
ការយកកម្រៃក្រៅផ្លូវការនៅថ្នាក់មូលដ្ឋានបានចាក់ឬសនៅក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ចាក់ឬសយូររហូតស្ទើរក្លាយទៅជាប្រពៃណី។ ប៉ុន្តែនៅពេលមុនបោះឆ្នោតនិងក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់នេះ គណបក្សនយោបាយបានសន្យាលុបបំបាត់ទង្វើយកលុយក្រៅផ្លូវការនិងលើសផែនការ។ តើគេអាចធ្វើបានដែរឬទេនៅក្រោយការបោះឆ្នោត?
ការយកកម្រៃក្រៅផ្លូវការនិងលើសផែនការនៅថ្នាក់មូលដ្ឋាននៅពេលដែលប្រជាពលរដ្ឋត្រូវការធ្វើឯកសារអ្វីមួយនោះបានកើតឡើងនៅក្នុងសង្គមខ្មែរអស់រយៈពេលជាច្រើនឆ្នាំហើយ បើទោះបីជាមានការត្អូញត្អែរពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋបានសម្តែងការមិនសប្បាយចិត្តចំពោះការយកកម្រៃក្រៅផ្លូវការដែលរដ្ឋមិនបានកំណត់នៅក្នុងបញ្ជីអ្វីទាំងអស់ ប៉ុន្តែពួកគេគ្មានជម្រើសនឹងតវ៉ាទេ។ ហើយពេលខ្លះ ប្រសិនបើប្រជាពលរដ្ឋចង់តវ៉ា ឯកសាររបស់ពួកគេអាចជាប់គាំងនៅកន្លែងណាមួយឬអាចគេមិនធ្វើអោយតែម្តង។ អ៊ីចឹងហើយ ទើបជាទម្លាប់ ប្រជាពលរដ្ឋ តែងតែរំងាប់កំហឹងក្នុងអារម្មណ៍ហើយសុខចិត្តបង្ខំចិត្តបង់ប្រាក់ខុសច្បាប់ទៅអោយមន្ត្រីថ្នាក់ឃុំសង្កាត់មួយចំនួន។
ប្រាក់កម្រៃបង់ក្រៅផ្លូវការនៅថ្នាក់មូលដ្ឋានអាចមានចំនួន ១០ដុល្លារ ២០ដុល្លារ ៣០ដុល្លារ ៥០ដុល្លារឬ១០០ដុល្លារ និងអាចលើសពីនេះ វាអាស្រ័យទៅលើសេវាដែលប្រជាពលរដ្ឋត្រូវពឹងពាក់មន្រ្តីទាំងនោះ។ ថវិកាក្នុងកម្រិតនេះមិនច្រើនទេសម្រាប់អ្នកមានធនធាននោះប៉ុន្តែសម្រាប់គ្រួសារក្រីក្រដែលរកចំណូលរស់មួយថ្ងៃសម្រាប់មួយថ្ងៃនោះ គឺវាមានទំហំច្រើនណាស់។
ទម្លាប់អាក្រក់នេះបានកើតឡើងតាំងពីច្រើនឆ្នាំមកហើយ។ ហើយទើបតែ មុនពេលបោះឆ្នោតនិងក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះទេដែលគេឮសូរការស្រែកសន្យាចេញពីគណបក្សនយោបាយថា នឹងលុបបំបាត់«ការយកលុយខុសច្បាប់ក្រៅផ្លូវការនៅពេលដែលពួកគេឈ្នះឆ្នោតដឹកនាំឃុំសង្កាត់ណាមួយនោះ»។ ប្រទេសកម្ពុជាមានឃុំសង្កាត់ចំនួន១៦៣៣។
ប្រសិនបើទម្លាប់អាក្រក់យកកម្រៃក្រៅផ្លូវការនេះបានកើតតាំងពីយូរមកហើយនៅក្នុងសង្គមខ្មែរនោះ តើគេអាចលុបបំបាត់បានដែរឬទេ? តើមូលហេតុអ្វីបានជាមន្ត្រីមួយចំនួនធ្វើយ៉ាងដូច្នេះ?
មុននឹងឆ្លើយទៅនឹងសំណួរដែលសួរថា តើគេអាចលុបបំបាត់ទម្លាប់នេះបានដែរឬទេនោះ គេគួររកចម្លើយអោយឃើញថា តើមូលហេតុអ្វីបានជាមន្ត្រីទាំងនោះ សុខចិត្តលក់កិត្តិយសដើម្បីទទួលយកកម្រៃក្រៅផ្លូវការពីអតិថិជនជាមុនសិន។ ហេតុផលដែលមន្ត្រីទទួលយកប្រាក់កម្រៃពីប្រជាពលរដ្ឋក្រៅផ្លូវការនោះ ពីព្រោះថា ប្រាក់ខែរបស់ពួកគេមិនអាចរស់បាន។
មន្ត្រីថ្នាក់មូលដ្ឋានឃុំសង្កាត់ទទួលបានប្រាក់ខែជាមធ្យមប្រមាណជា៣០ដុល្លារអាមេរិកក្នុងខណៈពេលដែលទីផ្សារតម្រូវអោយរស់បានក្នុងកម្រិតប្រាក់ចំណូលជាង១០០ដុល្លារអាមេរិក។
ដូច្នេះ ចង់មិនចង់ មន្ត្រីទាំងនោះ បើគ្មានប្រភពចំណូលផ្សេងទេ ត្រូវតែលាដៃទទួលយកសំណូកដែលគេផ្តល់អោយ។ កាលពីពេលមុន គេហៅថា «សំណូក»ប៉ុន្តែក្រោយមក គេហៅថា «កាដូទ្រនាប់ដៃទៅវិញ»។ ជាធម្មតា មន្ត្រីដែលបម្រើសេវាសាធារណៈរបស់រដ្ឋគ្មានសិទ្ធិទាមទារឬសុំកម្រៃក្រៅផ្លូវការលើសពីចំនួនកំណត់នោះទេ ពីព្រោះនេះជាសេវារបស់រដ្ឋ ហើយរដ្ឋត្រូវតែបម្រើសេវាជូនប្រជាជន។
ងាកមកឆ្លើយទៅនឹងសំណួរដែលសួរថា តើគេអាចលុបបំបាត់ទង្វើយកកម្រៃក្រៅផ្លូវការបានដែរឬទេនៅក្រោយការបោះឆ្នោតនោះ? នេះជាសំណួរមួយដែលគេពិបាកផ្តល់ចម្លើយអោយពិតប្រាកដណាស់។ ប៉ុន្តែគេអាចរង់ចាំមើលថា តើវាអាចក្លាយទៅការពិតបានដែរឬទេ។ នៅពេលគេឃើញការពិតហើយ ទើបគេអាចជឿបាន។
ការពិតនៅក្រោយការបោះឆ្នោតវាត្រូវការពេលយូរបន្តិច ប៉ុន្តែគេអាចសាកល្បងវិភាគទៅលើទិដ្ឋភាពជាក់ស្តែងនៅពេលនេះបានខ្លះ។ ក្រុមអ្នកវិភាគមួយចំនួនដែលបានតាមដានសភាពការណ៍សង្គមសេដ្ឋកិច្ចកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានអត្ថាធិប្បាយថា ការសន្យារបស់អ្នកនយោបាយចេះតែមានហើយ ប៉ុន្តែការពិតប្រហែលជាពិបាកទៅរួចណាស់។ មូលហេតុដែលមិនអាចទៅរួចនោះ មានឧបសគ្គពីរយ៉ាង។ ទី១៖គឺដោយសារប្រាក់ខែមន្ត្រីរាជការទាប។ ប្រាក់ខែទាបធ្វើអោយមន្រ្តីបាត់បង់សតិសម្បជញ្ញៈនិងទី២៖គឺដោយសារទម្លាប់។ ការកែប្រែទម្លាប់ដែល ស្ទើរក្លាយទៅជាប្រពៃណីទៅហើយនោះគឺជាការលំបាកបំផុត។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគដដែលបានបញ្ជាក់ទៀតថា អ្វីៗអាចមានការផ្លាស់ប្តូរបានប្រសិនបើរដ្ឋាភិបាលនិងប្រជាពលរដ្ឋអាចធ្វើកិច្ចការពីរយ៉ាងរួមគ្នាបាន។ កិច្ចការទី១ដែលរដ្ឋាភិបាលត្រូវធ្វើនោះគឺ ការដំឡើងប្រាក់ខែសមរម្យជូនដល់មន្រ្តីរាជការ ហើយកិច្ចការទី២ដែលប្រជាពលរដ្ឋត្រូវធ្វើដែរនោះគឺការបោះឆ្នោតទម្លាប់មេដឹកនាំឃុំសង្កាត់ណាដែលបានសន្យាហើយ តែបែរជានៅបន្តទារកម្រៃក្រៅផ្លូវការដដែលនោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ