កម្ពុជា-តុលាការខ្មែរក្រហម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 21 ធ្នូ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 21 ធ្នូ 2012

តុលាការ​ខ្មែរ​ក្រហម​ជូន​ដំណឹង​ដល់​បុគ្គលិក​ជាតិ​ពី​កង្វះ​ថវិកា​សម្រាប់​ខែ​ធ្នូ​នេះ​

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)

ដោយ លី ម៉េងហួរ

កាលពី​​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ​លោក ​ក្រាញ់ តូ​នី​ ប្រធាន​ការិយាល័យ​​រដ្ឋ​បាល​ស្តីទី​នៃ​​អង្គ​​ជំនុំជម្រះ​​វិសាមញ្ញ ​ក្នុង​​តុលាការ​​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ឬ​​តុលាការ​​ខ្មែរក្រហម​ បាន​​ជួបប្រជុំ​​ជាមួយ​​បុគ្គលិក​​ជាតិ​​ទាំង​អស់​ដើម្បី​​ពន្យល់​​ពី​​ការ​វិវត្តន៍​​នៃ​​សាលាក្តី​និង​​ជា​ពិសេស​​អំពី​​បញ្ហា​​ប្រឈម​​​កង្វះ​​សាច់​ប្រាក់​សម្រាប់​​បើក​​ប្រាក់​ខែ​​ដល់​​បុគ្គលិក​​ជាតិ ​ប្រមាណ​ ៣០០​ នាក់​ ចាប់​តាំង​ពី​​អ្នក​បើកបរ រហូត​​​​​ដល់​​ព្រះរាជអាជ្ញា​និង​​ចៅក្រម ​គិត​​ចាប់​ពី​ខែ​​ធ្នូ​​នេះ​​តទៅ​។​ តាម​​សេចក្តី​ជូន​​ដំណឹង ​បុគ្គលិក​​​ជាតិ​នៅ​​តុលាការ​​ខ្មែរ​ក្រហម​ អាច​​យឺតយ៉ាវ​ ក្នុង​​ការ​បើក​​ប្រាក់​ខែ​ពីរ​ឬ​​ក៏​​បី​​សប្តាហ៍​ ទម្រាំ​​​​តែ​​បំពេញ​បែប​បទ​ដក​​យក​​ប្រាក់​​ពី​​សហភាព​​អឺរ៉ុប​ប្រមាណ ​៣ ​សែន​​ដុល្លារ​បាន​។​ រីឯ​​ភាគី​​អន្តរជាតិ ​មាន​ថវិកា​ ដែល​​អាច​​ទ្រទ្រង់​ រហូត​ដល់​​ខែ​​កុម្ភៈ​ ឆ្នាំ​​២០១៣​។​​

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ
 

21/12/2012 by លី ម៉េងហួរ

​​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២ បង្ហាញថា លោក ក្រាញ់ តូ​នី ប្រធានស្តីទី​រដ្ឋបាល​​សាលាក្តី​ខ្មែរក្រហម បាន​ប្រកាស​ប្រាប់​បុគ្គលិក​ជាតិ អំពី​ស្ថានភាព​ថវិកា​របស់​សាលាក្តី និង​បញ្ហា​ប្រឈម ដែល​ជា​កង្វល់​ដ៏​ធ្ងន់ធ្ងរ​មួយ គឺ​ការខ្វះ​សាច់ប្រាក់ សម្រាប់​បើក​ប្រាក់ខែ ជូន​បុគ្គលិក​ជាតិ​ទាំងអស់ ប្រមាណ ៣០០ នាក់ ចាប់ពី​ខែ​ធ្នូ​នេះ​តទៅ​។​ រីឯ​ភាគី​អន្តរជាតិ ​មានថវិកាដំណើរការរហូតដល់ខែកុម្ភៈ ឆ្នាំ២០១៣។

​តាម​លោក ក្រាញ់ តូ​នី ភាគី​ជាតិ មាន​ថវិកា​សម្រាប់​ដំណើរការ​ដល់​ចុង​ឆ្នាំ​២០១២​នេះ ប៉ុន្តែ​អាច​​នឹង​ជួបប្រទះ​នូវ​កង្វះ​សាច់ប្រាក់ ដើម្បី​បើក​ប្រាក់ខែ សម្រាប់​ខែ​ធ្នូ​នេះ​តែម្តង ដោយ​មាន​ការយឺតយ៉ាវ​ប្រហែល​ពីរ​បី​សប្តាហ៍​។ ផ្នែក​ថវិកា និង​ហិរញ្ញវត្ថុ កំពុង​ធ្វើ​ការងារ​ជាមួយ​ម្ចាស់​ជំនួយ​ និង​អ្នកគ្រប់គ្រង​ថវិកា ដើម្បី​ទទួលបាន​ថវិកា ដែល​នៅសល់​ប្រមាណ ៣​សែន​ដុល្លារ​អាមេរិក ដែល​ស្ថិត​នៅក្នុង​គម្រោង​គាំទ្រ ដោយ​សហភាព​អឺរ៉ុប ដើម្បី​យកប្រាក់​នោះ មក​ទូទាត់​ប្រាក់បៀវត្សរ៍ សម្រាប់​ខែ​ធ្នូ​នេះ​។
 
​ជាមួយគ្នា​នោះ លោក ក្រាញ់ តូ​នី បាន​រម្លឹក​ឡើង​អំពី​ប្រភព​ថវិកា ដែល​ផ្តល់ឲ្យ អ​.​វ​.​ត​.​ក គឺ​បាន​មកពី​ថវិកាបដិភាគ​របស់​រដ្ឋាភិបាលកម្ពុ​ជា ដែល​ចំណាយ​លើ​ថ្លៃ​ទឹក​ភ្លើង ការថែទាំ​អគារ​ធ្វើការ សេវា​ដឹកជញ្ជូន​បុគ្គលិក សេវា​ថែទាំ​សុខភាព​របស់​ជនជាប់ចោទ និង​ការងារ​ផ្សព្វផ្សាយ​របស់​តុលាការ​។ រីឯ​ប្រាក់ខែ សម្រាប់​បុគ្គលិក​ទាំងអស់ គឺ​ពឹងផ្អែក​ទាំងស្រុង លើ​ថវិកា​ស្ម័គ្រ​ចិត្ត​ ដែល​ផ្តល់​ដោយ​ប្រទេស​ម្ចាស់ជំនួយ ក្នុងនោះ រួមមាន ជប៉ុន សហភាព​អឺរ៉ុប អូស្ត្រាលី អាឡឺម៉ង់ និង​ចក្រភព​អង់គ្លេស ជាដើម​។

​តាម​សេចក្តីប្រកាស សម្រាប់​ឆ្នាំ​២០១៣ បុគ្គលិក​ទាំងអស់ ក៏​នឹង​ប្រឈមមុខ​នឹង​ការ​មិន​ទទួល​បាន​​ប្រាក់ខែ ចាប់ពី​ខែ​មករា រហូតដល់​មាន​ការ​ផ្តល់​វិភាគទាន​ថ្មី​។ ជាថ្មី​ម្តងទៀត ការបំពេញ​ការងារ​ដោយ​គ្មាន​ប្រាក់ខែ គឺ​ពិតជា​មាន​ផលប៉ះពាល់​ដល់​ទឹកចិត្តនិង​ស្មារតី​របស់​បុគ្គលិក​ជាតិ​​ទាំងអស់​។​
 
​ក្នុង​ស្ថានភាព​បែប​នេះលោក ក្រាញ់ តូ​នី សង្ឃឹមថាប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗរបស់​តុលាការ​ខ្មែរក្រហមនឹង​អនុម័ត​គម្រោង​ថវិកា​កែសម្រួល​ឆ្នាំ​២០១៣ឲ្យបាន​ឆាប់ និង​ផ្តល់​ថវិកា​សង្គ្រោះ​បន្ទាន់ ( Bridging Funds )ដើម្បី​បន្ត​និរន្តរភាព​ការងារ​តុលាការនិង​ចៀសវាង​ការរាំងស្ទះ​ដំណើរ​​ការ​សវនាការ​ជំនុំជម្រះ​ក្តី ដែល​កំពុង​អនុវត្តទៅ​ដោយ​សកម្ម និង​ដោយ​រលូន​ល្អ។​

លោក នេត្រ ភ័​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានឲ្យដឹងថា សព្វថ្ងៃនេះ ទោះជា​មាន​បញ្ហា​កង្វះ​ថវិកា ក៏ប៉ុន្តែ​ដំណើរការ​របស់​តុលាការ​កាត់ទោស​មេ​ខ្មែរក្រហម នៅតែ​បន្ត​ជាធម្មតា​។ តុលាការ​ចម្រុះ កំពុង​ដំណើរការ​កាត់ក្តី​លើ​សំណុំរឿង​០០២ ដែល​មាន​ជនជាប់ចោទ នួន​ជា អៀង​សារី និង​ខៀវ​សំផន​។

​ចាប់តាំងពី​បង្កើត នៅ​ឆ្នាំ​២០០៦ តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ១៧០ លាន​ដុល្លារ​៕

 

tags: កម្ពុជា - តុលាការខ្មែរក្រហម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

អត់ប្រាក់ខែប៉ូណ្ណឹងមិនថ្វីទេបង!

ប្រាក់ជាកត្តាសំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ។​ តែការខកខានមិនបានបើកប្រាក់ខែជូន បុគ្គលិកមួយខែពីរខែ វាមិនទាន់ដាច់ពោះស្លាប់ទេ។ ពួកគាត់ទទួលបានរាប់រយពាន់ដុល្លារក្នុង១ខែ គឺលើសអ្នករើលអេតចាយច្រើនណាស់។ ដូច្នេះគួរមានចិត្តជួយធ្វើការសម្រាប់ស្វែរយុត្តិធម៌ជួយជន រងគ្រោះដោយទឹកចិត្តស្មោះសផងទៅបង!

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close