កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 14 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 16 តុលា 2012

សាលាក្តី​ខ្មែរក្រហម​តែងតាំង​អ្នកជំនាញ​ឲ្យ​វាយតម្លៃ​សុខភាព អៀង សារី

អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការ​បរទេស នៃ​របបខ្មែរក្រហម
អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការ​បរទេស នៃ​របបខ្មែរក្រហម
©Reuters

ដោយ ប៉ែន បូណា

អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បានសម្រេច​តែងតាំង​គ្រូពេទ្យ​ជំនាញ​ពីររូប​គឺ​ជនបរទេស​មួយរូប និង​ខ្មែរ​មួយរូប​ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សុខភាព​ជនជាប់ចោទ អៀង សារី។ គ្រូពេទ្យ​ជំនាញ​ទាំងពីរ​រូប​នឹង​ផ្តើម​ការងារ​របស់ខ្លួន​នៅក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​វាយតម្លៃថា តើ​ត្រូវ​ចាត់វិធានការ​យ៉ាងណា​ចំពោះ​លោក​អៀង សារី។ ការចាត់តាំង​គ្រូពេទ្យ​ជំនាញ​ដើម្បី​វាយតម្លៃ​ខុស​ភាព​របស់​អៀង សារី​បាន​ធ្វើឡើង​បន្ទាប់ពី​ជនជាប់ចោទ​រូបនេះ​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជាង​មួយខែ​មកហើយ តែ​នៅ​មិនទាន់​ធូរស្បើយ​នៅឡើយ។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
 

14/10/2012

គ្រូពេទ្យ​ជំនាញ​ជនជាតិ​នូ​វែ​ល​ហ្សេ​ឡង់ លោក John Cambell ដែល​ធ្លាប់​ពិនិត្យ​សុខភាព​លោកស្រី អៀង ធី​រិ​ទ្ធ និង​គ្រូពេទ្យ​ជំនាញ​ជនជាតិខ្មែរ​មួយរូប​ទៀត ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​តែងតាំង​ម្តងទៀត​ ដើម្បី​វាយតម្លៃ​សុខភាព​របស់​ជនជាប់ចោទ​អៀង សារី។

គ្រូពេទ្យ​ជំនាញ​ទាំងពីរ​រូប​នឹង​ផ្តើម​បំពេញការងារ​របស់ខ្លួន​នៅក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​នេះហើយ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សលា​ក្តី​ខ្មែរក្រហម។ ការវាយតម្លៃ​សុខភាព​របស់លោក អៀង សារី បាន​ធ្វើឡើង​បន្ទាប់ពី​ជនជាប់ចោទ​រូបនេះ​បាន​ចូល​សម្រាក​មន្ទីរពេទ្យរ​យៈ​ពេល​ជាង​មួយខែ​មកហើយ តែ​នៅតែ​មិនបាន​ធូរស្បើយ​នៅឡើយ​ទេ​ ពោលគឺ​លោក​អៀង សារី សម្រាក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​តែ​រហូតមក។
 
លោក​អៀងសារីអាយុ៨៧ឆ្នាំ ត្រូវបាន​គេ​ដឹក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ​ឬ​ហៅថា​ពេទ្យរុស្ស៊ី កាលពី​ថ្ងៃទី៧កញ្ញា។ លោក​មាន​សភាព​ហេវ​ហត់ ​និង​ចុះខ្សោយ​កម្លាំង​ដោយសារតែ​ជំងឺ​បេះដូង។ ចុងក្រោយ​នេះក្រុមគ្រូពេទ្យ​ជំនាញ​បាន​រកឃើញថាជនជាប់ចោទ​រូបនេះ​មាន​បញ្ហា​ឆ្អឹង​កង ក ​ដែល​ធ្វើ​ឲ្យ​ស្ពៀតសរសៃឈាម។ ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​លោកអៀងសារី ត្រូវ​អវត្តមាន​ពី​ក្នុង​អង្គ​សវនាការ​ដោយ​គ្មាន​កាលកំណត់។ អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​ដែលជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង០០២ ក៏បាន​សម្រេចចិត្ត​ធ្វើលិខិត​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​ដោយសារតែ​បញ្ហា​សុខភាព។
 
ការដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ និង​ការចូល​សម្រាក​មន្ទីរពេទ្យ​របស់​អៀង សារី បានធ្វើ​ឲ្យ​ជនជាប់ចោទ​សំណុំរឿង ០០២ នៅសល់តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ អតីត​បងធំ​ទី២ នួន ជា អាយុ ៨៦ ឆ្នាំ និង អតីត​ប្រមុខរដ្ឋ ខៀវ សំផន អាយុ ៨១ឆ្នាំ។ ជនជាប់ចោទ​ទាំង​ពីររូប​ត្រូវបាន​មន្ទីរឃុំឃាំង​នៃ​សាលាក្តី​ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​ធ្វើបុណ្យ​កាន់បិណ្ឌ​ដូច​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ដែរ។ នេះ​បើ​យោងតាម​លោក នេត្រ ភក្ត្រា ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ។
 
លោក​បន្តថា សាលាក្តី​ខ្មែរក្រហម​មិនអាច​បន្ត​ទុក​ឲ្យ​ជនជាប់ចោទ​អៀង សារី ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​យូរ​តទៅទៀត​បានទេ។ ការវាយតម្លៃ​សុខភាព​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នឹង​អាច​អនុញ្ញាត​ឲ្យ​សាលាក្តី​ចាត់វិធានការ​បន្ត​ ដើម្បី​ជួយសង្គ្រោះ​ជនជាប់ចោទ​តាម​ការដែល​អាចធ្វើ​ទៅបាន៕

tags: កម្ពុជា - តុលាការខ្មែរក្រហម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close