កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 30 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 30 មិថុនា 2012

សាលាក្តី​ខ្មែរក្រហម​ព្រមាន​មេធាវី​អន្តរជាតិ​របស់ នួន ជា ពី​កំហុស​វិជ្ជាជីវៈ

សហមេធាវី​បរទេស និង​កម្ពុជា​ដែល​ត្រូវ​ការពារ​ក្តីឲ្យ​លោក​នួន ជា នៅក្នុង​តុលាការ​ខ្មែរក្រហម​
សហមេធាវី​បរទេស និង​កម្ពុជា​ដែល​ត្រូវ​ការពារ​ក្តីឲ្យ​លោក​នួន ជា នៅក្នុង​តុលាការ​ខ្មែរក្រហម​
©ECCC

ដោយ ប៉ែន បូណា

សាលាក្តី​ខ្មែរក្រហម​បាន​ចេញ​សេចក្តី​សម្រេច​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ស្តីពី​កំហុស​វិជ្ជាជីវៈ​របស់​មេធាវី​អន្តរជាតិ២​នាក់​ដែល​ការពារក្តី​ឲ្យនួនជា គឺ​លោក​មេធាវី Michiel PESTMAN និង​លោក​Andrew IANUZZI។ សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៩មិថុនា​ម្សិលមិញ​ដោយ​លើកឡើង​ពី​កំហុស​វិជ្ជាជីវៈ​ជាច្រើន​របស់​មេធាវី​ទាំងពីរ និង​ចាត់ទុកជា​ការព្រមាន​ជា​សាធារណៈ​ចំពោះ​ពួកគេ។
 

បន្ទាប់ពី​បានទទួល​ការព្រមាន​ដោយផ្ទាល់​មាត់​នៅក្នុង​តុលាការ កាលពី​ថ្ងៃទី២១ ខែមិថុនា រួចមក មេធាវី​អន្តរជាតិ​ពីររូប​ដែល​ការពារ​ក្តី​ឲ្យ នួន ជា គឺ​លោក Michiel PESTMAN និង​លោក Andrew IANUZZI ត្រូវបាន​សាលាក្តី​ខ្មែរក្រហម​សម្រេច កាលពី​ថ្ងៃទី២៩មិថុនា​ម្សិលមិញ​ផ្សព្វផ្សាយ​ការព្រមាន​ជា​សាធារណៈ​អំពី​កំហុស​វិជ្ជាជីវៈ​របស់​ពួកគេ។ កំហុស​វិជ្ជាជីវៈ​ទាំងនោះ​រួមមាន ការនិយាយស្តី និង​ការប្រព្រឹត្តិ​ដោយ​គ្មាន​ការគោរព​ចំពោះ​តុលាការ និង​ការបង្អាក់​កិច្ចដំណើរការ​នីតិវិធី​សវនាការ នៅក្នុង​សំណុំរឿង០០២, ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​សម្ងាត់​នានា​ដោយ​គ្មាន​ការអនុញ្ញាតិ រួមទាំង​ការផ្សាយ​ក្នុង​សារព័ត៌មាន​ផងដែរ។ ក្រៅពីនោះ ការមិន​គោរព​បទបញ្ញត្តិ​នានា នៃ​ក្របខ័ណ្ឌ​គតិយុត្តិ​របស់​សាលាក្តី និង​សេចក្តី​បង្គាប់​នានា​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​ធ្វើឡើង​ដើម្បី​ការពារ​សិទ្ធិ​របស់​ជនជាប់ចោទ នួន ជា។

 

មេធាវី​បរទេស​ទាំងពីរ​របស់​លោកនួនជា នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ
©siv Chana

សាលាក្តី​បានចាត់ទុក​ការប្រព្រឹត្តិ​ទាំងនោះ​ថា មាន​កម្រិត​ទាប​ជាង​បទដ្ឋាន​វិជ្ជាជីវៈ និង​មិន​ស្រប​ជាមួយនឹង​បទដ្ឋាន​ដែលមាន​ការទទួលស្គាល់ ក៏ដូចជា​មិន​ស្រប​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​របស់​មេធាវី​ទៀតផង។ បទដ្ឋាន​ទាំងនោះ រួមមាន ការគោរព​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ស្ថាប័ន​យុត្តិធម៌ ក៏ដូចជា ការគោរព​ចំពោះ​ជនរងគ្រោះ ដោយសារ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ជាដើម។ សាលាក្តី​ខ្មែរក្រហម​បាន សម្តែង​ការសោកស្តាយ​ថា មេធាវី​អន្តរជាតិ ដែល​ត្រូវបាន​ផ្តល់​ថវិកា​ដោយ​អង្គការសហប្រជាជាតិ ហើយ​ដែល​ត្រូវគេ​រំពឹងថា នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​បទដ្ឋាន​អន្តរជាតិ​កម្រិត​ខ្ពស់បំផុត​មួយ ក្នុង​ការរួមចំណែក​ដល់​ការកសាង​សមត្ថភាព​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ដើម្បី​លើក​ស្ទួយ​សេចក្តី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ​នៅក្នុង​សម័យ​ខ្មែរក្រហម​នោះ​បែរជា​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​ទៅវិញ។

កំហុស​វិជ្ជាជីវៈ​ដែល​កើតមាន​ញឹកញាប់​ជាងគេ គឺពាក់ព័ន្ធ​នឹង​ការផ្សាយ​ឯកសារ​សម្ងាត់​របស់​តុលាការ​ឲ្យ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន នៅមុន​ពេល​ដាក់​ឯកសារ​នោះ ទៅមុខ​តុលាការ​ទៅទៀត។ មិនតែប៉ុណ្ណោះ ពួកគេ​ថែមទាំង​ផ្សព្វផ្សាយ​ឯកសារ​ផ្សេងៗ​ទៀត ដោយ​គ្មាន​ការអនុញ្ញាតិ ឬ​ដែល​មិន​សមស្រប​សម្រាប់​ចេញផ្សាយ​ជា​សាធារណៈ​ទៀតផង។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​សាលាក្តី​ខ្មែរក្រហម។ មេធាវី​ទាំងពីរ​ត្រូវគេ​ព្រមាន​ថា អាច​ទទួល​ទណ្ឌកម្ម ឬ​មិន​ឲ្យ​ចូលរួម​សវនាការ​ប្រសិនបើ​ពួកគេ​មិន​យកចិត្តទុកដាក់​ចំពោះ​ការព្រមាន​នេះ។
 
ការព្រមាន​នេះ​ក៏​ត្រូវបាន​ជូនដំណឹង​ផងដែរ​ទៅ​គណៈមេធាវី​ទីក្រុង Amsterdam និង​គណៈមេធាវី​ទីក្រុង New York ដែល​លោក Michiel PESTMAN និង​លោក Andrew IANUZZI ជា​សមាជិក​ផងដែរ ដើម្បី​ឲ្យ​គណៈមេធាវី​ទាំងពីរ​នោះ​ដឹង​ពី​កំហុស​វិជ្ជាជីវៈ​នេះ និង​ចាត់វិធានការ​សមស្រប​ចំពោះ​សមាជិក​របស់ខ្លួន​ទាំងពីរ។ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ត្រូវ​បាន​គេ​ជូនដំណឹង​ពី​អង្គហេតុ​នេះដែរ៕

 

tags: កម្ពុជា - ខ្មែរក្រហម - ច្បាប់ - តុលាការ - តុលាការខ្មែរក្រហម - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

គ្មានបានការទេសាលាក្តីនេះ

គ្មានបានការទេសាលាក្តីនេះ គិតតែឈ្លោះគ្នា ហើយបើកប្រាក់ខែទៅផ្ទះបាត់ បើទុកប្រាក់ជួយជនក្រីក្រ ប្រហែលប្រសើជាងការសើរើដែលពោពេញទៅដោយ ការជ្រាតជ្រែក

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close