អានតួអត្ថបទ
ភូមា

យុវជន​ភូមា​ដែល​គាំ​ទ្រ​លោកស្រី​អង់សាន ស៊ូជី​ចង់​ចូល​រួម​ក្នុង​ការ​ដឹកនាំ​ប្រទេស

មាន​ការ​ជួបជុំ​មួយ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ប្រមុខ​ដឹកនាំ​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៥​កក្កដា។ ការ​ជួបជុំ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ស្តី​អំពី​ការ​បញ្ចូល​យុវជន​ជំនាន់​ថ្មី​ទៅ​ក្នុង​ថ្នាក់​ដឹកនាំ​របស់​បក្ស​នយោបាយ​របស់​លោក​ស្រី។ លោក​ស្រី​បាន​ថ្លែង​ថា ជា​ការពិត​ណាស់​ ដែល​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​កសាង​ដោយ​មនុស្ស​ចាស់ៗ​ដែល​គាត់​បាន​តស៊ូ​ជា​យូរ​ឆ្នាំ ប៉ុន្តែ​ចូរ​កុំភ្លេច​ថា​អនាគត​របស់​លទ្ធិ​ប្រជាធិបតេយ្យ​​គឺ​រំពឹង​ទៅ​លើ​យុវជន។

លោកស្រីអ៊ុង សានស៊ូជី ប្រមុខដឹកនាំ​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ភូមា
លោកស្រីអ៊ុង សានស៊ូជី ប្រមុខដឹកនាំ​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ភូមា REUTERS/Cathal McNaughton
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ក្រុម​យុវជន​ប្រជាធិបតេយ្យ​ភូមា លោកស្រី​ អ៊ុងសាន ស៊ូជី ដែល​មាន​វ័យ​៦៩​ឆ្នាំ បាន​រំលឹក​អំពី​ការ​តស៊ូ​របស់​អ្នក​ប្រជាធិបតេយ្យ​វ័យ​ចាស់ៗ​ចាប់​តាំង​ពី​ការ​ករកើត​ក្រុម​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យនៅ​ឆ្នាំ​១៩៨៨។ ប៉ុន្តែ​លោកស្រី​បន្ត​ថា​ ពេល​នេះ​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​ថា មនុស្ស​ចាស់​មិន​មែន​មាន​ជីវិត​អមតៈ​រស់​នៅ​ជាមួយ​យើង​រហូត​ទេ។ ដូច្នេះ​គេ​ត្រួវ​ចាប់ផ្តើម​បណ្តុះ​បណ្តាល​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចូលរួម​ធ្វើការ​ជាមួយ​មនុស្ស​ចាស់​ដើម្បី​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា។​

លោក ​ម៉ូង ម៉ូងអ៊ូ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ជួបជុំ​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា មាន​យុវជន​អាយុ​ចន្លោះពី១៦​ ទៅ៣៥ឆ្នាំ​ ប្រមាណជា​១៥០នាក់​បាន​មក​ចូល​រួម។ ការ​ជួបជុំ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កំពស់​ការ​បញ្ចូល​កំលាំង​យុវជន​ទៅ​ក្នុង​ថ្នាក់​ដឹកនាំ។ លោក​ថា​​ មិន​មែន​តែ​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ទេ​ដែល​ត្រូវការ​កំលាំង​យុវជន ពោល​គឺ​ភូមា​ទាំង​មូល​ដែល​ត្រូវ​ការ​ការ​ផ្លាស់ប្តូរ​មួយ​ដោយ​ប្រគល់​ជោគ​វាសនា​របស់​ប្រទេស​ទៅ​ឲ្យ​យុវជន។ កន្លង​មក​យុវជន​តែង​តែ​នៅ​ជួរ​មុខ​ជានិច្ច​ ក្នុង​ការ​តស៊ូ​មតិ​ និង​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​យុវជន​នៅ​ពុំទាន់​ទទួល​បាន​នូវ​មុខងារ​ទទួល​ខុសត្រូវ​នយោបាយ​ក្នុង​ជួរ​គណបក្ស​ បាន​ទូលំ​ទូលាយ​ទេ​ ព្រោះ​ថា​ភូមា​ជា​ប្រទេស​ដែល​មាន​ទំនៀម​ទំលាប់​គោរព​មនុស្ស​ចាស់​ជ្រុល​ពេក​ ក្មេងៗ​មិន​ងាយ​ទទួល​បាន​មុខ​ដំណែង​ធំ​ដុំ​ទេ។ គួរ​រំលឹក​ផង​ដែរ​ថា ថ្នាក់​ដឹកនាំ​នៅ​ក្នុង សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ភាគ​ច្រើន​មាន​វ័យ​ជាង៦០ឆ្នាំ ដែល​សុទ្ធសឹង​តែ​ជា​អ្នក​តស៊ូ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​យោធា​ពី​ជំនាន់​មុន។

យុវជន​អាយុ​២៩ឆ្នាំ​ម្នាក់​ បាន​និយាយ​ថា អនាគត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា មិន​មែន​ស្ថិត​នៅ​លើ​តែ​មនុស្ស​ចាស់​ម្នាក់​ពីរនាក់​ ជា​អ្នក​សម្រេច​នោះ​ទេ។ គេ​ត្រូវ​តែ​ផ្តល់​លទ្ធភាព​ឲ្យ​យុវជន​ដែល​ជា​កម្លាំង​នៅ​ខាង​ក្រោម​ បាន​មាន​ឱកាស​សម្តែង​មតិ​ និង​ការ​យល់​ឃើញ​របស់​ពួក​គេ តាម​រយៈ​ការ​ផ្តល់​មុខងារ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​នយោបាយ​ក្នុង​ជួរ​បក្ស ក៏​ដូច​ជា​ការ​បញ្ចូល​បេក្ខភាព​តំណាង​រាស្រ្ត​ជា​យុវជន​ជំនាន់​ក្រោយ។ យុវជន​រូប​នេះ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ក្មេងៗ​ត្រួវ​ការ​ការ​រៀន​សូត្រ​ច្រើន​ពី​មនុស្ស​ចាស់ ហើយ​ទន្ទឹម​នឹង​នោះ​ មនុស្ស​ចាស់​ត្រូវតែ​ព្រម​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​មក​ឲ្យ​យុវជន។

ក្រុម​សម្ព័ន្ធ ជាតិ​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ ទទួល​បាន​ជោគជ័យ​នា​ពេល​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ក្រោយ​ឆ្នាំ​២០១៥​ បើ​សិន​ជា​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា ក្រុម​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ​អាច​នឹង​មាន​ការ​លំបាក​ ក្នុង​ការ​រៀបចំ​ប្រទេស​ដោយសា​តែ​កង្វះ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព ព្រោះ​ថា​ប្រទេស​នេះ ត្រូវការ​ការ​កសាង​ស្ទើរ​តែ​គ្រប់​វិស័យ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ វិស័យ​រដ្ឋបាល​សាធារណៈ ​វិស័យ​អប់រំ​ និង​សុខាភិបាល​ជាដើម។

យ៉ាង​ណា​មិញ លោកស្រី អ៊ុងសាន ស៊ូជី បាន​ថ្លែង​ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ចូលរូម​របស់​យុវជន​ក្នុង​ការ​កសាង​អនាគត​របស់​ភូមា។ លោកស្រី​ថា វា​ជា​រឿង​ធម្មជាតិ មនុស្ស​កើត​មក​ត្រូវតែ​ចាស់ ហើយ​ចាស់​ត្រូវ​តែ​ស្លាប់។​ ក្មេងៗ​ត្រូវ​មក​បន្ត​វេន​ ហើយ​ពេល​ក្មេងៗ​នោះ​ក្លាយ​ជា​មនុស្ស​ចាស់ គេ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មួយ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ