អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ស្ហ៊ីនហ្សូ ​អាបេ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ក្របខ័ណ្ឌ​ដំណើរទស្សនកិច្ច​មួយ​ជុំ​តំបន់​អឺរ៉ុប លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​មក​ដល់​ប្រទេស​បារាំង ក្នុង​​​ដំណើរទស្សនកិច្ច​ជាផ្លូវការ រយៈពេល​២ថ្ងៃ ដោយ​ចាប់ផ្តើម​នៅថ្ងៃ​ចន្ទ​នេះ រហូត​ដល់​ថ្ងៃ​អង្គារ​ស្អែក។ នៅ​ក្នុងពេល​ដែល​ជប៉ុន​កំពុង​ប្រឈមមុខ​ជាមួយ​នឹង​ចិន លោក​ស្ហ៊ីនហ្សូ អាបេ កំពុង​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​ទាំង​​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​ការពារជាតិ ​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​វិមាន​ប្រធានាធិបតី​បារាំង ថ្ងៃ​ចន្ទ ៥ឧសភា ២០១៤
លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​វិមាន​ប្រធានាធិបតី​បារាំង ថ្ងៃ​ចន្ទ ៥ឧសភា ២០១៤ Reuters/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច មួយជុំ​តំបន់​អឺរ៉ុប របស់​លោក​ស្ហ៊ីនហ្សូ អាបេ បាន​​ចាប់ផ្តើម​ធ្វើ​ តាំង​ពីថ្ងៃ​ពុធ២៩មេសា ដោយ​លោក​បាន​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ អង់គ្លេស ព័រទុយហ្កាល់ និង​អេស្ប៉ាញ មុននឹង​មក​ដល់​ប្រទេស​បារាំង កាល​ពីរសៀល​ថ្ងៃ​អាទិត្យ។

កាល​ពី​ម្សិលមិញ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ធ្វើ​ដំណើរ​​ជាលក្ខណៈ​ឯកជនទៅ​ទស្សនា​សារមន្ទីរ Louvre ​នៅ​ទីក្រុង​ប៉ារីស​។ ទស្សនកិច្ច​ជា​ផ្លូវការ​បាន​ចាប់ផ្តើម​ នៅ​ព្រឹកថ្ងៃ​ចន្ទ​នេះ ដោយ​លោក​ស្ហ៊ីនហ្សូ អាបេ ​បាន​ជួប​ជជែក​ជាមួយ​លោក​ហ្វ្រង់ស័រ ហូឡង់ មុននឹង​ជួប​ជាមួយ​​​អ្នក​ជំនួញ​បារាំង នៅ​សភាពាណិជ្ជកម្ម​ក្រុងប៉ារីស និង​​ជួប​លោក​ម៉ានុយអ៊ែល វ៉ាល់ស៍ (Manuel Valls) នាយករដ្ឋមន្រ្តី​បារាំង នៅ​ពេល​រសៀល។

នៅថ្ងៃ​អង្គារ​ស្អែក លោក​ស្ហ៊ីនហ្សូ អាបេ ត្រូវ​ថ្លែង​សន្ទុរកថា នៅ​អង្គការ​សហប្រតិបត្តិការ​​និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OCDE) មុននឹង​ចេញ​ដំណើរទៅ​ប៊ែលហ្ស៊ិក ដែល​ជា​ប្រទេស​ចុងក្រោយ នៃ​ដំណើរទស្សនកិច្ច​របស់​លោក។

នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជុំវិញ​តំបន់​អឺរ៉ុប នៅ​ពេលនេះ លោក​ស្ហ៊ីនហ្សូ អាបេ ចង់​​ពង្រឹង​ទំនាក់ទំនង​ជប៉ុន-សហភាព​អឺរ៉ុប​​​ផង និង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​ធំៗ នៅ​ក្នុង​សហភាព​អឺរ៉ុប​ផង។

គោលដៅ​សំខាន់​របស់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ជំរុញ​កិច្ចចរចា​​​លើ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជប៉ុន-សហភាព​អឺរ៉ុប (Japan-EU European Partnership Agreement) ដើម្បី​ឲ្យ​ ​ចេញ​ជា​កិច្ចព្រមព្រៀង​ឆាប់ៗ ​ពីព្រោះ​ថា ​តំបន់​ពាណិជ្ជកម្ម​សេរី​ជប៉ុន-សហភាព​អឺរ៉ុប​នេះ បើ​សិន​ជា​បង្កើត​ឡើង​បាន​មែន វា​នឹង​ក្លាយ​ទៅជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ សម្រាប់​សេដ្ឋកិច្ច​ជប៉ុន ក៏ដូចជា សេដ្ឋកិច្ច​អឺរ៉ុប។ បើ​គិតជា​ទំហំ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម តំបន់​ពាណិជ្ជកម្ម​សេរី​ជប៉ុន-សហភាព​អឺរ៉ុប គឺ​មាន​ប្រហែល​ជា ៤០% នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សរុប​នៅ​ទូទាំង​ពិភពលោក។

គោលដៅ​សំខាន់​មួយទៀត​របស់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារជាតិ។ ​នៅ​ក្នុង​វិស័យ​ការពារជាតិ​នេះ ជប៉ុន​សំឡឹង​ឃើញ​បារាំង​ថា​​អាច​ជា​ប្រទេស​ដៃគូ​មួយដ៏សំខាន់ ដោយសារ​តែ​បារាំង​មាន​បច្ចេកវិទ្យា​យោធា​សំខាន់ៗ ដែល​ជប៉ុន​ត្រូវការ ហើយបារាំង​ក៏​សំឡឹង​ឃើញ​ជប៉ុន​ថា​ជា​ទីផ្សារ​ដ៏សំខាន់​មួយ​ដែរ សម្រាប់​នាំចេញ​បរិក្ខា​យោធា។

គួររំឭកឡើងវិញ​ថា កាល​ពី​ដើម​ឆ្នាំ​២០១៤​នេះ ជប៉ុន និង​បារាំង ក៏​បាន​បើក​ធ្វើ​ជំនួប​ទ្វេភាគី ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​ម្តងរួចមក​ហើយ​ដែរ ដោយ​បាន​ព្រមព្រៀង​គ្នា បង្កើត​ក្រុមការងារ​ពីរ ដើម្បី​ផ្តោះប្តូរ​យោបល់​គ្នា ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​អេឡិចត្រូនិច និង​សន្តិសុខ​នៃ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា និង​មួយ​ទៀត​ ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​យោធា។

ជាទូទៅ គេ​ឃើញ​ថា នៅ​ក្នុង​វិស័យ​ការពារជាតិ​ ជប៉ុន​ពឹងផ្អែក​ខ្លាំង​ទៅលើ​សហរដ្ឋ​អាមេរិក ដោយ​មិនសូវ​ជា​យកចិត្ត​ទុកដាក់​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អឺរ៉ុប ដូចជា អ្វី​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ កំពុង​ធ្វើ​នៅពេលនេះទេ។

ការបារម្ភ​នឹង​ការ​បង្កើន​កម្លាំង​ទ័ព​របស់​ចិន រួមជាមួយ​នឹង​ការបារម្ភ​នឹង​ការធ្លាក់ចុះ​នៃ​អំណាច​របស់​អាមេរិក ទំនង​ជា​មូលហេតុ​ចម្បង ដែល​ជំរុញ​លោក​ស្ហ៊ីនហ្សូ អាបេ ស្វះស្វែង​រក​ប្រទេស​ជា​ជន្ទល់​ផ្សេងៗ​ទៀត ដើម្បី​ចៀសវាង​កុំ​ឲ្យ​ពឹង​តែ​ទៅលើ​អាមេរិក​មួយ។

នាយករដ្ឋមន្រ្តី​ជប៉ុនទំនងជា​​សំឡឹងឃើញ​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប ដូចជា បារាំង ជាដើម ថា​អាច​​ជា​ប្រទេស​ដែល​មាន​ផលប្រយោជន៍​រួម​ជាមួយ​ជប៉ុន​ក្នុង​ការ​ទប់ទល់​នឹង​ចិន។ បារាំង គឺ​ជា​ ​អតីត​មហាអំណាច​អាណានិគម ដែល​មាន​ឥទ្ធិពល​ចាក់ឫស​នៅ​អាហ្វ្រិក​តាំង​ពីយូរ​មក​ហើយ ប៉ុន្តែ បច្ចុប្បន្ន​កំពុងតែ​ប្រឈមមុខ​នឹង​ការកើនឡើង​ខ្លាំង​នៃ​ឥទ្ធិពល​ចិន នៅ​អាហ្វ្រិក។ ចំណែក​ជប៉ុនវិញ​ក៏​កំពុងតែ​បោះជំហាន​​ចូល​មក​ប្រជែង​ជាមួយ​ចិន​នៅ​អាហ្វ្រិក​ដែរ ដើម្បី​ស្វះស្វែង​រក​ប្រភព​ផ្គត់ផ្គង់​ប្រេង និង​វត្ថុធាតុដើម ក៏ដូចជា ស្វែងរក​ទីផ្សារ ដើម្បី​លក់​ផលិតផល​របស់​ជប៉ុន។ ដូច្នេះ លោក​ស្ហ៊ីនហ្សូ អាបេ សំឡឹង​ឃើញ​បារាំង​ថា អាច​ជា​ដៃគូ ​ដែល​អាច​សហការ​គ្នា ដើម្បី​​​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​នៅ​អាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ