អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

សង្គ្រាម​​ដើម​​សាប៉ាំង​​ណូអែល​​ធ្វើ​​ពី​​ដែក​​បិទ​​បញ្ចប់​​ហើយ​​រវាង​​កូរ៉េ​​ទាំង​​ពីរ​

កូរ៉េ​​ខាង​​ត្បូង​​ទើប​​ជូន​​បាន​​ជូន​​ដំណឹង​​នៅ​​ថ្ងៃ​​ពុធ​​២២​​តុលា​​នេះ ​ថា​​ខ្លួន​​​បំផ្លាញ​​ចោល​​ដើម​​​​សាប៉ាំង​​ណូអែល​​ដ៏​ធំ​មួយ​ធ្វើ​ពី​ដែក​​​ដែល​​​កូរ៉េ​​ខាង​​ត្បូង​បានសាង​សង់​​នៅ​ជិត​ព្រំដែន​​កូរ៉េ​​ខាង​ជើង​។​ ដើម​សាប៉ាំង​ណូអែល​នេះ ​ក៏​ជា​ប្រធាន​បទ​មួយ​ដ៏​ក្តៅ​គគុក​​និង​រឹត​តែ​បង្កើន​​​ភាព​​តានតឹង​​ជា​មួយក្រុង​​​ព្យុង​យ៉ាង​ដែរ។​ ​សាប៉ាំង​ណូអែល​នេះមាន​រំលេច​លំអ​​ទៅ​​ដោយ​​ពន្លឺ​​ភ្លើង​អំពូល​យ៉ាង​ចិញ្ចា​ច​ចិញ្ចែង ​ហើយ​​​នៅ​ចុង​កំពូល​​សំណង់​ដែក​​នេះ​​វិញ​​ ក៏​មាន​​ដាក់​​តាំង​​នូវ​ឈើ​ឆ្កាង​ដែល​ជា​និមិត្តរូប​គ្រិះស្តសាសនា។ នៅ​កូរ៉េ​ខាង​ជើង​​អ្នក​កាន់​សាសនាគ្រិស្ត ត្រូវ​ទទួល​រង​ទុក្ខ​បុក​ម្នេញ​យ៉ាង​​ច្រើន​ពីសំណាក់ពួកកុម្មុយនិស្ត។

ដើមសាប៉ាំងណូអែលធ្វើពីដែករបស់កូរ៉េខាងត្បូង
ដើមសាប៉ាំងណូអែលធ្វើពីដែករបស់កូរ៉េខាងត្បូង REUTERS/© JO YONG HAK / Reuters
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង​បានទាមទារ​ជាច្រើន​លើកច្រើនសាមកហើយ ​ឲ្យ​កូរ៉េខាងត្បូង​ ​បំផ្លាញ​ចោល​សំណង់​​ដែក​ដើមណូអែលនេះ។ ​​មានកំពស់​២០ម៉ែត្រ និងមានចំណាស់៤៣​ឆ្នំា​ ដើម​ណូអែល​ធ្វើពីដែករបស់កូរ៉េខាងត្បូងនេះ ត្រូវបាន​សាងសង់​នៅ​លើ​កំពូលកូន​ភ្នំមួយដែលស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​ជា​៣គីឡូ​ម៉ែត្រ ពីតំបន់ព្រំដែន​ខ័ណ្ឌចែកកូរ៉េ​ទាំង​ពីរ ។ មិនតែប៉ុណ្ណោះ​ កូរ៉េ​ខាង​ជើងថែមទាំងបាន​គំរាមថានឹងដាក់គ្រាប់បែក​​បំផ្លាញ​សំណង់​ដែក​នេះ​ចោលទៀតផង។​

 
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានពន្យល់ថា ​មូលហេតុដែល​កូរ៉េ​ខាង​ត្បូង​​សំរេចចិត្ត​​​​បំផ្លាញ​ចោល​​សំណង់ដែក​នេះ ដោយ​សារហេតុផលចម្បង​មួយ ​គឺ​បញ្ហាសន្តិសុខ ​ប៉ុន្តែ​​​មិន​​ជាប់​ទាក់​ទង​នឹងបញ្ហាទំនាក់​ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​​នោះទេ។​ប្រភពដដែល បាន​បញ្ជាក់​ទៀតថា” ការងារ​បំផ្លាញ​​ចោល​​ដើម​​​ណូអែលនេះ បាន​​ចាប់​ផ្តើម​តាំងពី​ខែ​សីហាមុន​ ហើយ​កូរ៉េ​ខាងត្បូង​​ក៏នៅ​ពុំ​ទាន់​មាន​គម្រោងបង្កើត​​សំណង់​ណា​មួយ​មក​ដាក់​ជំនួស​កន្លែង​នេះ​នៅ​ឡើយ​ដែរ”។

ការបំផ្លាញចោលដើមណូអែលដែកនេះ ត្រូវបានប្រព្រឹត្តទៅ​នៅខណៈដែល​កូរ៉េ​​ទាំងពីរ បាន​ចាប់មានទំនាក់ទំនងជាមួយគ្នាឡើងវិញជាអាទិ៍ ការចុះកិច្ចព្រមព្រៀង​​មួយ​នា​ពេល​ថ្មីៗ​កន្លង​ទៅ។​ កិច្ចព្រមព្រៀង​ដែលមានគោលដៅ ចាប់ផ្តើមកិច្ច​ចរចារវាង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​​កូរ៉េ​ទាំង​ពីរ ដែលធ្វើឡើងនៅនាឱកាស​ដំណើរទស្សនកិច្ច​ដ៏គួរ​អោយ​​​ភ្ញាក់​ផ្អើល​មួយ​របស់​គណៈប្រតិ​ភូ កូរ៉េ​ខាង​ជើង​នៅ​​កូរ៉េ​ខាង​ត្បូង។​

គួររំលឹកថានៅ​ឆ្នាំ ២០០៤ កូរ៉េទាំងពីរ បានចុះកិច្ចព្រមព្រៀង​មួយក្នុងគោលដៅ​​​បញ្ចប់​រាល់​ការ​ឃោសនា​ញុះញង់​នានា​នៅជិតតំបន់​ខ្សែបន្ទាត់​​ព្រំដែន ។ ក្រុង​សេអ៊ូល​​វិញ​​ បាន​​យល់​​ព្រម​​បិទ​​ភ្លើង​តុបតែង​លំអ​​ដើម​ណូ​អែល​​ដ៏​ធំ​​មហិមា​។ នៅ​ឆ្នាំ​២០១០​ ក្រុង​សេអ៊ូល​ បាន​​ឈប់​​គោរព​​​កិច្ច​ព្រមព្រៀង​នេះដោយសារ​មានភាព​តានតឹង​​ជាមួយ​កូរ៉េ​ខាង​ជើង។​ ប៉ុន្តែ​ ក្រោយពី​មរណភាព​របស់​​​​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​​គឹមជុងអ៊ីល​​នៅ​ឆ្នាំ​ ២០១១​ ​អាជ្ញាធរ​​កូរ៉េ​​ខាង​​ត្បូង​នៅ​តែ​បន្ត​បិទ​ភ្លើ​ងដើមណូអែល រហូតមកដល់ឆ្នាំ​២០១៣​ទៀត បើ​ទោះបី​​ជា​ទំនាក់​ទំនង​រវាង​កូរ៉េទាំងពីរ បាន​​ធ្លាក់ចុះដុនដាបយ៉ាងណាក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ