អានតួអត្ថបទ
ចិន-ជប៉ុន

ជប៉ុន​ព្រមាន​ចិន​ដែល​រឹបអូស​កប៉ាល់​ជប៉ុន​ដើម្បី​ទារ​បំណុល​តាំងពី​សម័យ​សង្រ្គាមលោក

វិបត្តិការទូត​ថ្មីមួយ​ទៀត​បាន​ផ្ទុះឡើង រវាង​ចិន និង​ជប៉ុន ក្រោយ​ពី​ចិន​បាន​រឹបអូស​កប៉ាល់​មួយគ្រឿង​របស់​ក្រុមហ៊ុន​ជប៉ុន ដើម្បី​ទារ​បំណុល​ដែល​ជំពាក់​តាំង​ពី​សម័យ​សង្រ្គាម​លោក។ រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​នៅថ្ងៃ​ចន្ទ​នេះ​ថា ការ​រឹបអូស​កប៉ាល់​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​គោលការណ៍​នៃ​ទំនាក់ទំនង​ចិន-ជប៉ុន​ក្រោយ​សម័យសង្រ្គាម។ គោលការណ៍​ដែល​បាន​ព្រមព្រៀង​គ្នា កាល​ពី​ឆ្នាំ​១៩៧២។

លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន (រូបថតឯកសារ)
លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន (រូបថតឯកសារ) JAPAN-DIPLOMACY/SUGA REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​សៅរ៍​ តុលាការ​ក្រុងសៀងហៃ​បានប្រកាស​រឹបអូស​​កប៉ាល់​ដឹកទំនិញ​​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ឯកជន​ជប៉ុន នៅ​ក្នុង​ក្តីក្តាំ​ពាក់ព័ន្ធ​នឹង​បំណុល​ ដែល​ជំពាក់​តាំង​ពី​ក្នុង​អំឡុង​​ ទសវត្សរ៍​ឆ្នាំ​១៩៣០ នៅ​ពេល​ដែល​​ចិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ជប៉ុន។

យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន ក្តីក្តាំ​នេះ​កើតឡើង​ពី​កិច្ចសន្យា​ចុះតាំង​ពី​៨០ឆ្នាំ​មុន ដែល​ពេលនោះ​ក្រុមហ៊ុន​​ជប៉ុន​​បាន​ជួល​កប៉ាល់​​ចំនួន​២គ្រឿង​របស់​ក្រុមហ៊ុន​ចិន ក៏ប៉ុន្តែ កប៉ាល់​នេះ​ត្រូវ​បាន​ទាហាន​ជប៉ុន​​រឹបអូស​យក​ទៅ​ប្រើ ហើយ​ក្រោយ​មក​ត្រូវ​លិច នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២។

កាលពី​ឆ្នាំ​២០០៧ ​​តុលាការ​ក្រុង​សៀងហៃ​​បាន​ចេញ​សេចក្តីសម្រេច​មួយ​ បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ការ​ខូចខាត​ចំនួន ២៨លាន​ដុល្លារ ទៅតាម​ការ​ទាមទារ​របស់​ក្រុមហ៊ុន​ចិន។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ជប៉ុន​បដិសេធ​មិន​ព្រម​សង ដោយ​លើក​ហេតុផល​ថា កប៉ាល់​ដែល​ជួល​នេះ​ត្រូវ​បាន​កងទ័ព​ជប៉ុន​​រឹបអូស​យក​ទៅ​ប្រើ។

នៅថ្ងៃ​ចន្ទ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​​ព្រមាន​ថា ការ​រឹបអូស​កប៉ាល់​របស់​ក្រុមហ៊ុន​ឯកជន ដោយ​តុលាការ​ចិន​នេះ កំពុងតែ​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទៅដល់​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​ចិន-ជប៉ុន ក្រោយ​សម័យ​សង្រ្គាម។ គោលការណ៍ ដែល​​ប្រទេស​ទាំងពីរ​បានព្រមព្រៀង​គ្នា កាល​ពី​ឆ្នាំ​១៩៧២ ថា​​ចិន​នឹង​មិន​ធ្វើការ​ទាមទារ​សំណង​ណាមួយ​ពី​ជប៉ុន​ ​ទាក់ទង​នឹង​ការ​ខូចខាត​ក្នុង​សម័យ​សង្រ្គាម។

រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ព្រមាន​ផងដែរ​ថា ការរឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ ដោយ​តុលាការ​ចិន​បែបនេះ អាច​នឹង​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មាន​ការ​ខ្លាច​រអារ​​ក្នុងការ​ធ្វើកា​ររកស៊ី នៅ​ក្នុង​ប្រទេស​ចិន។

តួលេខ​របស់​រដ្ឋាភិបាល​ចិន​បង្ហាញ​ថា វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ នៅ​ក្នុង​ប្រទេស​ចិន នៅ​ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០១៤​នេះ បាន​ថយចុះ​រហូត​ដល់​ទៅ ៥០% បើ​ធៀប​ទៅនឹង​ឆ្នាំ​ទៅមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ