វិស័យកាត់ដេរកម្ពុជានៅតែបន្តកើនឡើងបើទោះបីជាមានកម្មករដួលសន្លប់ច្រើនក៏ដោយ។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ឆ្នាំ២០១១កន្លងមក ការនាំចេញសម្លៀកបំពាក់បានកើនឡើង៣៥ភាគរយបើប្រៀបធៀបទៅនឹង២០១០។ កាលពីឆ្នាំ២០១១ កម្មករប្រមាណជាជិត២០០០នាក់បានដួលសន្លប់។
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិបានបង្ហាញរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១១កន្លងមក ការនាំចេញសម្លៀកបំពាក់បានកើនឡើង៣៥ភាគរយបើប្រៀបធៀបទៅនឹង២០១០។ ហើយប្រសិនបើគេគិតក្នុងរយៈពេលដូចគ្នា ទឹកប្រាក់នៃការនាំចេញបានកើនដល់៣ពាន់៥០០លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបន្តទៀតថា វិស័យកាត់ដេរនៅ តែបន្តកើនឡើងគួរអោយកត់សម្គាល់បើទោះបីជាមានកម្មករដួលសន្លប់ច្រើនក៏ដោយ។ ជាក់ស្តែង គ្រាន់តែក្នុងរយៈពេល៦ខែពោលគឺពីខែឧសភាដល់ខែតុលាឆ្នាំ២០១១ អង្គការពលកម្មអន្តរជាតិបានរកឃើញថា កម្មករប្រមាណជា១៥០០នាក់ក្នុងរោងចក្រចំនួន១១បានដួលសន្លប់នៅក្នុងម៉ោងធ្វើការ។
របាយការណ៍ខាងសហជីពវិញបានបង្ហាញថា ក្នុងឆ្នាំ២០១១ទាំងមូល កម្មករនិយោជិតចំនួន១៩០០នាក់បានដួលសន្លប់ក្នុងរោងចក្រចំនួន១២។ ប្រទេសកម្ពុជាមានរោងចក្រចំនួនប្រមាណជា៣០០ដែលបានចុះបញ្ជីការត្រឹមត្រូវនិងមានកម្មករ៣សែន៤ម៉ឺននាក់កំពុងបម្រើការ។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិបានពន្យល់ថា ការដួលសន្លប់របស់កម្មករបណ្តាលមកពីមូលហេតុមួយចំនួនក្នុងនោះមាន៖បញ្ហាអាហារូបត្ថម្ភ កង្វះខាតអាហារពេលព្រឹក ភាពតានតឹងផ្នែកអារម្មណ៍ កង្វះខាតប្រព័ន្ធខ្យល់ចេញចូលក្នុងរោងចក្រ ការធ្វើការលើសម៉ោងកំណត់ បញ្ហាទំនាក់ទំនងវិជ្ជាជីវៈនិងបញ្ហាអារម្មណ៍ចិត្តសាស្រ្តជាដើម។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិត្រូវបានគេផ្សព្វផ្សាយមុនពេលដែលអង្គការសហជីពពីតំបន់អាស៊ីជួបប្រជុំគ្នានៅទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យមិ្សលមិញនិងនៅថ្ងៃចន្ទនេះ។
អ្នកជំនាញសេដ្ឋកិច្ច សកម្មជនសហជីពនិងមន្ត្រីអង្គការជាតិនិងអន្តរជាតិប្រមាណជា៣០០នាក់កំពុងជជែកគ្នាអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងប្រទេសនីមួយៗ។
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា កម្មករកាត់ដេរនៅប្រទេសចិនទទួលបានប្រាក់ឈ្នួលអប្បបរមា២៤០ដុល្លារប៉ុន្តែពួកគេទាមទារដំឡើងអោយដល់២៦០ដុល្លារ។ កម្មករប្រទេសថៃទទួលបានប្រាក់ឈ្នួលអប្បបរមា២៤០ដុល្លារប៉ុន្តែពួកគេទាមទារអោយមានការដំឡើងរហូតដល់២៧៥ដុល្លារ។ ក្នុងប្រទេសឥណ្ឌូនេស៊ី កម្មករទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៥០ដុល្លារប៉ុន្តែពួកគេទាមទារអោយដំឡើងដល់២០៥ដុល្លារ។ នៅក្នុងប្រទេសបង់ក្លាដេស កម្មករទទួលបានប្រាក់ខែអប្បបរមាចំនួន៧០ដុល្លារប៉ុន្តែពួកគេទាមទារដំឡើងអោយដល់១៤០ដុល្លារអាមេរិក។
ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ កម្មករកាត់ដេរទទួលបានប្រាក់ខែអប្បបរមាចំនួន៦៦ដុល្លារអាមេរិកប៉ុន្តែពួកគេទាមទារដំឡើងអោយដល់១៥៥ដុល្លារអាមេរិក។ ជាមួយនឹងប្រាក់ខែ៦៦ដុល្លារនេះ កម្មករកាត់ដេរមិនអាចរស់នៅបានសមរម្យទេ។
ពួកគេហូបចុកដោយខ្វះកាល់ឡូរី ពួកគេរស់នៅក្នុងបន្ទប់តូចចង្អៀត ពួកគេធ្វើដំណើរដោយលំបាក។ ប្រសិនបើពួកគេចង់បានប្រាក់ខែកើនឡើងបន្តិច កម្មករកម្មការិនីត្រូវបង្ខំចិត្តធ្វើការបន្ថែមម៉ោងច្រើន។
ប្រាក់ខែគោលនៅកម្ពុជាបានកើនឡើងខ្លះមែនប៉ុន្តែការដំឡើងប្រាក់ខែមិនអាចរត់ទាន់តម្លៃទំនិញនៅលើទីផ្សារទេ។ កាលពី១០ឆ្នាំមុន ប្រាក់ខែគោលរបស់កម្មករកាត់ដេរ៤០ដុល្លារអាមេរិកអាចទិញប្រេងសាំងបានជិត៨០លីត្រ។ ប៉ុន្តែឥឡូវនេះប្រាក់ខែកម្មករ៦៦ដុល្លារ ទិញប្រេងសាំងបានតែជាង៥០លីត្រប៉ុណ្ណោះ។ សាំងមួយលីត្រនាពេលបច្ចុប្បន្ន មានតម្លៃប្រមាណជា១ដុល្លារ៤កាក់។
តម្លៃប្រេងសាំងកើនឡើងបានទាញអោយតម្លៃទំនិញផ្សេងទៀតនៅលើទីផ្សារមានការកើនឡើងជាលំដាប់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិបានកត់សម្គាល់ឃើញទៀតថា រោងចក្រដែលរើសអើងចំពោះកម្មករមានចំនួន១៨ភាគរយពោលគឺមានការកើនឡើង១៣ភាគរយ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា គេពុំបានរកឃើញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងរោងចក្រទេប៉ុន្តែគេបានរកឃើញកម្មករនិយោជិតធ្វើការក្រោមអាយុកំណត់ដោយច្បាប់ចំនួន៧នាក់។
ច្បាប់ការងារនៃប្រទេសកម្ពុជាកំណត់ថា កម្មករកាត់ដេរត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ