អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

លោក​ចន ឃេរី​ធ្វើ​ដំណើរ​ទៅ​ដោះស្រាយវិបត្តិ​នយោបាយ​នៅ​អាហ្វហ្កានីស្ថាន

នៅថ្ងៃ​សុក្រ​ទី ១១​កក្កដា នេះ ប្រមុខ​ការបរទេស​អាមេរិក​កំពុង​មាន​វត្តមាន នៅ​ទីក្រុង​កាប៊ូល ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​​នៅ​អាហ្វហ្កានីស្ថាន ដែល​កំពុង​ជួប​គាំង​ នៅ​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី។ បេក្ខជន​​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​បាន​ប្រកាស​ជ័យ​ជំនះ​រៀងៗ​ខ្លួន នៅពេលដែល​​ការបន្លំ​សន្លឹកឆ្នោត​ត្រូវ​បាន​គេ​បក​អាក្រាត​ថា​បាន​កើត​មាន​​យ៉ាង​សកម្ម នៅក្នុង​ថ្ងៃ​បោះឆ្នោត ១៤​មិថុនា​កន្លងទៅ។ 

ប្រមុខការបរទេស​ជួប​លោក​អាស្រាហ្វ ហ្កានី​បេក្ខជន​ប្រធានាធិបតី​ដែល​ទទួល​សំឡេង​ឆ្នោត​៥៦,៣​ភាគរយ​នៅក្នុង​ការបោះឆ្នោត នៅថ្ងៃ​ទី​១១​កក្កដា
ប្រមុខការបរទេស​ជួប​លោក​អាស្រាហ្វ ហ្កានី​បេក្ខជន​ប្រធានាធិបតី​ដែល​ទទួល​សំឡេង​ឆ្នោត​៥៦,៣​ភាគរយ​នៅក្នុង​ការបោះឆ្នោត នៅថ្ងៃ​ទី​១១​កក្កដា ©REUTERS/Jim Bourg
ផ្សាយពាណិជ្ជកម្ម

នៅ​អាហ្វហ្កានីស្ថាន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ព្យាយាម​ដើតួនាទី​ជា​អ្នកសម្របសម្រួល បន្ធូបន្ថយ​ភាពតានតឹង ដើម្បីធ្វើយ៉ាងណា​កុំ​ឲ្យ​អាហ្វហ្កានីស្ថាន​ធ្លាក់​ ផុងខ្លួន​ជ្រៅ​​ចូល​ទៅ​ក្នុង​គ្រោះវឹកវរ នៅក្រោយ​ការបោះឆ្នោត។ វិបត្តិ​នយោបាយ​នៅ​អាហ្វហ្កានីស្ថាន​បាន​លេចឡើង បន្ទាប់ពី​បេក្ខជន​ទាំងពីរ​រូប​ប្រកាស​ជ័យជំនះរៀងៗខ្លួន។ លោក​អាប់ឌុលឡា អាប់ឌុលឡា បាន​ប្រកាស​ថា ខ្លួន​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី និង​ប្រកែក​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​បាន​ផ្តល់​ជ័យជំនះ​ដល់​គូបដិបក្ខ គឺ​លោក​អាស្រាហ្វ ហ្កានី។

 
លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​បាន​បង្ហាញ​ថា លោក​អាស្រាហ្វ ហ្កានី​បាន​ទទួល​សំឡេង​ឆ្នោត​ដល់​ទៅ ៥៦,៤ភាគរយ ប៉ុន្តែ គូប្រជែង​របស់​លោក គឺ​លោក​អាប់ឌុលឡា អាប់ឌុលឡា​បាន​រុញច្រាន​ចោល​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​គេ​ពិនិត្យ​ឡើងវិញ​ពី​បណ្តឹង​ស្តីពី​ការបន្លំសន្លឹកឆ្នោត ដែល​លោក​បាន​បរិហារ​ថា​បាន​កើតមាន​យ៉ាង​សកម្ម នៅក្នុង​ពេល​បោះឆ្នោត។

ក្នុង​នាម​ជា​ប្រទេស​ដែល​ផ្តល់​ទ្រព្យធន និង​កងទ័ព​គាំទ្រ​អាហ្វហ្កានីស្ថាន អស់​១៣​ឆ្នាំមកហើយ អាមេរិក​បារម្ភថា ជម្លោះ​នៅក្រោយ​ការបោះឆ្នោត​អាច​នឹង​រុញច្រាន​​អាហ្វហ្កានីស្ថាន​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្រ្គាម ប្រយុទ្ធគ្នា រវាង​ក្រុម​កុលសម្ព័ន្ធ ដែល​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ។ អាមេរិក​យក​ចិត្ត​ទុកដាក់ ចង់​ជួយ​ដោះស្រាយ​វិបត្តិ​អាហ្វហ្កានីស្ថាន ព្រោះ​អាមេរិក​មិន​ចង់​ឲ្យ​អាហ្វហ្កានីស្ថាន​ជួប​ស្ថានភាព​វឹកវរ ដូចនៅ​អ៊ីរ៉ាក់ នៅក្រោយ​ការដកទ័ព​របស់​អាមេរិក។ បទពិសោធន៍​នៅ​អ៊ីរ៉ាក់ បង្ហាញថា នៅក្រោយ​កងទ័ព​អាមេរិកដក ឆ្នាំ ២០១២ ជម្លោះ​ដណ្តើម​អំណាច​រវាង​បក្ស​នយោបាយ បាន​ផ្តល់​ឱកាស​ដល់​ការរីកធំធាត់​របស់​ក្រុមជីហាត ដែល​ពេលនេះ​កំពុង​បង្កអំពើហិង្សា និង​ប្រយុទ្ធ​គ្រប់គ្រង​ទឹកដី​ភាគខាងជើង នៅអ៊ីរ៉ាក់។

តាម​គម្រោង កងទ័ព​អាមេរិក និងកងទ័ព​​សម្ព័ន្ធមិត្ត​របស់​អូតង់​ត្រូវ​ដកចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន នៅចុង​ឆ្នាំ ២០១៤​នេះ។ នៅសប្តាហ៍នេះ លោក​ប្រធានាធិបតីអាមេរិក​បាន​គំរាម​ផ្តាច់​ជំនួយ​ ប្រសិន​បើ​ភាគី​ជម្លោះ​មិន​អាច​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី ឬ​រំលោភ​រដ្ឋធម្មនុញ្ញ ដោយល្មើស​​បង្កើត​រដ្ឋាភិបាល​ពីរដាច់ពី​​គ្នា។ ប្រធាន​អង្គការ​អូតង់​វិញ​បាន​អំពាវនាវ​ឲ្យ​បក្ស​នយោបាយ​បញ្ចប់​វិបត្តិ​នយោបាយ និង​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឲ្យ​បាន​មុន​ជំនួបកំពូល​អូតង់ នៅខែ​កញ្ញា។ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​ធ្លាប់​បាន​សន្យា​ចុះ​កិច្ចព្រមព្រៀង ដែល​នឹង​អនុញ្ញាត​ឲ្យ​អាមេរិកអាច​បន្តទុក​កងទ័ព ប្រមាណ មួយម៉ឺននាក់នៅ​អាហ្វហ្កានីស្ថាន នៅក្រោយ​ការដក​កងទ័ព។ វិបត្តិ​មិន​ចុះ​សម្រុង​គ្នា​រវាង​គូបដិបក្ស​នយោបាយ នៅ​អាហ្វហ្កានីស្ថាន​នឹង​អាច​ពន្យារ លើកពេល​ចុះ​កិច្ច​ព្រមព្រៀង​នេះ​តទៅមុខទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ