អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ត្រៀមខ្លួន​ផ្តល់​ថ្នំាសាកល្បង​សម្រាប់​ព្យាបាល​ជំងឺ​អេបូឡា

នៅ​ថ្ងៃ​ចន្ទ ទី២៥ សីហា​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​ក្នុង​ការ​ផ្តល់​ថ្នំា​សម្រាប់​ព្យាបាល​ជំងឺ​អេបូឡា តែ​ជា​ថ្នំា​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង។ ការ​ប្រកាស​របស់​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ពេល​នេះ​អាច​ជា​ក្តីសង្ឃឹម​ថ្មី​ចំពោះ​អ្នក​ជំងឺ ពិសេស​ប្រទេស​អាហ្រ្វិក​ចំនួន៤ ដែល​កំពុង​ទទួល​រងការ​ឆ្លង​រាតត្បាត​ដោយ​ជំងឺ​អេបូឡា​យ៉ាង​ខ្លំាងក្លា។ មក​ទល់​ពេល​នេះ ជំងឺ​អេបូឡា​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១ ៤២៧នាក់។

គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​អ្នកជម្ងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា
គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​អ្នកជម្ងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា ©REUTERS/Samaritan's Purse
ផ្សាយពាណិជ្ជកម្ម

អាច​ថា ជា​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​អ្នក​កើត​ជំងឺ​អេបូឡា ក៏​ដូច​ជា​ការ​បង្ការ​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​របស់​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ក៏​ថា​បាន។ បន្ទាប់​ពី​ថ្នំា​សាកល្បង​របស់​អាមេរិកំាង​ឈ្មោះ ZMapp មក ឥឡូវ​នេះ​ដល់​វេន​ប្រទេស​ជប៉ុន​ម្តង​ដែល​ទើប​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​ក៏​បាន​រក​ឃើញ​ថ្នំា​វ៉ាក់សំាង​សម្រាប់​ប្រឆំាង​ជំងឺ​អេបូឡា​ដែរ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​ថ្នំា​សាកល្បង​នេះ​ទៅ​កាន់​ប្រទេស​ដែល​កំពុង​ឆ្លងរាតត្បាត​ដោយ​ជំងឺ​អេបូឡា។ ថ្នំា​របស់​ជប៉ុន​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា favipiravir ឬ T-៧០៥។ តែ​លោក​អគ្គលេខាធិការ​រដ្ឋាភិបាល​ជប៉ុន​យ៉ូស៊ីហ៊ីដេ ស៊ូហ្កា​បាន​ថ្លែង​ថា ដើម្បី​អាច​ឲ្យ​ជប៉ុន​បញ្ជូន​ថ្នំា​របស់​ខ្លួន​បាន លុះត្រា​ណា​តែ​មាន​ការ​យល់ព្រម​ពី​អង្គការ​សុខភាព​ពិភពលោក​ជាមុន​សិន។

គួរ​រម្លឹក​ជូន​ថា មក​ទល់​ពេល​នេះ ថ្នំា​អាមេរិកំាង​ឈ្មោះ ZMapp ដែល​មាន​ទ្រង់ទ្រាយ​ជា​សេរ៉ូម​ត្រូវ​បាន​គេ​ធ្វើ​ការ​សាកល្បង​លើ​អ្នក​ផ្ទុក​ជំងឺ​អេបូឡា​ពីរ​នាក់​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ អ្នក​ជំងឺ​ទំាង​ពីរ​នាក់​នោះ​បាន​ជាសះស្បើយ តែ​ទន្ទឹម​គ្នា​នេះ មាន​សង្ឃកាតូលិក​ជនជាតិ​អេស្បាញ​ម្នាក់​ដែល​បាន​ទទួល​ព្យាបាល​ដោយ​សេរ៉ូម ZMapp នោះ​ដែរ បែរ​ជា​បាន​ស្លាប់​ទៅ​វិញ។ ដូច្នេះ​ឃើញ​ថា ប្រសិទ្ធិភាព​របស់​ថ្នំា ZMapp នៅ​មិន​ទាន់​ច្បាស់លាស់ និង​កំពុង​បន្ត​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ជា​បន្ត​ទៀត។ ដោយឡែក ថ្នំា​របស់​ជប៉ុន T-៧០៥ ដែល​ប្រភព​ដើម​របស់​វា គឺ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនផ្តាស់សាយ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​ថ្នំាគ្រាប់ និង​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តេសត្តគ្លីលិក​នៅ​សហរដ្ឋអាមេរិក។

ខុស​ពី​ថ្នំា​អាមេរិកំាង ZMapp ដែល​នៅ​មាន​បរិមាណ​តិចតួច ជប៉ុន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថ្នំា T-៧០៥ ដែល​ខ្លួន​មាន​សព្វថ្ងៃ​អាច​ព្យាបាល​អ្នកជំងឺ​បាន​ជាង ២០ ០០០នាក់ និង​ថា ក្រុមហ៊ុន​អាច​នឹង​ផលិត​បាន​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ថ្នំា​ជប៉ុន​នោះ​នឹង​មាន​ប្រសិទ្ធិភាព​កម្រិត​ណា​សម្រាប់​ព្យាបាល​ជំងឺ​អេបូឡា​នោះ​ទេ។ គួរ​រម្លឹក​ជូន​ថា ជំងឺ​ឆ្លង​រាតត្បាត​​អេបូឡា​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​ក្នុង​ឆ្នំា ១៩៧៦ និង​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១ ៤២៧នាក់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ចំនួន៤ លីបេរីយ៉ាសៀរ៉ាឡេអូន ហ្គីណេ និង​ប្រទេស​នីហ្សេរីយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ