កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 13 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 13 សីហា 2012

លោក​កឹមសុខា​បដិសេធ​លិខិត​ឆ្លងឆ្លើយ​រឿង​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​លោក​សមរង្ស៊ី

លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួប​ចរចា​ពី​ការ​រួបរួមគ្នា​ នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន
លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួប​ចរចា​ពី​ការ​រួបរួមគ្នា​ នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន
samrainsyparty.org

ដោយ លី ម៉េងហួរ

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​បដិសេធ​នូវ​លិខិត​ក្លែងបន្លំ ដែល​ជនខិលខូច​បាន​យក​ឈ្មោះ​របស់​លោក ទៅ​បង្កាច់បង្ខូច ក្នុង​ចេតនា​នយោបាយ​។ នោះ​គឺ​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​លិខិត​បង្ហោះ​តាម​ហ្វេសប៊ុក និង​តាម​អ៊ី​ម៉ែ​ល ដែល​មួយ​ជា​លិខិត​របស់​លោក​សម ​រង្ស៊ី និង​លិខិត​មួយទៀត របស់​លោក​កឹម​ សុខា និយាយ​ពី​ការផ្តាច់​ទំនាក់ទំនង​ រវាង​លោក​សម ​រង្ស៊ី និង​លោក​កឹម ​សុខា ឈប់​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​រួមគ្នា​។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ចេញមក​ប្រកាស​បដិសេធថា លិខិត​ទាំងពីរ​នោះ ជា​លិខិត​ក្លែងបន្លំ ខណៈ​ដែល​សម្ព័ន្ធភាព​គណ​បក្សប្រឆាំងកំពុង​ដំណើរការ​ទៅមុខ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ
 

13/08/2012

​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​សហរដ្ឋអាមេរិក លោក​កឹម​ សុខា បាន​លើកឡើង​ថា គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​នឹង​រួមគ្នា​ជាមួយ​គណបក្ស​សមរង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​ការ​ក្លែង​លិខិត​របស់​លោក​ កាលពី​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ ដោយសារ​តែ​ជនខិលខូច ឬ​ក្រុម​ខិលខូច​នោះមានការ​ភ័យ​ស្លន់ស្លោ ប្រើ​ឧបាយកល​ញុះញង់ បំបែកបំបាក់ ដើម្បី​កុំ​ឲ្យ​ខ្មែរ​រក​ឯកភាព​ជាតិ និង​សាមគ្គី​ជាតិ​បាន ដើម្បី​ងាយស្រួល​ជិះជាន់ និង​ត្រួតត្រា​។​
 
​ក្នុង​លិខិត​បដិសេធ​ដដែល​នោះ លោក​កឹម​ សុខា បានបញ្ជាក់​ថា ក្នុង​នាម​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក​សូម​ប្ដេជ្ញា​សា​ជា​ថ្មី​ម្ដងទៀត ចំពោះមុខ​មហាជន​ខ្មែរ ដែល​តែងតែ​ស្នើ​ឲ្យ​លោក​ស្វែងរក​ការបង្រួបបង្រួម​ជាតិ ​រវាង​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម​ថា បេសកកម្ម​ជា​ប្រវត្តិសាស្ដ្រ​នេះ លោក​នឹង​ខិតខំ​ធ្វើឲ្យបាន​សម្រេច​ដល់​គោលដៅ​។​
 
​សេចក្តីប្រកាស​បដិសេធ​ជា​លាយលក្ខណ៍អក្សរ​រប​ស់លោក​កឹម​សុខា យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​មាន​ការផ្សព្វផ្សាយ​នូវ​លិខិត​ដាច់ដោយឡែក​ពីគ្នា គឺ​របស់​លោក​សម ​រង្ស៊ី និង​មួយទៀត​របស់​លោក​កឹម​ សុខា ក្នុង​រឿង​ផ្តាច់​សម្ព័ន្ធភាព​ រវាង​គណ​បក្សប្រឆាំង​ទាំងពីរ​។ លិខិត ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាម​អ៊ី​ម៉ែ​ល និង​តាម​ហ្វេ​ស​ប៊ុក នៅថ្ងៃនេះ បានបង្ហាញ​ថា លោក​សម​ រង្ស៊ី បាន​ប្រាប់​លោក​កឹម​ សុខា​ពី​ការប្រកាស​ឈប់​ធ្វើ​សម្ព័ន្ធភាព ដោយសារ​តែ​រូបលោក ជាប់ទោស​ក្នុង​រឿង​តម្រុយ​បង្គោល​ព្រំដែន និង​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​បានទេ​។ រីឯ​លោក​កឹម ​សុខា ក៏​បាន​តប​លិខិត ទៅ​កាន់​ជនរួមជាតិ ដោយ​បរិហារ​លោក​សម ​រង្ស៊ី ចំពោះ​ការសម្រេច​ផ្តាច់​សម្ព័ន្ធភាព​គណបក្សប្រឆាំង​នោះ​។
 
​យ៉ាងណាក៏ដោយ លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា លិខិត​របស់​លោក​សម​រង្ស៊ី និង​លិខិត​របស់​លោក​កឹម​សុខា ដែល​គេ​ផ្សព្វផ្សាយ បង្ហោះ​តាម​អ៊ី​ម៉ែ​ល និង​ហ្វេ​ស​ប៊ុក​នោះ គឺជា​រឿង​មិន​ពិត​ទេ​។​ ​តាម​អ្នកនាំពាក្យ លិខិត​ទាំងនោះ​ជា​រឿង​ក្លែងក្លាយ ដើម្បី​ឲ្យ​មតិសាធារណជ​ន​ច្របូកច្របល់ និង​ប្រហែលជា​មាន​អ្នក​ភ័យព្រួយ​ពី​ការរួបរួម​របស់​គណ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។
 
​កាលពី​សប្តាហ៍​មុន ក៏​មាន​ការ​ក្លែង​លិខិត​ពី​មរណភាព​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជា​ ស៊ីម និង​ក្លែង​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រឿង​ចូល​បំភ្លឺ​រដ្ឋសភា​ផងដែរ​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​មាន​ការបដិសេធ​ជា​ផ្លូវការ ចំពោះ​លិខិត​បំភ្លៃការពិត ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក​ទាំងនោះ៕​

tags: កម្ពុជា - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

Notes for consideration

បរិយាកាសចុងក្រោយនៅប្រទេសកម្ពុជា អំពីការកែ្លងលិខិតសាធារណះទាំង២លើក មិនមានរឿង ណាមួយពិតនោះទេ ។

បើពិនិត្យមើលការកើតឡើងចុងក្រោយលើបណ្តា ប្រទេសមួយចំនួន ​នាពេលបច្ចុប្បន្ន របៀបធ្វើ យុទ្ឋនាការតាមរយះប្រព័ន្ឋទំនាក់ទំនងសង្គមភាគច្រើនចេញពី គូប្រគួតប្រជែង​​ដើបម្បីបេក្ខភាព នាយករដ្ឋមន្រ្តី ឬកាន់តែធ្ងន់ធ្ងរគឺផ្តួលរលំភាគីម្ខាងទៀត ​​ ដោយសារ

១ មានតំលៃទាប និង អាចដល់មនុស្សជាច្រើន
២ មិនចាប់បាច់មានការទទួលខុសត្រូវលើពត័មានដែលបានដាក់ ​តែបើមានភាពរំជើបរំជួល ភាគី​ មួយ ដែលនៅពីក្រោយស្ថានការនេះ ហាក់ចំណេញច្រើនជាងខាត
៣ ទោះមានការសង្ស័យ ក៏មិនចាំបាច់ប្រឈមមុខដោយផ្ទាល់ជាមួយច្បាប់ ឬ រដ្ឋាភិបាលព្រោះនេះ ជាពាក្យអាចាមរាមក្នុងប្រព័ន្ឋសង្គមតែប៉ុណ្ណោះ ព្រោះថាការដាក់ពត័មានមិនចាំបាច់ អោយមាន អត្តសញ្ញាណអ្វីជាសាធារណសំរាប់មតិ និងពត័មាននិមួយៗនោះឡើយ៕

ជាអ្នកចំការម្នាក់នៅក្នុងស្រុកអង្គរធំ ខែត្រសៀមរាប​ខ្ញុំកម្របានស្តាប់ និងឃើញរដ្ឋាភិបាលឈ្នះ ឆ្នោត លើសកលលោកនាពេលបច្ចុប្បន្ន ជ្រើសរើសយកការ ផ្សព្វផ្សាយរឿងរសើប តាមប្រព័ន្ឋ សង្គមណាស់ ។

បើពិនិត្យលើដើមចមរឿងទី​មួយ និងចរិកលក្ខណះបក្សឈ្នះឆ្នោតនៅកម្ពុជា មិនងាយនិងបញ្ចេញ ​សុខទុក្ខ របស់រដ្ឋមន្រ្តីសំខាន់ និងកំពូលៗណាស់ចៀសវាងការរំជើបរំជួលក្នុងជួរបក្សណាស់។ ហើយបើ ពិចារណាបន្តិចយើងពិបាករកអោយឃើញភាពចំណេញ និងការមានប្រៀបលើគូរ ប្រកួតប្រជែង ដែលគណបក្សឈ្នះឆ្នោតអាចទទួល បានពីការក្លែងព័តមាននេះ។

បើពិនិត្យររឿងទី​២។ យើងនៅចាំបានថានាយករដ្ឋមន្រ្តីបានថ្កោលទោស យ៉ាងខ្លាំងក្លា ហើយហៅ ថាការប្រឌិតបែបនេះ ស្មោគរោគ នៅមុខអ្នកមើល និងអ្នកស្តាប់ទូទាំងប្រទេស។ នេះបានសេចក្តី នាយករដ្ឋមន្រ្តី បានដាក់បន្ទុកដើមចមរឿងនេះទៅបក្សប្រឆាំង។ ជាការតបត អាចជាយុទ្ឋសាស្រ្ត បក្សម្ខាងទៀតក៏លេងបែបនេះដែរ ដោយប្រហែលជាជ្រើសរើសការសរសេរខ្លួនឯងថាខ្លួនឯង តែម្តងទៅ​​ ដែលអាចមាន​​ ផលចំណេញ២ ះ

១ បក្សកាន់អំណាចក៏លេងបែបនេះដែរកុំថាតែបក្សប្រឆាំង ដើម្បីជួយសំរាលស្ថានការលើកទី​ ១
២ ដើម្បីទាញការចាប់អារម្មណ៏ពីសាធារណលើការរួបរួមចុងក្រោយអោយកាន់តែសំខាន់ ដោយ របៀបបញ្ជូនសារថា​ រដ្ឋាភិបាល ហាក់មានកង្វល់ ពីការរួបរួមនេះរហូតអាចជ្រើស វិធីដែល យើងទាំងអស់ គ្នាគិតថាមិនស្អាតស្អំនោះ។

ក្នុងរឿងទី២នេះលទ្ឋភាពអាចដាក់ការសង្ស័យទៅភាគីណាមួយក៏បានអាស្រ័យលើហតុផលរៀងៗខ្លួនប៉ុនែ្តហាក់មានជំនឿថា ពងទាចៀននេះ អាចចៀនអោយឆ្អិនទាំងសងខាង ដោយ​​ ភាគី ឬ មនុស្សតែមួយក្រុមប៉ុណ្ណោះ ដែលមាននិន្នាការប្រហាក់ប្រហែល។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close