ជប៉ុន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 29 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 29 តុលា 2012

ជប៉ុន​អាច​ជួប​វិបត្តិ​គ្មាន​លុយ​សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​រដ្ឋ

នាយក​រដ្ឋមន្រ្តី ជប៉ុន Yoshihiko Noda និយាយ​ប្រាប់​ទៅ​សមាជិក​សភាពី​វិបត្តិ​ប្រាក់ខែ​សាធារណៈ​
នាយក​រដ្ឋមន្រ្តី ជប៉ុន Yoshihiko Noda និយាយ​ប្រាប់​ទៅ​សមាជិក​សភាពី​វិបត្តិ​ប្រាក់ខែ​សាធារណៈ​
REUTERS/Issei Kato

ដោយ ឈាង បុប្ផា

នាយករដ្ឋមន្រ្តី ជប៉ុន Yoshihiko Noda បាន​ព្រមាន នៅថ្ងៃ​ចន្ទ​ទី ២៩ តុលា​ថា ស្ថាប័ន​រដ្ឋ​ជប៉ុន​ទាំងមូល​នឹង​ជាប់គាំង មិន​ដំណើការ ដោយសារ​តែ​គ្មានលុយ។ គ្មានលុយ ដោយសារ​តែគណបក្ស​ប្រឆាំង មិនព្រម​បោះឆ្នោត​អនុម័ត​លើ​​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចេញ​លក់​មូលប័ត្រ​បំណុល។

ឈាង​បុប្ផា លម្អិត​ព័ត៌មាននេះ
 

29/10/2012 by ឈាង បុប្ផា

រដ្ឋាភិបាល​ជប៉ុន​ជិត​អស់​លុយ​ដើម្បី​បើកប្រាក់ខែ​ឲ្យ​បុគ្គលិក​រដ្ឋ ចាប់ពីដើម​ខែ​ធ្នូ​ខាង​មុខ​នេះ។ ជាលទ្ធផល សេវា​សាធារណៈ​នឹង​ជាប់គាំង ហើយ​គឺ​ជីវិត​រស់នៅ​របស់​ប្រជាជន​ជប៉ុន​ទាំង​មូល​ដែល​​នឹង​ត្រូវ​ប៉ះពាល់។ លោក​នាយករដ្ឋមន្រ្តី ជប៉ុន​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន​បែបនេះ នៅក្នុង​ករណី​ដែល​គណបក្ស​ប្រឆាំង ព្រឹទ្ធ​សភា នៅ​តែ​មិនព្រម​បោះឆ្នោត​គាំទ្រ​ច្បាប់​ដែល​អនុញ្ញាតិ​ឲ្យ​រដ្ឋ​ចេញលក់​មូលប័ត្រ​បំណុល។
 
ជាធម្មតា ច្បាប់​នេះ​អនុញ្ញាតិ​ឲ្យ​រដ្ឋ​បោះពុម្ព និង​ចេញ​លក់​មូលបត្រ​បំណុល​ចាំបាច់ ដើម្បី​ផ្គត់ផ្គង់​សេវាសាធារណៈ។ ច្បាប់​នេះ​ត្រូវ​បាន​សភា​ដែលមាន​សំឡេង​ភាគច្រើន​ពី​គណបក្ស​កាន់​អំណាច​​បោះឆ្នោត​គាំទ្រ​​រួចហើយ ប៉ុន្តែ មក​នៅជាប់​គាំង នៅព្រឹទ្ធសភា ដែល​មាន​សំឡេង​ភាគច្រើន​ពី​គណបក្ស​ប្រឆាំង។
 
នៅប្រទេស​ជប៉ុន គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​ឈ្លោះ​​ប្រកែក​កាន់តែ​គ្នា ជុំវិញ​បញ្ហា​បោះឆ្នោត​សភា ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅពាក់កណ្តាល​ឆ្នាំ ២០១៣​ខាងមុខ។ គណបក្ស​​ប្រឆាំង​នៅតែ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយ​សភា​បច្ចុប្បន្ន និង​រៀបចំ​ការបោះឆ្នោត​សភា ជា​ថ្មី មុន​ពេលកំណត់។ លោកនាយករដ្ឋមន្រ្តី​ជប៉ុន មកពីគណបក្ស​កាន់អំណាច និង​មាន​សំឡេង​ភាគច្រើន​នៅសភា ធ្លាប់​បាន​យល់ព្រម​ម្តងហើយ តាមការទាមទារ​របស់​គណបក្ស​ប្រឆាំង ដោយ​សន្យា​ថា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ក្នុង​ពេល​ខាងឆាប់ៗ​ខាងមុខ។ កាលណោះ លោក​បាន​យល់ព្រម​តាមគណបក្ស​ប្រឆាំង ក៏ព្រោះ​តែ​ចង់​ឲ្យ​គណបក្ស​នេះ​គាំទ្រ​ច្បាប់​ស្តីពី​ការដំឡើង​ពន្ធ​លើ​ការប្រើប្រាស់។
 
ទាក់ទង​នឹង​ប្រាក់បំណុល​រដ្ឋ ជប៉ុន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​វាយតម្លៃថា ជប៉ុន​មាន​បំណុល​ជាតិ ២៣៦​ភាគរយ​នៃ​ផលិតផល​ដុលសរុប គឺ​ប្រមាណ ១០ ពាន់​ពាន់​លាន​អឺរ៉ូ។ ​ប៉ុន្តែ គួរដឹងថា ម្ចាស់បំណុល​ជាង​៩០​ភាគរយ​របស់​រដ្ឋ គឺ​ប្រជាជន​ជប៉ុន ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន ​រហូតមកដល់​សព្វថ្ងៃ រួចផុត​ពី​សម្ពាធ​របស់​អ្នកវិនិយោគ​បរទេស៕

tags: គណបក្សនយោបាយ - ជប៉ុន - ព្រឹទ្ធសភា - វិបត្តិបំណុល - សភា - សេដ្ឋកិច្ច - សេវាសាធារណៈ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close