អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជីហាត​អ៊ីរ៉ាក់​“រដ្ឋអ៊ីស្លាម” ពិតជាគ្រោះថ្នាក់ ប៉ុន្តែ មិនមែនជា​បញ្ហា​ចោទ​ចំបង​នោះទេ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​លោកខាងលិចកំពុងសស្រាក់សសម្រាំ ចាត់វិធានការ​ទប់ទល់​នឹង​ក្រុមជីហាត​ដែល​នៅ​តែប៉ុន្មាន​ខែ​សោះ​បាន​បង្កើន​ឥទ្ធិពលអំណាច នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ តាមរយៈ​រូបភាព​បាញ់សម្លាប់​មនុស្ស​ ក្រុមនេះ​បាន​បង្ហាញ​ពី​ចរិតហិង្សា ឃោឃៅ​ ​វ៉ាដាច់​ក្រុមអាល់កៃដា ដែល​ជា​ភេរវជន​អន្តរជាតិ។ ការដែល​អាមេរិក និង​ប្រទេស​នៅអឺរ៉ុប​ជាច្រើន​បាន​​ខ្នះខ្នែង​ផ្តល់​អាវុធ​ដល់​អាជ្ញាធរ​គៀរឌីស្តង់​ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​ជីហាត​នៅ​អ៊ីរ៉ាក់ ដោយ​មកពី​គេ​មើល​ឃើញ​ប្រយោជន៍​វែងឆ្ងាយ។ គេមើលឃើញថា ក្រុមជីហាត​មិន​ត្រឹម​ប្រព្រឹត្ត​អំពើហិង្សា​សម្លាប់មនុស្ស​​នៅ​ដើមបូព៌ាតែ​ប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមនេះ​អាច​ជា​គ្រោះថ្នាក់​គំរាមកំហែង​ដល់​សន្តិសុខ​​របស់​ប្រទេស​លោកខាងលិច។ ជនបរទេស​ដូចជា​អាមេរិក អង់គ្លេស បារាំង ដែល​បាន​ចូលទៅ​រួម​ប្រយុទ្ធជាមួយ​ក្រុមជីហាត ហើយ​​គេ​បារម្ភថា ក្រុមនេះ​​នឹង​អាច​នាំ​យក​ផែនការ​មក​បង្ក​ភេរវកម្ម​នៅពេល​ពួកគេ​ត្រលប់​ចូល​ទៅ​ប្រទេស​​កំណើត​របស់​ពួកគេវិញ។  

ក្រុម​ជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម នៅអ៊ីរ់ាក់​
ក្រុម​ជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម នៅអ៊ីរ់ាក់​ DR
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សំឡេង​ដែល​ស្រង់​បាន​ពី​ខ្សែវីដេអូ​ផ្សាយ​ដោយ​ក្រុម​ជីហាត ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អង់គ្លេស​បាន​កំណត់​ឃើញថា ​ឃាតករ​ដែល​បាន​កាត់ករ​អ្នកកាសែត​អាមេរិក​​ លោក James Foley គឺ​ជាជនជាតិ​អង់គ្លេស ដែល​ធ្លាប់​មាន​របរ​ជា​អ្នកចម្រៀង​Hip Hop ក្នុង​ទីក្រុង​​ឡុងដ៍។ តាម​អាមេរិក មាន​យុវជន​បរទេស​មក​ពី ៥០​ប្រទេស​ ដែល​នៅក្នុង​នោះគេ​ប៉ាន់​ប្រមាណ​ថា ​មាន​ជនជាតិ​អង់គ្លេស​ជាង​មួយពាន់​នាក់ ជនជាតិ​អាមេរិកាំង​មួយរយនាក់ និង​យុវជន​ជាតិសាសន៍​ដទៃ​ទៀត​ ដែល​បាន​ធ្វើ​ដំណើរ​ទៅប្រទេស​ស៊ីរី​ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត។

 
សម្រាប់​ក្រុម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​លោកខាងលិច វា​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​គេ​ដឹងថា មាន​ជនបរទេស​ជាច្រើន​ពាន់នាក់​បាន​ចូល​ទៅរួម​ប្រយុទ្ធ​សម្រាប់​ក្រុម​ជីហាត​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ ប៉ុន្តែ អ្វីដែល​ថ្មី គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ​យុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​របស់​ក្រុមជីហាត​អ៊ីរ៉ាក់ ដែល​ចង់​បង្ហាញ​ថា មាន​មនុស្ស​មក​ពី​ប្រទេស​លោកខាងលិច ជាពិសេស គឺ​អង់គ្លេស និង​អាមេរិក បាន​ចូលរួម​នៅក្នុង​សកម្មភាព​ប្រយុទ្ធ​របស់ខ្លួន។  ក្រុមជីហាត​សំដៅ​ប្រទេស​ទាំងពីរ មកពី​អាមេរិក និង​អង់គ្លេស​តែង​សហការ​គ្នា​ជា​ដរាប​នៅក្នុង​សង្រ្គាម​នៅ​ដើម​បូព៌ា ដោយ​រាប់តាំងពី​សង្រ្គាម​នៅ អ៊ីរ៉ាក់។

អ្វី​ដែល​គេ​បារម្ភ​ខ្លាំង គឺ​ក្រុម​យុវជន​បរទេស​ទាំងនោះ ដែលកំពុង​ជឿស៊ុប​ក្នុង​មនោគម​វិជ្ជា​របស់​ក្រុម​ជីហាត និង​​អាច​នាំ​យក​អំពើហិង្សា ផែនការ​ធ្វើ​ភេរវកម្ម​ពី​ប្រទេស​ស៊ីរី ឬ​អ៊ីរ៉ាក់ យក​ទៅ​បង្ក​នៅក្នុង​ទឹកដី​កំណើត​របស់ខ្លួនវិញ។ អាមេរិក និង​អង់គ្លេស​ជា​អ្នកទាញ​សញ្ញា​អាសន្ន​មុនគេ​ពី​រឿង​នេះ។

បើសិន​​ក្រុមជីហាត​នៅតែ​បន្ត​អូសទាញ​ក្រុម​យុវជន​បរទេស​ឲ្យ​ទៅចូលរួម​នៅក្នុង​អំពើ​ហិង្សា​សម្លាប់​មនុស្ស ហើយ​យុវជន​បរទេស​ទាំងនោះ​អាចក្លាយ​ជា​គ្រោះថ្នាក់​គំរាមកំហែង​ដល់​សន្តិសុខជាតិ ហេតុអ្វី​បាន​ជា​អាមេរិក ដែល​ជា​មហាអំណាចពិភពលោក​ផ្នែក​​យោធា​ ​មិន​ព្រម​វាយប្រហារ​ទៅលើ​ក្រុមជីហាត​ ​ដែល​មាន​ទាហាន​មិន​ដល់​ពីរម៉ឺននាក់​ផងនោះ?​

ដោយសារ​តែ​នយោបាយ​រារែក រដ្ឋាភិបាល​លោក​អូបាម៉ា​រងការរិះគន់​ទាំងពី​គណបក្ស​ប្រឆាំង និង​ពី​មនុស្ស​របស់​គណបក្ស​លោក​ផ្ទាល់។ ថ្មីៗ​នេះ លោកស្រី​ហែលឡារី គ្លីនតុន អតីត​រដ្ឋមន្រ្តីការបរទេស​អាមេរិក ដែល​នឹង​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី បន្ត​ពី​លោក​អូបាម៉ា ហាក់​និយាយ​ទម្លាក់​កំហុស​ទៅលើ​លោក​អូបាម៉ា។ តាម​លោកស្រី ដោយសារ​​តែ​​លោក​អូបាម៉ា មិន​ព្រម​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី ទើប​ក្រុម​ជីហាត​ឡើងដៃ​ខ្លាំង​នៅពេលនេះ។

លោក​អូបាម៉ា ដែល​បាន​សម្រេច​ដកទ័ព​អាមេរិក​ពី​​សង្រ្គាម​នៅ​អ៊ីរ៉ាក់ ​ បាន​​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​​ថា លោក​​លែង​​ចង់​បញ្ជូន​ទ័ព​ទៅ​ធ្វើ​សង្រ្គាម​នៅបរទេស ជា​ពិសេស​នៅ​ស៊ីរី។ ជា​ជាង​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី រដ្ឋបាល​លោកអូបាម៉ា​បាន​សម្រេច​ គាំទ្រ ផ្តល់​ថវិកា​ដល់​ក្រុម​ប្រឆាំង ស៊ីរី ឬ​ប្រទេស​ជិតខាង​ស៊ីរី និង​អ៊ីរ៉ាក់ ដើម្បី​ចូលរួម​ប្រយុទ្ធ​តទល់​នឹង​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ផង និង​ដើម្បី​ប្រយុទ្ធទប់ទល់​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់​រដ្ឋអ៊ីស្លាម​ផង។

កាលពីថ្ងៃ​ព្រហស្បតិ៍ លោកអូបាម៉ា​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី ​ថា អាមេរិក​នឹង​មិន​បញ្ជូន​ទ័ព​អាកាស​​ទៅ​វាយប្រហារ​ក្រុមជីហាត​​នៅ​ស៊ីរី នោះ​បើទោះ​ជា​ក្រុម​ជីហាតអ៊ីរ៉ាក់​រដ្ឋអ៊ីស្លាម​ សាហាវ និង​កំពុង​បង្កើន​ឥទ្ធិពល​គ្រប់គ្រង​ទឹកដី​មួយភាគ​របស់​ស៊ីរី និង​អ៊ីរ៉ាក់ យ៉ាង​ណា​ក៏​ដោយ។ ការឈ្លានពាន ប្រើ​អំពើ​ហិង្សា​របស់​ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម​ស្មុគស្មាញ​ជាងអ្វី​ដែល​គេ​គិត​ទៅទៀត។

ក្រុមជីហាត​មិន​មែន​ជាបញ្ហា​​ស្នូល​ដែល​គេ​ត្រូវដោះស្រាយទេ។ បើ​មើលទៅលើ​ដើម​ចម​នៃ​បញ្ហា ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម​ដែល​ឡើង​ដៃខ្លាំង សំបូរ​ទាំងអ្នកគាំទ្រ និង​សំបូរ​ទាំងលុយ ដោយសារ​មក​ពី​កត្តាពីរយ៉ាង។ ទីមួយ​គឺ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​ដែល​​បាន​សម្លាប់​មនុស្ស​ជាង​១សែន​នាក់ បាន​ទាក់ទាញ​យុវជន​​ច្រើន​មិន​ថា នៅប្រទេស​លោកខាងលិច ឬ​នៅក្នុង​តំបន់​ឲ្យ​ចូលរួម​ប្រយុទ្ធ​ក្នុង​ចលនា​ជីហាត ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ។ ដោយលឺ​ការ​ឃោសនា​ទាក់ទាញ របស់​ក្រុមជីហាត​ដែល​ថា ស្លាប់​ក្នុង​នាម​ជា​វីរបុរស យុវជន​បរទេស​ជាច្រើន ដែល​មួយចំនួន​ធ្លាប់​ជាប់គុក ឬ​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ ចាប់ផ្តើម​លង់ជឿ​តាមក្រុម​អ៊ីស្លាមជ្រុលនិយម ដែល​ជា​បណ្តាញ​រើសបញ្ចូល​មនុស្ស​របស់​ក្រុមជីហាត។ ត្រង់​ចំណុច​នេះ គេ​អាច​និយាយ​បាន​ថា គេ​អាច​បន្ថយ​ឥទ្ធិពល​របស់​ក្រុមជីហាត​ បើសិន​គេ​អាច​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី។ ដូច្នេះ សម្រាប់​លោកអូបាម៉ា ការលុបបំបាត់​ក្រុមជីហាត ឬ​ធ្វើ​ឲ្យ​ក្រុម​ជីហាត​ចុះខ្សោយ​​បាន បើសិន​របប​លោក​បាស្ហា អាល់អាសាដ​ដួលរលំ។

មួយវិញទៀត ក្រុម​ជីហាត​អ៊ីរ៉ាក់​រដ្ឋអ៊ីស្លាម​អាច​លេចរូបរាង​ឡើង និង​ប្រមូល​បាន​អ្នកគាំទ្រ​ច្រើន ដោយសារ​តែ​ប្រទេស​ធំៗ និង​ប្រទេស​អ្នកមាន​មួយចំនួន​ដែល​កំពុង​ឈ្លោះដណ្តើម​ ប្រជែង​អំណាច ឥទ្ធិពល​គ្នា​នៅក្នុង​តំបន់ ដូចជា​អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីតជា​ដើម។ ប្រទេស​កាតា​ដែល​ប្រទេស​តូចមួយ ប៉ុន្តែ សំបូរ​លុយ​ដោយសារ​ប្រេង ធ្លាប់​​ផ្គត់ផ្គង់​លុយ​ដល់​ក្រុម​ជីហាត​អ៊ីរ៉ាក់ ដើម្បី​ធ្វើ​សង្រ្គាម​នៅ​​ស៊ីរី។ អាចនិយាយ​ក្នុង​ន័យ​ម្យ៉ាង គឺ​ក្រុមប្រទេស​ដែល​សំបូរ​ដោយ​និកាយ​ស៊ុននីត កំពុង​ប្រឈមតទល់​នឹង​ក្រុមប្រទេស​ដែល​កាន់និកាយ​ស្ហីអ៊ីត។ ដូច្នេះ បើសិន​អ៊ីរ៉ង់​កាត់បន្ថយ​ការគាំទ្រ​ចលនា​ស្ហីអ៊ីត​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​កាតារ​ឈប់​គាំទ្រ​ក្រុម​និកាយ​ស៊ុននីត​​ដែលបច្ចុប្បន្ន​កំពុង​​ចូលរួម​ជាមួយ​ក្រុម​ជីហាត នោះ​ចលនា​ជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម​នឹងថយ​ចុះ​ឥទ្ធិពល​ដោយ​ឯកឯង ដោយ​មិន​ចាំបាច់​អាមេរិក​ត្រូវ​ប្រើ​កម្លាំង​យោធា​វាយប្រហារ​ទៅលើ​ក្រុមនេះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ