អានតួអត្ថបទ
កម្ពុជា

លោក​កឹម​សុខា ​ស្តាប់​កង្វល់​របស់​ប្រជាពលរដ្ឋ​ យុវជន​ និង​ព្រះសង្ឃ​ ពី​ការ​ជំទាស់​នឹង​ជនភៀស​ខ្លួន​អូស្ត្រាលី

អនុប្រធាន​ទី​១​រដ្ឋសភា​ លោក​កឹម​សុខា​ ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទទួល​ជួប​ប្រជា​ពលរដ្ឋ​ ព្រះសង្ឃ​ និង​យុវជន​ ដើម្បី​ស្តាប់​កង្វល់​លើ​ការ​ជំទាស់​នឹង​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ និង​ទទួល​ជនភៀស​ខ្លួន​ ពី​ប្រទេស​អូស្ត្រាលី​ ចូល​មក​រស់នៅ​កម្ពុជា។ ​តាម​លោក​កឹម​សុខា ​គណបក្ស​ប្រឆាំង​របស់​លោក​ មិន​គាំទ្រ​នឹង​នយោបាយ​យក​រួច​ខ្លួន​របស់​អូស្ត្រាលី​លើ​បញ្ហា​ជនភៀស​ខ្លួន​នេះ​ទេ។ ​លោក​កឹម​សុខា ​នឹង​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ ​ជុំវិញ​បញ្ហា​ជនភៀស​ខ្លួន។

លោកកឹម សុខា​(កណ្តាល)​ ជួប​ពិភាក្សាគ្នា​ជា​មួយ​ព្រះសង្ឃ​ និង​យុវជន​ ពី​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី​ មក​កម្ពុជា​។
លោកកឹម សុខា​(កណ្តាល)​ ជួប​ពិភាក្សាគ្នា​ជា​មួយ​ព្រះសង្ឃ​ និង​យុវជន​ ពី​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី​ មក​កម្ពុជា​។ Fcaebook/Kem Sokha
ផ្សាយពាណិជ្ជកម្ម

ដោយសារតែ​រដ្ឋសភា មិន​ទទួលយក​ញត្តិ​តវ៉ា​លើ​បញ្ហា​ជនភៀសខ្លួន កាលពី​ចុង​សប្តាហ៍​មុន ទើប​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២១តុលា​នេះ លោក​កឹម​សុខា អនុប្រធាន​ទី១រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​មាន​បញ្ហាដីធ្លី ព្រះសង្ឃ និង​យុវជន។

ក្នុង​កិច្ចប្រជុំ​ប្រហែល ១ ម៉ោង នៅ​រដ្ឋសភា តំណាង​ប្រជាពលរដ្ឋ​មាន​បញ្ហាដីធ្លី មកពី​បុរី​កីឡា និង​បឹងកក់ ជាដើម បាន​លើកឡើងថា ពួកគាត់​មាន​បញ្ហាដីធ្លី ដែល​ មិនទាន់​ដោះស្រាយ​នៅឡើយ ហើយ​បើ​រដ្ឋាភិបាល​កម្ពុជា​ថា ការទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី ជា​បញ្ហា​មនុស្សធម៌​នោះ គឺ​រដ្ឋាភិបាល គួរតែ​គិតដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មិនមាន​ដី​ផ្ទះ ហើយ​ស្នាក់នៅ​ជិត​គំនរ​សំរាម​នៅឡើយ។ នេះ​ជា​រឿង​មនុស្សធម៌ ដែល​រដ្ឋាភិបាល ត្រូវ​គិត​មុនគេ។

ដោយឡែក​តំណាង​ព្រះសង្ឃ និង​ក្រុមយុវជន បានលើកឡើង​ពី​បញ្ហា​មិនមាន​ការងារ​ធ្វើ ដែលមាន​អត្រា​ខ្ពស់ នៅពេល​សព្វថ្ងៃ។ ដូច្នេះ​បើ​រដ្ឋាភិបាល ទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​រស់នៅ​កម្ពុជា នោះ​គ្រាន់តែ​ជា​បន្ទុក​បន្ថែមទៀត​ប៉ុណ្ណោះ។

លោក កឹម សុខា បាន​គាំទ្រ​កង្វល់ ដែល​លោក​ថា ជា​កង្វល់​ពិត​របស់​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន​ខាងលើ។ លោក​កឹម​ម​សុខា អះអាងថា នឹង​យក​កង្វល់​ទាំងនោះ ជូនទៅ​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​អូស្ត្រាលី។ តាម​ទស្សនៈ​របស់លោក​កឹម​សុខា រដ្ឋាភិបាល​អូស្ត្រាលី មាន​បញ្ហា​ជនភៀសខ្លួន ហើយ​បញ្ហា​ជនភៀសខ្លួន ជា​ប្រធានបទ​ឃោសនា​បោះ​ឆ្នោត​នៅ​អូស្ត្រាលី។ ដូច្នេះ​លោក មិន​គាំទ្រ​នូវ​នយោបាយ​យករួចខ្លួន​របស់​អូស្ត្រាលី​នេះ​ទេ។

លោក​កឹម​សុខា ក៏បាន​លើកឡើងថា កម្ពុជា ក៏​មិន​ជាប់​កាតព្វកិច្ច​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​ជនភៀសខ្លួន ដែល​កម្ពុជា​ជា​ហត្ថលេខី​នោះទេ ព្រោះ​ជនភៀសខ្លួន​នៅ​អូស្ត្រាលី​នោះ មិន​មែន​មកសុំ​ជ្រកកោន​នៅ​កម្ពុជា​នោះទេ។ ម្យ៉ាងទៀត រដ្ឋាភិបាល​កម្ពុជា មិនទាន់​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ដែល​ប្រៀបដូចជា​កូនចៅ​ក្នុងផ្ទះ មិនទាន់មាន​បាយ​ហូប និង​ផ្ទះ​ដេក​​​គ្រប់គ្រាន់​នៅឡើយ​នោះ។

លោក​កឹម​សុខា ត្រូវ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា នៅ​រសៀល​ម៉ោង ៣ ថ្ងៃ​អង្គារ​នេះ ដើម្បី​និយាយ​ពី​បញ្ហា​ជនភៀសខ្លួន។

នៅក្រៅ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប នៅ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៧តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​លោកស្រី ជូ​លី ប៊ី​ស៊ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី។ នោះ​គឺ​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី អះអាងថា នៅតែ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង ថ្ងៃ២៦កញ្ញា ក្នុងការ​បញ្ជូន និង​ទទួល​ជនភៀសខ្លួន ពី​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា។ តែ​ត្រូវធ្វើឡើង​ដោយ​គោល​ការណ៍​ស្ម័គ្រចិត្ត។

នៅ​ថ្ងៃ​អង្គារ​នេះ លោក​កឹម​សុខា បាន​ព្រមាន​ថា បើសិនជា​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​អូស្ត្រាលី នៅតែ​ធ្វើ​ដូច្នេះ​មែន​នោះ លោក​អាច​ស្នើ​ឲ្យ​រដ្ឋសភា ពិភាក្សា​ដេញដោល និង​ពិចារណា​លើ​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ