អានតួអត្ថបទ
វិបត្តិសេដ្ឋកិច្ច​

វិបត្តិ​​នៅអឺរ៉ុប​​ធ្វើឲ្យ​​ប៉ះពាល់​​ដល់​​កំណើន​​សេដ្ឋកិច្ច​​អាស៊ី​​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​សម្ដែង​ឲ្យដឹង​នូវ​ក្តីបារម្ភ​របស់​គេ​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ ពី​ផល​វិបាក​នៃ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅអឺរ៉ុប​ ហើយនិង​ការថយចុះ​នៃ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី។

ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី​​បារម្ភ​​ពី​​​​វិបត្តិ​​ហិរញ្ញវត្ថុ​អឺរ៉ុប​​​និង​​​ការថយចុះ​​​នៃ​​​កំណើន​​​សេដ្ឋកិច្ច​​​អាមេរិកាំង​​​ធ្វើឲ្​យ​​ប៉ះពាល់​​​ដល់​​​​សេដ្ឋកិច្ច​​នៅអាស៊ី​
ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី​​បារម្ភ​​ពី​​​​វិបត្តិ​​ហិរញ្ញវត្ថុ​អឺរ៉ុប​​​និង​​​ការថយចុះ​​​នៃ​​​កំណើន​​​សេដ្ឋកិច្ច​​​អាមេរិកាំង​​​ធ្វើឲ្​យ​​ប៉ះពាល់​​​ដល់​​​​សេដ្ឋកិច្ច​​នៅអាស៊ី​ DR
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ ​ ជួប​នឹង​ការ​ថមថយ​ស្រុតចុះ​នៅ​ឆមាស​ទីមួយ​ឆ្នាំ២០១២​ ​ ក៏​ដោយហេតុតែ​មានការ​ធ្លាក់​ស្រុតចុះ​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​អាមេរិកាំង​ ​ហើយនិង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅអឺរ៉ុប​ ​ បាន​មក​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ទំនិញ​ផលិត​នៅក្នុង​ប្រទេស​អាស៊ី​។​ ទាំងនេះ​ ពិតជា​ធ្វើឲ្យ​ការនាំចេញ​នៃ​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ធ្លាក់​ស្រុតចុះ។​ បើ​ការនាំចេញ​ធ្លាក់ស្រុត​ចុះ​ ​ ធ្វើម្តេច​នឹង​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ទៅកើត?

 
ដូច្នេះ​ សេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​ ​ ដែល​ពឹងពាក់​ទៅលើ​ការនាំ​ទំនិញ​ចេញ​ទៅលក់​ឲ្យ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ដែល​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ ​ ច្បាស់ជា​ត្រូវឋិត​នៅក្នុង​ស្ថានភាព​មួយ​ទន់ខ្សោយ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏​ពុំភ្លេច​ធ្វើការ​រំលឹក​ពី​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​ទន់ខ្សោយ​នៅ​ក្នុង​មហា​ប្រទេស​ចិន​និង​ឥណ្ឌា​ ​ ដែលជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅ​ក្នុង​ទ្វីប​អាស៊ី​ផងដែរ។
បើ​យោងតាម​ការប៉ាន់​ប្រមាណ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ អត្រាកំណើន​សេដ្ឋកិច្ច​នៃ​ប្រទេសចិន​នៅ​ឆ្នាំ២០១២​អាច​ធ្លាក់មកនៅ​៨,២%​ទល់នឹង​៨,៥%​ដែលបាន​ប៉ាន់ស្មាន​នៅ​ខែមេសា​កន្លងទៅ។
ក៏​ដូចគ្នា​អ៊ីចឹងដែរ​ សម្រាប់​អត្រា​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ២០១២​អាច​ធ្លាក់​មកនៅ​៦,៥%​ទល់នឹង​៧%​ដែល​បាន​ប៉ាន់​​ស្មាន​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាលពី​ពេលមុន។

សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​នៅក្នុង​ទ្វីបអាស៊ី​ដទៃទៀត​ ​ បើយោងតាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ជាមធ្យម​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៦,៦%​សម្រាប់​ឆ្នាំ២០១២​ និង​៧,១%​សម្រាប់​ឆ្នាំ២០១៣​ ​ ទល់នឹង​ការប៉ាន់​ប្រមាណ​នៅខែ​មេសា​កន្លងទៅ​ដែលថា​ អាចមាន​៦,៩%​សម្រាប់​ឆ្នាំ២០១២​និង​៧,៣%​សម្រាប់​ឆ្នាំ២០១៣។

សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​វិញ​ អត្រា​កំណើន​សេដ្ឋកិច្ច​អាចមាន​៥,២%​សម្រាប់​ឆ្នាំ២០១២​និង​៥,៦%​សម្រាប់​ឆ្នាំ២០១៣​ ​ ដែលជា​តួលេខ​ប្រហាក់​ប្រហែល​នឹង​ការប៉ាន់​ប្រមាណ​នៅ​ខែមេសា​កន្លងទៅ។
គួរកត់​សម្គាល់ថា​ ​ សេដ្ឋកិច្ច​ថៃ​មាន​សន្ទុះ​ខ្លាំង​គ្រាន់បើ​ ​ រីឯ​សេដ្ឋកិច្ច​ហ្វីលីពីន​វិញ​ក៏​ពុំអន់​ប៉ុន្មាន​ឡើយ។​ រីឯ​ការទិញដូរ​ហូបចុក​ផ្ទៃក្នុង​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​មាន​សន្ទុះខ្លាំង​ ក៏ជា​កត្តា​មួយ​ដ៏​វិជ្ជមាន​មក​ជួយ​អូសទាញ​ម៉ាស៊ីន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​ផងដែរ។

រីឯ​ប្រទេសចិន​វិញ​ ​ នៅថ្ងៃសុក្រ​ទី១៣​កក្កដា​ឆ្នាំ២០១២​នេះ​បាន​ប្រកាស​ឲ្យដឹងថា​ ​ អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​ទី២​ឆ្នាំ២០១២​មាន​ប្រមាណតែ​៧,៦%​ ដែលជា​អត្រា​មួយ​ទាបបំផុត​ពុំដែល​កើតមាន​ចាប់តាំង​ពីមាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​មក។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ចិន​បន្ត​ធ្វើការ​បន្ធូរ​សម្រួល​ “នយោបាយ​រូបិយវត្ថុ”​របស់​ខ្លួន។

គួរបញ្ជាក់ថា​ ​ សេដ្ឋកិច្ច​ចិន​បាន​ទទួល​រងគ្រោះ​ដោយ​ហេតុ​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ ​ ហើយនិង​វិបត្តិ​អចលនទ្រព្យ​ ​ ដែលជា​មូលហេតុ​ធ្វើឲ្យ​ “អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​"​​នៃ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ជួបនឹង​ការថមថយ​ស្រុតចុះ​អស់​រយៈកាល​មួយឆ្នាំ​កន្លះ​មកហើយ។
នៅឆ្នាំ២០១០​ អត្រា​កំណើន​សេដ្ឋកិច្ចចិន​មាន​១០,៤%​ ​ ៩,២%​សម្រាប់​ឆ្នាំ២០១១​ ​ ហើយនិង​៧,៨%​សម្រាប់​ឆមាស​ទីមួយ​ឆ្នាំ២០១២។​ នេះ​ជាតួលេខ​របស់​ការិយាល័យ​ខាងស្ថិតិ។

ដូច្នេះ​ សេដ្ឋកិច្ច​នៃ​ប្រទេសចិន​ត្រូវតែ​ខិតខំ​រិះរក​ “តុល្យភាព”​ របស់​ខ្លួន​ ​ ដោយ​ត្រូវ​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​ក្នុង​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​ ​ ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​ខាតបង់​ក្នុង​វិស័យ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក​ ​ ជាពិសេស​នៅ​អឺរ៉ុប​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ។​ មូលហេតុ​ទាំងនេះហើយ​ ដែលបាន​នាំឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ​ ថ្លែងថា​ “ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​មាន​ស្ថិរភាព”​ គឺជា​ការចាំបាច់​បន្ទាន់​សម្រាប់​ប្រទេសចិន។

ដូច្នេះ​ ដើម្បី​ការពារ​និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​មាន​សន្ទុះ​ ធនាគារ​កណ្តាល​ចិន​បាន​បញ្ចុះ​អត្រា​ការប្រាក់​នាំមុខ​ដល់ទៅ​ពីរលើក។​ ម្តង​នៅដើម​ខែមិថុនា​ ​ និង​ម្តងទៀត​នៅដើម​ខែកក្ដដា។​ គួរបញ្ជាក់ថា​ ​ ការ​បញ្ចុះ​អត្រា​ការប្រាក់​នាំមុខ​បែបនេះ​ ពុំដែល​កើតមាន​សោះឡើយ​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ២០០៨​ ​នៅ​ខណៈ​ពេល​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​បាន​ធ្វើការ​វាយសំពង​យ៉ាងសែន​ខ្លាំងក្លា​យ៉ាងណា​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ