អានតួអត្ថបទ
កម្ពុជា

កូន​ស្រី​លោក​ កឹម សុខា ​ប្រកាស​ដក​ខ្លួន​ពី​បេក្ខភាព ​គ.ជ.ប

កូន​ស្រី​របស់​លោក​កឹម សុខា ​គឺ​កញ្ញា ​កឹម មនោវិទ្យា​ បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ នាង​នឹង​មិន​ចូលរួម​ក្នុង​សមាសភាព​ គ.ជ.ប​ ទេ។​ កឹម ​មនោ វិទ្យា ​បាន​ពន្យល់​ថា​ នាង​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។​ យ៉ាង​ណា​ក៏​ដោយ​ ​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព​សមាជិក ​គ.ជ.ប​ ថ្មី​របស់​កូន​ស្រី​លោក​កឹម សុខា ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​អំពី​បញ្ហា​បក្ខពួក​និយម​នៅ​ក្នុង​គណបក្ស។

កញ្ញា ​កឹម​ មនោវិទ្យា​ កូន​ស្រី​របស់លោ​ក ​កឹម​​ សុខា។​
កញ្ញា ​កឹម​ មនោវិទ្យា​ កូន​ស្រី​របស់លោ​ក ​កឹម​​ សុខា។​ @Facebbok/Monovithya Kem
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​នឹងមិន​ចូលរួម​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ» នេះ​ជាការ​ប្រកាស​ដោយ​ខ្លី​របស់​កញ្ញា កឹម មនោ​វិទ្យា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​អង្គារ​នេះ។ ការ​ប្រកាស​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​គណ​បក្ស​ជាប់ឆ្នោត​ទាំងពីរ​កំពុង​បន្ត​ជជែក​គ្នា​ដើម្បី​បង្កើត គ.ជ.ប ថ្មី។

កញ្ញា កឹម មនោ​វិទ្យា​ដែលជា​កូនស្រី​របស់លោក កឹម សុខា ធ្លាប់​ត្រូវបាន​ប្រភពព័ត៌មាន​មួយ​ចំនួន​បង្ហើប​ថា​អាច​ក្លាយជា​បេក្ខជន​មួយរូប​សម្រាប់​តំណែង​ជា​សមាជិក គ.ជ.ប ថ្មី​នៃ​កូតា​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ទាប់ពី​លេចលឺ​ព័ត៌មាន​បែបនេះ មានមតិ​រិះគន់​ជាច្រើន​បានកើត​ឡើងជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ក្រុម​អ្នក​រិះគន់​បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ប្រកាន់​គំនិត​បក្ខពួកនិយម។

ឥឡូវនេះ នៅពេលដែល​ព័ត៌មាន​បាន​ស្ងប់ស្ងាត់​ទៅវិញ​បន្តិច ស្រាប់តែ​កញ្ញា កឹម នោ​វិទ្យា​បាន​ចេញមុខ​ប្រកាស​មិន​ធ្វើជា​សមាជិក គ.ជ.ប ទេ។ យ៉ាងណាក៏ដោយ​កូនស្រី​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​សកម្មជន​បក្សប្រឆាំង​ដ៏​ល្បី​ម្នាក់​ដែរនោះ​បាន​បដិសេធថា ការសម្រេចចិត្ត​របស់​នាង​មិន​ពាក់ព័ន្ធ​នឹង​ការរិះគន់​នោះទេ។ កឹម មនោ​វិទ្យា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នាង​ចង់​នៅក្រៅ​គ.ជ.ប ទើប​អាចធ្វើ​កិច្ចការ​បាន​ច្រើន​និង​ទូលំទូលាយ​ជាង។

ភ្ជាប់​ជាមួយនឹង​ការប្រកាស​មិន​ធ្វើជា​សមាជិក​គ.ជ.ប នេះដែរ កញ្ញា​កឹម មនោ​វិទ្យា ក៏បាន​បញ្ជាក់​ដែល​ទំនងជា​ឆ្លើយតប​ទៅនឹង​អ្នក​រិះគន់ថា នៅក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន ការជ្រើសរើស​សមាសភាព គ.ជ.ប ធ្វើឡើង​ដោយ​ការតែងតាំង​គឺ​មិនមែន​បើកចំហ​សម្រាប់​សាធារណជន​ទេ។

រហូតមកដល់​ពេលនេះ គេ​នៅតែ​មិនទាន់​ដឹង​ពី​សមាសភាព​សមាជិក​គ.ជ.ប មកពី​គណបក្ស​នីមួយៗនៅឡើយ​ទេ។ ខាង​គណបក្ស​សង្គ្រោះ​ជាតិ មានតែ​លោក គួ​យ ប៊ុន​រឿន​ម្នាក់​ប៉ុណ្ណោះ​​ដែល​គេ​បានដឹង​ជា​ផ្លូវការ។ កញ្ញា កឹម មនោ​វិទ្យា បញ្ជាក់ថា នៅ​មិនទាន់មាន​អ្នក​ណា​យល់ព្រម​ទទួលយក​តំណែង​សមាជិក​គ.ជ.ប​នេះ​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ