កូរ៉េខាងជើងយល់ព្រមចូលតុចរចា៦ភាគី

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស្តីពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោកស្រីរដ្ឋមន្ត្រីការបរទេសហ៊ីលឡារី គ្លីនតុននោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងយល់ព្រមត្រឡប់មកចូលតុចរចា៦ភាគីវិញហើយ ស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ ប្រមុខការទូតទាំងពីរក៏បាននិយាយអំពីបញ្ហាដំណោះស្រាយក្នុងសមុទ្រចិនខាងត្បូងដែរ។
ក្រៅពីមានវត្តមាននៅក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាននៅក្នុងខែកក្កដានៅកម្ពុជានោះហើយ រដ្ឋមន្ត្រីក្រសួងការបទេសកូរ៉េខាងជើង ក៏នឹងចូលរួមក្នុងកិច្ចប្រជុំ៦ភាគីឡើងវិញ និងព្រមចរចាជាមួយសហរដ្ឋអាមេរិកដែរ។ នេះគឺជាប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
ការបញ្ជាក់អំពីការវិលត្រឡប់របស់ទីក្រុងព្យុងយ៉ាងមកតុចរចា៦ភាគី របស់លោកហោ ណាំហុងធ្វើឡើងនៅក្នុងក្របខណ្ឌនៃការជួបគ្នារវាងលោកហោ ណាំហុង និងលោកស្រីប្រមុខការទូតអាមេរិក។
ការចរចា៦ភាគីស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបានអាក់ខានតាំងពីឆ្នាំ២០០៩ បន្ទាប់ពីមានជម្លោះរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក។ ភាគីទាំង៦នោះរួមមាន សត្រូវបងប្អូនកូរ៉េទាំងពីរ អាមេរិក ចិន រុស្ស៊ី និងប្រទេសជប៉ុន។
ទាំងទងនឹងការសម្រេចចិត្តរបស់កូរ៉េខាងជើងនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួងបានអត្ថាធិប្បាយថា កម្ពុជាសម្តែងការសប្បាយរីករាយចំពោះឆន្ទៈជាវិជ្ជមានរបស់រដ្ឋាភិបាលកូរ៉េខាងជើង ដែលបានយកចិត្តទុកក្នុងបញ្ហាសន្តិសុខតំបន់។
ក្រៅពីនេះ បញ្ហាតំបន់មួយទៀតទាក់ទងនឹងសមុទ្រចិនខាងត្បូងក៏ប្រមុខការទូតកម្ពុជា និងអាមេរិកលើកយកមកជជែកដែរ។ លោកហោ ណាំហុងបានថ្លែងប្រាប់លោកស្រីគ្លីនតុនថា កម្ពុជាបានខិតខំជំរុញអោយមានការតាក់តែងក្រមប្រតិបត្តិស្តីបញ្ហាសមុទ្រចិនខាងត្បូងហើយ ហើយថាបញ្ហាទំនាស់នៅកោះស្កាបូរាហ្វក្នុងរយៈពេលចុងក្រោយនេះ គឺជាបញ្ហារវាងចិននិងហ្វីលីពីន។
គួរបញ្ជាក់ថា អាមេរិកធ្លាប់ប្រកាសការពារហ្វីលីពីន ប្រសិនបើប្រទេសចិនគំរាមកំហែងហ្វីលីពីននោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ