កម្ពុជា-អ.ស.ប. - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 06 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 06 កញ្ញា 2012

យូណេស្កូ​​និង​​កម្ពុជា​​បន្ត​​ជួសជុល​​អង្គវត្ត​​ក្នុង​​ជំហាន​​ទី២​​

យូណេស្កូ​​និង​​កម្ពុជា​​បន្ត​​ជួសជុល​​អង្គវត្ត​​ក្នុង​​ជំហាន​​ទី២​​
យូណេស្កូ​​និង​​កម្ពុជា​​បន្ត​​ជួសជុល​​អង្គវត្ត​​ក្នុង​​ជំហាន​​ទី២​​
Duc Tam/RFI

ដោយ លាង ដឺលុច

រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​យូណេស្កូ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ ជួសជុល និង​អភិរក្ស​ប្រាសាទអង្គរ​វត្ត​ជំហាន​ទី២​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។ គម្រោង​ជួសជុល​និង​អភិរក្ស​​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​រួមគ្នាដោយ​រដ្ឋាភិបាល​អ៊ីតាលី និង​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​២សែន​៥ម៉ឺន​ដុល្លារ។

សេចក្តីរាយការណ៍របស់​ លាង ដឺលុច
 

06/09/2012 by លាង ដឺលុច

រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​យូណេស្កូ​បាន​ព្រមព្រៀង​បន្ត​ការដ្ឋាន​ជួសជុល និង​អភិរក្ស​ប្រាសាទ​អង្គរ​វត្ត​ទៀត​ក្នុង​ជំហាន​ទី​២។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន និង​លោកស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជានៅ​ព្រឹក​​ថ្ងៃ​ទី​៦​កញ្ញា​នេះ។

 
គម្រោង​ជួសជុល និង​អភិរក្ស​ប្រាសាទ​អង្គរវត្ត​ជំហាន​ទី​២​ដែល​មាន​រយៈ​ពេល​២​ឆ្នាំ​នេះ នឹង​តំណើរ​ការ​ដោយ​​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី ចំនួន​២​សែន​ដុល្លារ និង​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៥​ម៉ឺន​ដុល្លារ​ថែម​ទៀត។ គួរ​បញ្ជាក់​ថា គម្រោង​ជួសជុល​ជំហ៊ាន​ទី២​នេះ គឺ​ជា​ការ​ងារ​បន្ត​ពី​គម្រោង​ទី​មួយ​ដែលមានរយៈពេល​៧ឆ្នាំ ពោល​គឺ​ពី​ឆ្នាំ​២០០៥​ដល់ឆ្នាំ​២០១១ ដែល​ជំហ៊ាន​ទី​មួយ​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥៦០០០​ដុល្លារ រីឯ​រដ្ឋាភិបាល​អ៊ីតាលី​បានផ្តល់​ថវិកា​ចំនួន​៥៦៥០០០ដុល្លារ។
 
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន​​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាព្រឹក​មិញ​នេះ​ថា ការ​ចុះ​ហត្ថលេខា​នេះ​មាន​អត្ថន័យ​យ៉ាង​ខ្លាំង ដោយសារ​វា​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ឆ្នាំ​ដែល​កម្ពុជា និង​អង្គការ​យូណេស្កូ​នឹង​រៀបចំ​ខួប​ឆ្នាំ​ទី​២០​នៃ​ការ​ចុះឈ្មោះ​ប្រាសាទ​អង្គរវត្ត​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ។
 
ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំង​ពី​ឆ្នាំ​១៩៩២ ហើយ​បន្ទាប់មក​គណៈ​កម្មាធិការ​​សម្រប​សម្រួល​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស និងការ​​អភិវឌ្ឍ​ឧទ្យាន​អង្គរ​​​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណ​ខ្មែរ​នានា​ក៏​បាន​ចាប់​ផ្តើម​ជា​បន្ត​បន្ទាប់​ដោយ​ដឹកនាំ​ដោយ​​អ្នក​ជំនាញ​បរទេស។ រហូតដល់​ឆ្នាំ​​២០១២​នេះ​ ការ​ជួសជុល​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​មាន​រយៈ​២០​ឆ្នាំ​ហើយ។
 
លោក​លីម ប៊ុនហុក មន្ត្រី​ការិយាល័យ​វប្បធម៌​នៃ​អង្គការ​យូណេស្កូ បាន​ប្រាប់​អោយ​ដឹង​ថា ព្រឹត្តិការណ៍ជា​ច្រើន​ រួម​មាន​ការ​តាំងពិព័រណ៌ ការ​សំដែង​សិល្បៈ​នានា​ផង ស្តី​ពី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ឧទ្យាន​អង្គរនឹង​ត្រូវ​រៀបចំ​នៅ​ក្នុងខេត្ត​សៀមរាប​ផង និង​នៅ​ភ្នំពេញផង​ ដើម្បី​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ការ​ចុះ​ឈ្មោះ​ប្រាសាទ​អង្គរវត្ត​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​មនុស្សជាតិ៕

tags: កម្ពុជា - វប្បធម៌ - អង្គការ​សហប្រជាជាតិ - អង្គរវត្ត - អាស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

អ្នកជួយគិតតែពីជួយ អ្នកពុលរលួយ

អ្នកជួយគិតតែពីជួយ អ្នកពុលរលួយ ស៊ីលុយជំនួយ ថោកទាបជាងសត្វ
ទៅទៀត មិនអភិរក្សហើយ នៅនាំរឿងអាប់អោនបន្ថែមទៀត។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close