អានតួអត្ថបទ
ថៃ

របបសឹក​ថៃ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​អតីតនាយករដ្ឋមន្រ្តី​យីងឡាក់​ចាកចេញ​ពី​ប្រទេស

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ កក្កដា​នេះ របបសឹក​ក្នុង​ប្រទេស​ថៃ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​អនុញ្ញាត​ឲ្យ​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​ធ្វើ​ដំណើរ​ចេញ​ទៅ​បរទេស។ តំាង​ពី​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹកនំា​ដោយ​គណបក្ស​ភឿថៃ​កាល​ពី​ថ្ងៃទី២២ ឧសភា​មក នេះ​ជា​លើក​ទី១ បង្អស់​ដែល​លោកស្រី​យីងឡាក់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស។ តែ​នៅ​ពេល​ដល់​ប្រទេស​ក្រៅ​ហើយ លោកស្រី​យីងឡាក់​ចំា​បាច់​ត្រូវ​តែ​ជូន​ព័ត៌មាន​ប្រាប់​រដ្ឋអំណាច​ក្រុង​បាងកក​ពី​ទីកន្លែង និង​ប្រទេស​ដែល​លោកស្រី​ទៅ​លេង។

លោកស្រី​យីងឡាក់ នៅបាងកក ថ្ងៃ​ពុធ ៧ ឧសភា ២០១៤
លោកស្រី​យីងឡាក់ នៅបាងកក ថ្ងៃ​ពុធ ៧ ឧសភា ២០១៤ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

 

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ការ​សម្រេច​ចិត្ត​របស់​របបសឹក​ឲ្យ​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​អាច​ចាកចេញ​ពី​ប្រទេស​នោះ​មាន​បង្កប់​ដោយ​មូលហេតុ​អ្វី​ទេ។ តែ​បើ​យោង​តាម​អ្នកនំាពាក្យ​របស់​ក្រុមប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​​ដែល​ជា​ឈ្មោះ​ផ្លូវការ​ហៅ​ដោយ​របបសឹក​ឲ្យ​ដឹង​ថា តំាង​ពី​លោកស្រី​យីងឡាក់​ត្រូវ​បាន​ធ្លាក់​ពី​អំណាច និង​តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ថ្ងៃទី២២ ឧសភា​មក រូប​លោកស្រី​យីងឡាក់​មិន​ដែល​បាន​បញ្ចេញ​ប្រតិកម្ម ឬ​មួយ​ក៏​អាកប្បកិរិយា​ណា​មួយ​ប្រឆំាង​នឹង​ការងារ​របស់​ក្រុមប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​ទេ។

បើ​យោង​តាម​សំណើ​ផ្ញើ​ទៅ​កាន់​ក្រុមប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ លោកស្រី​យីងឡាក់​បាន​សុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារំាង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចូលរួម​ប្រារព្ធ​ខួបកំណើត​គម្រប់ ៦៥ឆ្នំា​របស់​លោក​ថាក់ស៊ីន​ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​លោកស្រី។ លោក​ថាក់ស៊ីន​ដែល​ជា​អតីត​នាយករដ្ឋមន្រ្តី​ថៃ​ធ្លាក់​ពី​ដំណែង​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នំា ២០០៦ និង​ដែល​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​រស់នៅ​ឯ​បរទេស។ ប្រភព​យោធា​ថៃ​ឲ្យ​ដឹង​ថា លោកស្រី​យីងឡាក់​ត្រូវ​តែ​ជូន​ដំណឹង​ដល់​រដ្ឋអំណាច​ក្រុង​បាងកក​ពី​ប្រទេស​ដែល​លោកស្រី​ទៅ​ដើរ​លេង តាម​រយៈ​ស្ថានទូត​ថៃ​ប្រចំា​ប្រទេស​នោះ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា នៅ​ពេល​ដាក់​ជើង​ជាន់​ប្រទេស​ក្រៅ​ហើយ តើ​លោកស្រី​យីងឡាក់​នឹង​ត្រឡប់​ចូលស្រុក​វិញ ឬ​មួយ​ក៏​សម្រេច​ភៀសខ្លួន​រស់នៅ​បរទេស​ដូច​បងប្រុស​នោះ។

គួរ​រម្លឹក​ជូន​ថា លោកស្រី​យីងឡាក់​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី បន្ទាប់​ពី​ការ​ជាប់ឆ្នោត​របស់​គណបក្ស​ភឿថៃ​ក្នុង​ឆ្នំា ២០១១។ តែ​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​សម្រេច​ដក​ចេញ​ពី​តំណែង​ដោយសារ​រឿងអាស្រូវ​ពុករលួយ​មួយ​ចំនួន​នៅ​ដើម​ឆ្នំា ២០១៤ ពោល​ប៉ុន្មាន​សប្តាហ៍​មុន​នឹង​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ថ្ងៃទី២២ ឧសភា​ទម្លាក់​អ្នក​ដែល​ឡើង​បន្ត​តំណែង​ពី​លោកស្រី។ រដ្ឋប្រហារ​យោធា​ដែល​បាន​បិទបញ្ចប់​ក្បួនបាតុកម្ម​អូសបន្លាយ​របស់​ពួក​អាវលឿង​ប្រឆំាង​រដ្ឋាភិបាល​ក្នុង​រយៈពេល ៧ខែ។ ក៏​ដូច​ជា​ឥស្សរជន​នយោបាយ​មួយ​ចំនួន​ដែរ លោកស្រី​យីងឡាក់​ក៏​ត្រូវ​បាន​របបសឹក​ហៅ​សួរ​ចម្លើយ និង​ឃុំ​ទុក​អស់​ជា​ច្រើន​សប្តាហ៍ មុន​នឹង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​បាន​ចុះ​កិច្ចសន្យា​ឈប់​ធ្វើ​នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ