កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 13 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 13 កញ្ញា 2012

តុលាការ​បន្ត​កាត់​ទោស​លោក​ម៉មសូណង់ដូ ចូល​ដល់​ថ្ងៃទី៣

លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ

ដោយ លី ម៉េងហួរ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កញ្ញា​នេះ ជា​ថ្ងៃទី៣​ហើយ ដែល​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​សវនាការ​កាត់ទោស លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ។ លោក ម៉ម សូណង់ដូ ជាប់​ចោទ​ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍ តាម​រយៈ​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រចេះ។ រីឯ​ក្រុម​អ្នកតវ៉ា​ប្រមាណ ៤០ នាក់ ដែល​មាន​ទាំង​កុមារ​ផង បាន​បន្ត​លើក​បដា ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​ ម៉ម​ សូណង់ដូ​ ខណៈ​ដែល​ប៉ូលិស​បន្ត​ដាក់​របាំង​បិទផ្លូវ​មុខ​តុលាការ។

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

13/09/2012 by លី ម៉េងហួរ

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ថ្ងៃទី៣​ហើយ ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដំណើរការ​កាត់​ទោស​លោក ម៉ម សូណង់ដូ។ សំណុំរឿង​ក្តី​ជម្លោះ​ដីធ្លី​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​បើក​សវនាការ ចាប់​តាំង​ពី​ថ្ងៃចន្ទ ដោយ​មាន​ជនជាប់ចោទ​សរុប​ចំនួន ១៤ នាក់។ រហូត​ដល់​ម៉ោង ៦ ល្ងាចនេះ សវនាការ​បាន​ផ្អាក។ នៅ​ពេញ​មួយ​ថ្ងៃ​នេះ សាក្សី​សរុប​ចំនួន ២៣ នាក់​ត្រូវ​បាន​សួរ​នាំ​ចប់​អស់​ហើយ។ នៅ​ថ្ងៃសុក្រ​ស្អែក តុលាការ​នឹង​បន្ត​សវនាការ ដោយ​ចូល​ដល់​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​របស់​ភាគី​មេធាវី និង​ព្រះរាជអាជ្ញា។
 
ក្នុង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សាក្សី​ដែល​ជា​ប៉ូលិស​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ឯកសារ​ភស្តុតាង​នៃ​ទំនាក់ទំនង​របស់​លោក​ម៉មសូណង់ដូ និង​លោក​សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ។ កាល​ពី​ដើម​ឆ្នាំ​២០១១ លោក​សួន សេរីរដ្ឋា​ដែល​រស់នៅ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​បដិវត្ត​ផ្កាម្លិះ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​ចំនួន។ ក៏​ប៉ុន្តែ លោក​ម៉មសូណង់ដូ​បាន​បដិសេធ​ចំពោះ​មុខ​តុលាការ​ថា លោក​ជួប​លោក​សួន សេរីរដ្ឋា​នៅ​ប្រទេស​ថៃ ក្នុង​នាម​លោក​ជា​អ្នក​កាសែត​ដែល​បាន​សម្ភាសន៍​ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ ដើម្បី​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុកឃ្មុំ​របស់​លោក​ប៉ុណ្ណោះ។
 
នៅ​ក្រៅ​របង​តុលាការ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នកគាំទ្រ​លោក​ម៉ម សូណង់ដូ បន្ត​ប្រមូល​ផ្តុំ​លើក​បដា និង​ស្រែក​មេក្រូ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​ម៉មសូណង់ដូ។ ប៉ូលិស​បាន​ក៏​បន្ត​បិទ​ផ្លូវ​មុខ​តុលាការ​ក្រុង​ភ្នំពេញ។
លោក ម៉ម សូណង់ដូ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​​ដី​នៅ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ុន្តែ​ក្នុង​សវនាការ លោក​ម៉ម​ សូណង់ដូ បាន​បដិសេធ​៕

tags: កម្ពុជា - តុលាការ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close