អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិមានក្រេមឡាំង៖ វាយប្រហារ​មក​លើ​ពូទីន គឺ​វាយប្រហារ​មក​លើ​ប្រទេស​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នេះ​ជា​ខ្លឹមសារ​និក្ខេបបទ​មួយ​លើក​ឡើង​ដោយ​អ្នក​ដឹកនាំ​ម្នាក់​នៃ​ខុទ្ទកាល័យ​វិមានក្រេមឡាំង ក្នុង​ជំនួប​លើក​ទី​១១ នៃ “ក្លឹប​សាកច្ឆា​អន្តរជាតិ” ក្រោម​ឈ្មោះ ថា ” Valdai “ ដែល​ធ្វើ​ការងារ​ខ្លួន​រយៈពេល​៣​ថ្ងៃ​តាំងពី​ថ្ងៃ​ពុធ​ទី​២២​តុលា​មក ដោយ​មាន​ការ​ចូល​រួម​នៃ ពួក អ្នកជំនាញ​និង​ពួក​នយោបាយវិទូ មក​ពី​២៥​ប្រទេស​ក្នុង​លោក។ ថ្ងៃ​២៤​តុលា​នេះ ដែល​ជា​ថ្ងៃ​បិទ បញ្ចប់ គឺ​ដល់​វេន​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ឡើង​ថ្លែង​សុន្ទរកថា បូក​សរុប​តុល្យាការ​ជំនួប។

ក្លឹបសាកច្ឆាអន្តរជាតិ” ក្រោមឈ្មោះ ថា ” Valdai “
ក្លឹបសាកច្ឆាអន្តរជាតិ” ក្រោមឈ្មោះ ថា ” Valdai “
ផ្សាយពាណិជ្ជកម្ម

ឈ្មោះ Valdai ដែល​សម្គាល់​ជំនួប​គឺ​មាន​ប្រភព​ចេញ​មក ពី​បឹង​ឈ្មោះ​យ៉ាង​នេះ ស្ថិត នៅ​ជិត​ទីរួម​ខេត្ត Viliky Novgorod ចម្ងាយ​៥៣០​គ.ម. ឦសាន​ពីរ​ដ្ឋធានី​ម៉ូស្គូ ដែល​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០០៤ មាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​លើក​ទី​១ បង្កើត​ឡើង​ជា  “ក្លឹប​សាកច្ឆា​អន្តរជាតិ”។ហើយ​តាំង​ពីពេល​នោះ​មក ក្លឹប​នេះ​ឯង តែង​រួមប្រជុំ​ជា​ជំនួប​មួយ​ឆ្នាំ​ម្តង​មិន​ដែល​អាក់ខាន​ទេ។

ក្នុង​ជំនួប​លើក​នេះ ដែល​តាម​លេខ​រៀង​ជា​លើក​ទី​១១ ប្រព្រឹត្ត​ទៅ គឹ​នៅ​ក្រុង​រមណីយដ្ឋាន  Sochi មាត់​សមុទ្រ​ខ្មៅ​ចម្ងាយ​ប្រមាណ​១.៧០០​គ.ម. ខាង​ត្បូង​ពី​ម៉ូស្គូ។ ចូលរួម គឺ អ្នក​ជំនាញការ​នយោបាយវិទូ​១០៩​នាក់​ពី​ក្នុង​នោះ ៦៥​នាក់ មក​ពី​២៥​ប្រទេស បែប​យ៉ាង ប្រទេស​ចិន​សង្ហបុរី ជប៉ុន អ៊ីស្រាអែល តួកគី អ៊ីរ៉ង់​និង​ថែម​ទាំង​ពី​អ៊ុយក្រែន​ផង។ ទោះបី រុស្ស៊ី​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​ក្តី ក៏​ប្រតិភូ​បរទេស​ទាំង​នោះ នៅ​តែ​វត្តមាន​ដដែល​ក្នុង​ជំនួប។ គេ​ទាំង​នោះ មាន​ឯកទេសកម្ម ខាង​ស្រាវជ្រាវ​ក្នុង​វិស័យ​សេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ ប្រទេស រុស្ស៊ី។ លើក​នេះ គឺ​បញ្ហា​ផ្ទៃ​ក្នុង​រុស្ស៊ី ដែល​ក្លាយ​ទៅ​ជា​ប្រធានបទ​ចម្បង។

ការ​ពិភាក្សា​នេះ​ ចាប់​ផ្តើម​ឡើង ដោយ​សំនួរ​អ្នក​នយោបាយវិទូ ដែល​ដឹកនាំ”វិជ្ជាស្ថានសន្តិសុខ ពិភពលោក” នៅ​ក្រុង​វ៉ាស៊ីនតោន គឺ​លោក Nicolai Zlobin ៖ តើ​ទណ្ឌកម្ម​បស្ចិមលោក​បាន​ជះ​ឥទ្ធិពល​យ៉ាង​ណា​ មក​លើ​ស្ថានការណ៍​ផ្ទៃ​ក្នុង​ប្រទេស​រុស្ស៊ី? តប​នឹង​សំនួរ​នេះ នាយក​រង​ទី​១ នៃ​ខុទ្ទកាល័យ​ប្រធានាធិបតី​រុស្ស៊ី លោក Vyacheslav Volodin ឆ្លើយ​បំភ្លឺ​ថា៖ជា​កំហុស​ធ្ងន់​តែ​ម្ដង របស់​រាល់​អ្នកណា ដែល​គិត​ថា ទណ្ឌកម្ម​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​ប្រេះឆា។ ប៉ុន្តែ​តាម​ពិត​ទៅ ទណ្ឌកម្ម​នេះ បែរ​ទៅ​ជា​ញ៉ាំង ប្រជាពលរដ្ឋ​រុស្ស៊ី ឲ្យ​កាន់​តែ​រួម​សម្បាច់​គ្នា ជុំវិញ​ប្រមុខ​រដ្ឋ​ខ្លួន។ គេ​នាំ​គ្នា​យល់​ថា ការ​វាយប្រហារ​មក​លើ​រូប​លោក​ប្រធានាធិបតី​ពូទីន គឺ​ជា​ការ​វាយប្រហារ​មក​លើ​ប្រទេស​រុស្ស៊ី​តែ​ម្តង។  

តំណាង​ផ្លូវការ​របស់​វិមាន​ក្រេមឡាំង បាន​លើក​យក​តួលេខ នៃ​ការ​ស្ទង់​មតិ មក​សំអាង​ គឺ​ថា មាន​ប្រជាពលរដ្ឋ​រុស្ស៊ី​ដល់​ទៅ​៨៥%​គាំទ្រ​ដល់​សកម្មភាព​លោក​ពូទីន​ ជា​ប្រធានាធិបតី​ខ្លួន ចំណែក​មតិ​៦៦%​ទៀត មិន​មើល​ឃើញ​បេក្ខជន​ណា​ផ្សេង​ឡើយ ក្រៅពី​លោក​ពូទីន សម្រាប់​ឈរ​ឈ្មោះ​ចូល​ប្រឡូក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​២០១៨ ហើយ​គេ​ចង់​ឲ្យ រូប​គាត់​ជាប់​ឆ្នោត សាជាថ្មី។ សម្រេច​សម្រួច​ទៅ​លោក Volodin បាន​បន្ឡឺ​ឡើង​នូវ និក្ខេបបទ​គន្លឹះ ដែល​ឆ្លុះ​ឲ្យ​ឃើញ ជាក់​ច្បាស់មែន ពី​សភាពការណ៍​បច្ចុប្បន្ន​នៃ​ប្រទេស​រុស្ស៊ីនិង ប្រជាជន​រុស្ស៊ី គឺ​ថា ៖ “ដរាបណា​មាន​ពូទីន​ដរាប​នោះ​ប្រទេស​រុស្ស៊ី​នៅ​តែ​សណ្ឋិត​នៅ គែ​បើ​គ្មាន​ពូទីន នោះ​មុខ​ជា គ្មាន​អត្ថិភាព​ប្រទេស​រុស្ស៊ី​ឡើយ”។

អ្វីជា​ការ​កត់​សម្គាល់​គឺ​ថា​ក្នុង​ទស្សនាទាន​ជំនួប មាន​ការ​ផ្លាស់​ប្តូរ​កើត​ឡើង ៖ ​បើ​លើក​មុនៗ “ក្លឹប Valdai “ តែង​បាន​ដើរ​តួ​ជា វេទិកាសាកច្ឆា ជាទី​ដែល ពួក​អ្នក​ជំនាញ​អន្តរជាតិ ដោយ​រួម ជាមួយ​ដៃ​គូ​រុស្ស៊ី តែង​បាន​ជជែក​ពិភាក្សា​អំពី តួនាទី​និង​កន្លែង​របស់​រុស្ស៊ី​នៅ​ក្នុង​លោក ​នោះ ឥឡូវ វា​ប្រែក្លាយ​ទៅ​ជា វេទិកា ដែល​ភាគី​រុស្ស៊ី លើក​យក​ទៅ​ពិភាក្សា​ជាមួយ​ដៃ​គូ​បរទេស​ខ្លួន គឺប​ញ្ហា ​៖ តើអ្វី​ទៅ​ដែល​កំពុ​ងប្រព្រឹត្ត​ទៅ​នៅ​ក្នុង​លោក?​ម៉្លោះ​ហើយ​បាន​ជា​ ជំនួប​លើក​ទី​១១ នៃ “ក្លឹប Valdai “ បន្លឺ​ឡើង​នូវ​បាវចនា​ដែល​ថា៖សណ្តាប់​ធ្នាប់​នៅ​ក្នុង​លោក​តើ​មាន​ក្បួន​ខ្នាត​ឫ​ទេ?

ទោះយ៉ាងណាក្តី ក៏​ប្រធានបទទាក់ទង​នឹង​ប្រទេស​រុស្ស៊ី ស្ថិត​នៅ​ជាអាទិភាព​ដដែល។លោក​​​ប្រធានាធិបតី​ពូទីន​ថ្ងៃ​សុក្រ​នេះ ឡើង​ថ្លែង​សុន្ទរកថា បូក​សរុប​តុល្យាការ​ជំនួប លើក​ទី​១១ នៃ  “ក្លឹបសាកច្ឆា​អន្តរជាតិ” ក្រោម​ឈ្មោះ​ថា ” Valdai “  ដែល​បាន​ធ្វើ​ការងារ​ខ្លួន អស់​រយៈពេល​៣​ថ្ងៃ។

គឺ​តាំងពី​ឆ្នាំ​២០០៦​មក​ដែល​លោក​ពូទីន​តែងជួប​ដោយ​ផ្ទាល់ ជាមួយ រាល់តែ ប្រតិភូ ទាំង​បរទេស​ទាំង​រុស្ស៊ី ដែល​ចូល​រួម​ក្នុង​ជំនួប​នេះ។ ករណី​ពិសេស គឺ​ក្នុង​ឆ្នាំ​២០០៨ កាល​ដែល​គេ ជួប​ទាំង​ជាមួយ​លោក​ពូទីន កាលណោះ​ជា​នាយក​រដ្ឋមន្ត្រី ទាំង​ជាមួយ​លោក មេដវេដេវ កាលណោះ​ជា​ប្រធានាធិបតី​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ