណ្ឌជាតិ​។
 
ប៉ុន្តែ​គេ​ធ្លាប់​បាន​ឭ​ការ​ត្អូញត្អែរ​របស់​ប្រជាជន​ពីការ​បំពុល​បរិស្ថាន​ពី​សំណាក់​រោងចក្រ​មក​លើ​ទីលំ​នៅដ្ឋាន​របស់​ពួកគេ។ ពេលខ្លះ​ ប្រជាជន​ត្អូញត្អែរ​ថា រោងចក្រ​នេះ​ឬ​នោះ​បាន​បង្ហូរ​ទឹកស្អុយ​ឬ​ជះ​ក្លិន​មកលើ​សហគមន៍​នេះ​ឬ​នោះ។ ពេល​ខ្លះ​ទៀត សហគ្រាស​មួយ​ចំនួន​បាន​បំពុល​ផ្សែង​មក​លើ​សហគមន៍​និង​ពេល​ខ្លះ​ទៀត សិប្បកម្ម​មួយ​ចំនួន ហាងខារ៉ាអូខេ​មួយ​ចំនួន​បាន​បំពង​សំឡេង​រំខាន​ដល់​អ្នកជិត​ខាង​ជា​ដើម។
 
បញ្ហា​ទាំងអស់​នេះ​ គេ​មិន​សូវ​បាន​ឭ​ទេ​កាល​ពី​២០​ឆ្នាំ​មុន​ ប៉ុន្តែ​នៅ​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​​កាន់តែ​មមាញឹក ជម្លោះ​បណ្តាល​មក​ពី​បញ្ហា​បំពុល​បរិស្ថាន​កើត​មាន​កាន់តែ​ច្រើន​ឡើង​រវាង​ប្រជាពលរដ្ឋ​និង​សហគ្រាស​នានា។ បើ​ផ្អែក​លើ​ទ្រឹស្តី​បរិស្ថាន ទម្រង់​នៃ​ការ​បំពុល​បិរស្ថាន​មាន​៤​យ៉ាង​ធំៗ​។ ទី១៖​ការ​បំពុល​ទឹក​តាមរយៈកាក​សំណល់​រាវ។ ទី២៖ការ​បំពុល​ដោយ​កាក​សំណល់​រឹង​ដូចជា​​សម្ភាៈវេជ្ជសាស្រ្ត​ជាដើម។ ទី៣៖ការ​បំពុល​ខ្យល់​​តាម​រយៈ​ផ្សែងពុល​និង​ទម្រង់​ទី៤​គឺ​ការ​បំពុល​បរិស្ថាន​តាម​រយៈការ​បំពង​សំឡេង​ខ្លាំង​ៗ​ដែល​ហួស​ពីការ​កំណត់​របស់​ក្រសួង​បរិស្ថាន។
 
អ្នកជំនាញ​សង្គម​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ការ​បំពុល​បរិស្ថាន​តាម​រយៈទម្រង់​ទាំង​៤​ខាង​លើ​នេះ​បាន​កើត​ឡើង​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពីព្រោះ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​មានការ​រីក​ចម្រើនច្រើនដែរ។ គួរ​កត់​សម្គាល់​ថា ការ​បំពុល​បរិស្ថាន​ក្នុង​ទម្រង់​ខ្លះ​បាន​បង្ក​អោយ​មាន​ជម្លោះ​អូស​បន្លាយ​រយៈពេល​ច្រើន​ឆ្នាំ​រវាង​សហគមន៍​និង​សហគ្រាស​ដោយ​គ្មាន​ដំណោះ​ស្រាយ។
 
ដូច្នេះ​ ដើម្បី​ចៀសវាង​ជម្លោះ​ដែល​អាច​កើត​មាន​ឡើង​រវាង​ប្រជាជន​និង​សហគ្រាស​នោះ ក្រសួង​ពាក់ព័ន្ធ​​ ដូច​ជា៖​ក្រសួង​បរិស្ថាន​ឬ​ក្រសួង​ឧស្សាហកម្ម​ត្រូវ​តែ​ចាត់​វិធានការ​អោយ​បាន​តឹងរឹង​មុន​ពេល​អនុញ្ញត​អោយ​សិប្បកម្ម សហគ្រាស ក្រុមហ៊ុន​ឬ​ហាងណា​មួយ​បើក​នៅ​ទី​តាំង​នេះ​ឬ​ទីតាំង​នោះ។ ជាការពិត ការ​បើក​រោងចក្រ​ សិប្បកម្ម​ឬក្រុមហ៊ុន​ជា​សិទ្ធិ​របស់​អ្នក​ជំនួញ​មែន​ប៉ុន្តែ​មន្រ្តី​ជំនាញ​របស់​រដ្ឋ​ត្រូវ​តែ​ចុះ​ទៅត្រួត​ពិនិត្យ​អោយ​ច្បាស់​ថា សកម្មភាព​ជំនួញ​នោះ​មិន​ប៉ះពាល់​ដល់​អ្នកជិត​ខាង។ ប្រសិន​បើ​ការ​បើករបរ​ជំនួញ​អ្វី​មួយ​ ហើយ​សកម្មភាព​នោះ បំពុល​បរិស្ថាន​ ទាំង​ខ្យល់ ទាំង​ទឹក ទាំង​សំឡេង​ដល់​សហគមន៍​ណា​មួយ​នោះ គេ​មិន​គួរ​អនុញ្ញត​អោយ​ទេ។​ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ឬ​សហគ្រាស​មិនគួរ​ក្លាយ​ទៅ​ជា​ការ​រំខាន​ឬ​ជា​ទុក្ខសោក​របស់​​សហគមន៏​ឬសង្គមជាតិ​ឡើយ៕

អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close