កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 27 កុម្ភៈ 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 27 កុម្ភៈ 2013

តុលាការ​សាលាឧទ្ធរណ៍​ចាប់​ផ្តើម​សើរើ​រឿង​លើកលែង​ការចោទប្រកាន់​លោក​ឈូក បណ្ឌិត

លោក ឈូក បណ្ឌិត អតីតអភិបាល​ក្រុងបាវិត
លោក ឈូក បណ្ឌិត អតីតអភិបាល​ក្រុងបាវិត

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តុលាការ​សាលាឧទ្ធរណ៍​បាន​លើក​យក​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​របួសធ្ងន់ មក​ជំនុំជម្រះ​ឡើង​វិញ​។ សំណុំរឿង​ក្តី​នោះ​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត កាលពី​ខែ​ធ្នូ​។ ក្នុង​ពេល​តុលាការ​បើកសវនាការ​កាល​ពី​ព្រឹកមិញ ក្រុម​កម្មករ និង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ ១០០ នាក់ ក៏​បាន​ធ្វើ​បាតុកម្ម លើក​បដា និង​ស្រែក​មេក្រូ ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក ឈូក បណ្ឌិត។

សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

27/02/2013 by លី ម៉េងហួរ

នៅ​ក្រៅ​របង​តុលាការ​សាលាឧទ្ធរណ៍​នៅ​មុខ​វាំង​នា​ព្រឹក​មិញ ក្រុម​កម្មករ និង​ក្រុម​សកម្មជន សិទ្ធិមនុស្ស បាន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​តុលាការ កាត់ទោស​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​។ អតីតអភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត​ត្រូវ​បាន​គេ​អះអាង​ថា ជា​ជន​ជាប់ចោទ​តែ​ម្នាក់​គត់ ដែល​បាន​បាញ់​លើ​ស្ត្រី​កម្មករ ៣ នាក់​ឲ្យ​រងរបួស ស្ទើរ​ស្លាប់ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ ក៏​ប៉ុន្តែ សំណុំរឿង​ក្តី​នោះ​ត្រូវ​បាន​ព្រះរាជអាជ្ញា តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត ដែល​មិន​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នោះ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ចំពោះ​បទ​បង្ក​របួសស្នាម ដោយ​អចេតនា។ ព្រះរាជអាជ្ញា​សំអាង​ថា គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​។
 
យ៉ាង​ណា​ក៏​ដោយ សំណុំរឿង​ក្តី​ដ៏រ​សើប​នោះ​ត្រូវ​បាន​តុលាការ​សាលាឧទ្ធរណ៍​លើក​យក​មក​ជំនុំជម្រះ​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ក្នុង​សវនាការ​ព្រឹក​មិញ បាន​ធ្វើ​ឡើង​ជា​អសាធារណៈ គឺ​ចៅក្រម​ទើប​តែ​សាកសួរ​ទៅ​លើ​ស្ត្រី​ជនរងគ្រោះ​បាន​ពីរ​នាក់ និង​លោក ឈូក បណ្ឌិត​ប៉ុណ្ណោះ​។ ចំណែក​ស្ត្រី​រងគ្រោះ​ម្នាក់​ទៀត និង​សាក្សី​សរុប ២៥ នាក់​ដែល​ភាគច្រើន​ជា​ប៉ូលិស និង​ប៉េអឹម​នឹង​ត្រូវ​សាកសួរ​ក្នុង​សវនាការ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍​បន្ត​ទៀត​។ សវនាការ​អសាធារណៈ​នោះ​ត្រូវ​បាន​លោក អំ សំអាត ប្រធាន​ក្រុមបច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ ដែល​បាន​តាម​ឃ្លាំមើល​សវនាការ​សម្តែង​ការសោកស្តាយ ហើយ​ថា សវនាការ​នោះ គួរ​តែ​បើក​ឲ្យ​អ្នក​ផ្សេង​បាន​ស្តាប់ និង​តាមដាន​។ លោក​ក៏​បាន​ជំរុញ​ឲ្យ​តុលាការ​សាលាឧទ្ធរណ៍​ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​ស្ត្រី​កម្មករ​រងគ្រោះ​។​
 
ស្ត្រី​រងគ្រោះ​ដែល​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​មិញ បាន​ស្នើ​ឲ្យ​ចៅក្រម​តុលាការ​សលា​ឧទ្ធរណ៍​ផ្តន្ទាទោស​លោក ឈូក បណ្ឌិត ដើម្បី​កុំ​ឲ្យ​​អ្នកមានអំណាច ជា​អភិបាល​ក្រុង​រូប​នេះ កាន់​កាំភ្លើង​បាញ់​គេ​ឯង​ស្ទើរ​ស្លាប់​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​សវនាការ​នៅ​ព្រឹក​មិញ លោក ឈូក បណ្ឌិត​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ទេ​។ ប៉ុន្តែ​​សាក្សី​ម្នាក់ ជា​ប៉ូលិស នៅ​ក្រុង​បាវិត​ដែល​មាន​វត្តមាន​នៅ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក ឈូក បណ្ឌិត ជា​អ្នក​កាន់​កាំភ្លើងខ្លី បាញ់​លើ​ក្រុម​ស្ត្រី​កម្មករ​កាត់ដេរ ដែល​បាន​ធ្វើ​បាតុកុម្ម​កាល​ពី​ថ្ងៃ​២០ ​កុម្ភៈ​៕​

tags: កម្ពុជា - កាត់ដេរ - នយោបាយ - សង្គមស៊ីវិល
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

មិនយល់

ខ្មុំអត់យល់ចំពោះករណីលោកឈូក បណ្ឌត ដែលតុលាការកាត់ទោសអោយរួចខ្លួន ពីព្រោះវាករណីបាញ់ស្តែងតែម្តង។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close