អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរក្រហម​ខ្វះ​ថវិកា​ទាំងស្រុង​សម្រាប់​ឆ្នាំ​២០១៣

នៅសល់តែ​ជាង១ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ដាច់​ឆ្នាំ ២០១២ នៅ​មិនទាន់មាន​ម្ចាស់ជំនួយ​ណា​សន្យា​ផ្តល់​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម​សម្រាប់​បន្ត​ដំណើរការ​នៅឡើយ​​ទេ។ មិន​ត្រឹមតែ​ខ្វះ​ថវិកា​ទាំងស្រុង​សម្រាប់​ដំណើរការ​ឆ្នាំ ២០១៣ ប៉ុណ្ណោះ​ទេ ប៉ុន្តែ ភាគី​អន្តរជាតិ​នៃ​សាលាក្តី​នេះ​នៅ​ខ្វះ៤លាន​ដុល្លារ​ទៀត​ដើម្បី​បញ្ចប់​ការងារ​ឆ្នាំ ២០១២ ។ នេះ​ជា​ចំណុច​ប្រឈម​ដ៏​ធំធេង​របស់​សាលាក្តី​ខ្មែរក្រហម ​ខណៈដែល​សវ​នា​ការ​សំណុំរឿង ០០២ កំពុងដំណើរការ។ អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា​គ្រោង​កោះប្រជុំ​ដើម្បី​ពិភាក្សា​ឡើងវិញ​អំពី​បញ្ហា​ថវិកា។

ដោយ​កង្វះថវិកា​ សវនការ​សំណុំរឿង ០០២​ ត្រូវ​កាត់បន្ថយ​ពី ៤ថ្ងៃ មក​នៅ​ត្រឹម ៣ថ្ងៃ​ក្នុង​មួយ​សប្តាហ៍
ដោយ​កង្វះថវិកា​ សវនការ​សំណុំរឿង ០០២​ ត្រូវ​កាត់បន្ថយ​ពី ៤ថ្ងៃ មក​នៅ​ត្រឹម ៣ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សាលាក្តី​ខ្មែរក្រហម​កំពុងតែ​ប្រឈមមុខ​យ៉ាងធ្ងន់ធ្ងរ​ទៅនឹង​វិបត្តិ​ថវិកា​ដោះស្រាយ​មិន​ចេញ។ ដើម្បី​បន្ត​ដំណើរការ​ឆ្នាំ ២០១៣ ដែល​នឹង​ឈាន​មកដល់​ក្នុង​រយៈពេល​តែ​ជាង១ខែ​ទៀត​នេះ​សាលាក្តី​ខ្មែរក្រហម​បាន​លើក​គម្រោង​ថវិកា​ចំណាយ​ជិត ៤៤ លាន​ដុល្លារ ។ ប៉ុន្តែ រហូតមក​ទល់​ថ្ងៃនេះ គ្មាន​ប្រទេស​ម្ចាស់ជំនួយ​ណាមួយ​បាន​សន្យា​បន្ត​ផ្តល់​ថវិកា​ដល់​សាលាក្តី​កូនកាត់​នេះ​នៅឡើយ​ទេ។

លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា កុំថាឡើយ​តែ​ថវិកា​ឆ្នាំ ២០១៣ សូម្បីតែ​គម្រោង​បញ្ចប់​ឆ្នាំ ២០១២ នេះ ភាគី​អន្តរជាតិ​នៅ​ខ្វះ​សាច់ប្រាក់​ចំនួន៤លាន​ដុល្លារ​ទៀត ​ដើម្បី​បង្ហើយ​ការងារ​របស់ខ្លួន។ ចំណែក​ភាគី​កម្ពុជា​អាចមាន​ថវិកា​ដំណើរការ​ដល់​ដំណាច់ឆ្នាំ។ ប្រឈមមុខ​ទៅនឹង​ការលំបាក​កាន់តែខ្លាំង​ឡើង​ក្នុងការ​រៃអង្គាស​ថវិកា គម្រោង​ចំណាយ​ឆ្នាំ ២០១៣ អាច​នឹងត្រូវ​កាត់បន្ថយ​មួយចំនួនទៀត។ នេះ​បើ​យោងតាម​មន្ត្រី​អ្នកនាំពាក្យ​ដដែល។

សូមបញ្ជាក់ថា ចាប់តាំងពី​ផ្តើម​ដំណើរការ​កាលពី​ឆ្នាំ ២០០៦ រហូតដល់​ឆ្នាំ ២០១១ សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​អស់​ជាង ១៤១ លាន​ដុល្លារ​ហើយ។ ក្នុង​ឆ្នាំ ២០១២ នេះ សាលាក្តី​គ្រោង​ចំណាយ​ជាង ៤៥ លាន​ដុល្លារ ប៉ុន្តែ នៅ​មិនទាន់មាន​ថវិកា​គ្រប់​នៅឡើយ​ទេ។ ប្រទេស​ជប៉ុន​បានផ្តល់​ថវិកា​ច្រើនជាងគេ​ដល់​សាលាក្តី​ខ្មែរក្រហម​ដែលមាន​ទឹកប្រាក់​សរុប ៧៥,៩ លាន​ដុល្លារ​ ឬ​ស្មើនឹង ៤៦ភាគរយ​នៃ​ចំណាយ​សរុប​របស់​សាលាក្តី​ទាំងមូល។ បន្ទាប់មក​មាន​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ជាដើម។

ការផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​ហាក់​មាន​សក​ម្ម​ភាពរស់រវើក​កាលពីដើម​ដំបូង ប៉ុន្តែ ចុងក្រោយ​នេះ ប្រទេស​ម្ចាស់ជំនួយ​ដែល​កំពុង​រង​វិបត្តិ​ថវិកា​ខ្លួនឯង​យ៉ាងខ្លាំង​នោះ មិនសូវ​បាន​ចាប់អារម្មណ៍​ដល់​សាលាក្តី​នេះ​ទៀត​ទេ។ ដោយសារ​បញ្ហា​ថវិកា សវនាការ​កាត់ក្តី​សំណុំរឿង ០០២ ត្រូវបាន​កាត់បន្ថយ​ពី៤ថ្ងៃ​មក​នៅត្រឹម៣ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍។ អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា​ដែលជា​ភាគី​បង្កើត​សាលាក្តី​ខ្មែរក្រហម​បាន​ផ្ញើលិខិត​ទៅកាន់​ប្រទេស​ម្ចាស់ជំនួយ​ទាំងអស់​ ដើម្បី​សុំ​ឲ្យ​ពួកគេ​បន្ត​គាំទ្រ​សាលាក្តី ប៉ុន្តែ រហូតដល់​ពេលនេះ គ្មាន​ប្រទេស​ណាមួយ​ឆ្លើយតប​នៅឡើយ​ទេ។

បើ​យោងតាម​លោក នេត្រ ភក្ត្រា អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា​គ្រោង​បើក​កិច្ចប្រជុំ​មួយ​ក្នុងពេលឆាប់ៗនេះ​ ដើម្បី​ពិភាក្សា​ឡើងវិញ​អំពី​បញ្ហា​ថវិកា​ដែលជា​ចំ​ណុ​ច​ប្រឈម​យ៉ាង​ធំ​មួយ ​ដែល​អាច​នឹងធ្វើ​ឲ្យ​តុលាការ​នេះ​ជាប់គាំង​ទាំង​ពាក់កណ្តាល​ទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ